បញ្ហាសម្រស់សព្វថ្ងៃ ក្រៅពីមុន ជាំ អុចខ្មៅ គឺបញ្ហាជ្រុះសក់ហ្នឹងឯង អ្នកដែលមានបញ្ហាជ្រុះសក់រាល់ថ្ងៃ ជ្រុះខ្លាំងៗ គាត់តែងតែបន្ទោសទៅលើសាប៊ូ ថាមកពីកក់សាប៊ូខុសទើបធ្វើឱ្យសក់របស់គាត់ជ្រុះ។ ប៉ុន្តែវាមានកត្តារួមផ្សំច្រើនដែលធ្វើឱ្យសរសៃសក់របស់យើងខ្សោយរហូតឈានទៅដល់ការជ្រុះខ្លាំង។
ជាការពិតណាស់ យោងតាមការចុះផ្សាយលើគេហទំព័រ NDTV Food លោកស្រី Tanya Sharma អ្នកជំនាញអាហារូបត្ថម្ភបានឱ្យដឹងថា មូលហេតុធំដែលធ្វើឱ្យសក់ជ្រុះក្រៅពីសាប៊ូ គឺរបបអាហារ។ អាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញជីវជាតិដល់រាងកាយនិងសរសៃសក់ កាយណាអ្នកញ៉ាំអាហារមិនបានត្រឹមត្រូវរាងកាយរបស់អ្នកខ្វះជីវជាតិ ខ្វះវីតាមីន ធ្វើឱ្យគល់សក់របស់អ្នកទន់ខ្សោយជ្រុះទាំងដៃៗ។ ជាពិសេសអាហារ៥មុននេះ បើអ្នកនៅតែបន្តញ៉ាំកាន់តែច្រើន ជាតិនេះអ្នកគ្មានថ្ងៃមានសក់ក្រាស់ដូចគេទេ សក់អ្នកនឹងជ្រុះមិនចេះឈប់៖
១. ស៊ុតឆៅ៖ ស៊ុតប្រសិនជាអ្នកចម្អិនវាឱ្យបានឆ្អឹនហើយយកមកញ៉ាំក្នុងបរិមាណសមស្របគឺ១ថ្ងៃ១ទៅ២គ្រាប់ គឺជាជំនួយច្រើនទៅដល់សរសៃសក់ ជួយឱ្យសក់រឹងមាំ លូតលាស់បានល្អ។ ប៉ុន្តែប្រសិនជាអ្នកចូលចិត្តញ៉ាំស៊ុតឆៅដូចជា ស៊ុតស្ងោមិនសូវឆ្អិន ស៊ុតចៀនមិនសូវឆ្អិន ឬស៊ុតជ្រក់ ស៊ុតសឆៅអាចបង្កឱ្យមានកង្វះសារធាតុ biotin ដែលជាវីតាមីនដែលជួយក្នុងការផលិត keratin របស់សក់ ធ្វើឱ្យសក់ជ្រុះច្រើនបំផុត។
២. គ្រឿងស្រវឹង៖ ជាតិអាល់កុលមានឥទ្ធិពលអវិជ្ជមានលើការសំយោគប្រូតេអ៊ីន ហើយអាចនាំឱ្យសក់កាន់តែខ្សោយ និងគ្មានពន្លឺ។ ម្យ៉ាងទៀត ការផឹកស្រាច្រើនអាចបង្កើតអតុល្យភាពអាហារូបត្ថម្ភ និងបណ្តាលឱ្យបាត់បង់ជាតិ keratin។ កាលណាសរសៃសក់បាត់បង់ជាតិ keratin ទោះអ្នកខំកក់សាប៊ូថ្លៃយ៉ាងណាក៏មិនបាត់ជ្រុះដែរ។
៣. ត្រីសមុទ្រ៖ ប្រភេទត្រីដែលរស់នៅក្នុងទឹកប្រៃជាត្រីដែលមានផ្ទុកជាតិបារតខ្ពស់។ ជាបារតគឺមានប្រតិកម្មជាមួយសរសៃសក់ កាលណាអ្នកព្យាយាមញ៉ាំជាតិបារតច្រើនសរសៃសក់របស់អ្នកកាន់តែចុះខ្សោយ សក់គ្មានសំណើម គ្មានជីវជាតិ គល់សក់ទន់ខ្សោយឆាប់ជ្រុះបំផុត។ ដូច្នេះចំពោះប្រភេទត្រីដែលរស់នៅក្នុងទឹកប្រៃអ្នកគួរតែកាត់បន្ថយញ៉ាំ បើមិនចង់ឱ្យសក់ជ្រុះខ្លាំង។
៤. អាហារលើសជាតិស្ករ៖ លោកវេជ្ជបណ្ឌិត Shainhouse បានពន្យល់ថា អាហារដែលមានកម្រិតជាតិស្ករជាតិស្ករខ្ពស់អាចធ្វើឱ្យលោកអ្នកងាយប្រឈមនឹងការឡើងគីឡូ នៅពេលអ្នកឡើងគីឡូធ្វើឱ្យសរីរាង្គក្នុងខ្លួនអ្នកប្រែប្រួល មាឌអ្នកធំស្បែកយារនិងឆាប់ចាស់។ បន្ថែមពីនេះ ជាតិស្ករនឹងធ្វើឱ្យស្បែកឆាប់បាត់បង់កូឡាជែន ដូចនេះធ្វើឱ្យស្បែកគ្មានភាពភ្លឺស្រស់ថ្លា បន្ថែមពីនេះ នឹងធ្វើឱ្យសរសៃសក់របស់អ្នកងាយនឹងជ្រុះទៀតផង។
គូសបញ្ជាក់ផងដែរថា ចំពោះអ្នកដែលកំពុងមានបញ្ហាជ្រុះសក់ស្រាប់រឹតតែចាំបាច់ត្រូវតមអាហារទាំង៤ខាងលើ។ ហើយចំពោះអ្នកដែលមានសរសៃសក់រឹងមាំធម្មតាក៏គួរតែប្រយ័ត្ន ប្រសិនអ្នកព្យាយាមញ៉ាំអាហារដែលមានសារធាតុប្រឆាំងជាមួយសរសៃសក់កាន់តែច្រើន មិនយូរមិនឆាប់សក់របស់អ្នកនឹងជួបបញ្ហាជ្រុះមិនខាន៕
អត្ថបទដោយ៖ មឿន គន្ធា