ពិតណាស់ ការប្រើប្រាស់ថ្នាំសម្រកគីឡូគឺអាចធ្វើឱ្យយើងស្រកគីឡូពិតមែនពីព្រោះថ្នាំទាំងអស់នោះភាគច្រើនផ្សំពី សារធាតុផ្សំមួយចំនួន (chickweed, bee pollen, fennel) ជួយទប់ស្កាត់ការឃ្លានអាហាររបស់អ្នក។ សារធាតុ (psyllium) ធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែតមុនពេលញ៉ាំ។ សារធាតុ (ជាតិកាហ្វេអ៊ីន, ហ្គារ៉ាណា, ស៊ីណេហ្វីន) ធ្វើឱ្យបង្កើនល្បឿនការរំលាយអាហារ។ សារធាតុ (chondritin) ជួយរក្សារាងកាយរបស់អ្នកពីការស្រូបយកជាតិខ្លាញ់ក្នុងអាហារដែលអ្នកញ៉ាំ។
មួយវិញទៀត បើតាមប្រសាសន៍របស់ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់ឱ្យដឹងថា មុនពេលបងប្អូនសម្រេចចិត្តប្រើប្រាស់ថ្នាំសម្រកទម្ងន់គួរតែពិនិត្យឱ្យបានច្បាស់ ចៀសវាងកុំប្រើប្រាស់ប្រភេទថ្នាំសម្រកគីឡូបានលឿនទាំង ៦ប្រភេទខាងក្រោមនេះឱ្យសោ៖
១. ថ្នាំ Ephedra
ថ្នាំនេះត្រូវបានលក់យ៉ាងទូលំទូលាយ ហើយគេយកវាទៅធ្វើជាធាតុផ្សំនៅក្នុងអាហារបំប៉ន ឱសថរុក្ខជាតិចិន ephedra ប៉ុន្តែត្រូវបានគេហាមឃាត់មិនឱ្យប្រើប្រាស់បន្តក្នុងឆ្នាំ ២០០៤ ដោយសារតែភស្តុតាងដែលថាការប្រើប្រាស់ថ្នាំនេះ អាចបង្កើនហានិភ័យនៃការគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះក៏នៅមានក្រុមហ៊ុនផលិតថ្នាំសម្រកមួយចំនួនយកវាមកធ្វើជាសារធាតុផ្សំដែរ តែគេមិនបានបញ្ជាក់ប្រាប់ទើបច្បាប់គ្មានសិទ្ធចាប់។
២. ថ្នាំ Hydroxycut
ថ្នាំនេះបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរដល់តម្រងនោម ថ្លើម និងសរីរាង្គសំខាន់ៗផ្សេងទៀត។ ផលិតផល Hydroxycut ត្រូវបានហាមឃាត់ឈប់ឱ្យដំណើរការលើទីផ្សារក្នុងឆ្នាំ២០០៩ ដោយសារតែមានរបាយការណ៍អំពីប្រតិកម្មមិនល្អ រួមទាំងជំងឺរលាកថ្លើម និងជម្ងឺខាន់លឿង។ មនុស្សម្នាក់ដែលលេបថ្នាំបំបាត់ជាតិខ្លាញ់ទាំងនេះបានស្លាប់ ម្នាក់ទៀតត្រូវប្តូរថ្លើម។
៣. ថ្នាំ Fen-Phen
ថ្នាំ Fen-Phen ត្រូវបានហាមឃាត់ឈប់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ១៩៩០ ក្រោយពីគេរកឃើញថាថ្នាំនេះផលិតឡើងពីសារធាតុផ្សំ Fenfluramine ជាសារធាតុមួយធ្វើឱ្យប៉ះពាល់ខ្លាំងដល់ បេះដូង និងជំងឺសួត។
៤. ថ្នាំ Meridia
ថ្នាំ Meridia ត្រូវបានដកចេញពីទីផ្សារក្នុងឆ្នាំ ២០១០ បន្ទាប់ពីការសិក្សាស្រាវជ្រាវបានបង្ហាញថាថ្នាំនេះអាចបង្កើនហានិភ័យនៃការគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ យោងតាមវិទ្យាស្ថានសុខភាពជាតិ ស៊ីប៊ូត្រាមីន ដើមឡើយត្រូវបានចេញវេជ្ជបញ្ជាជាថ្នាំបំបាត់ចំណង់អាហាររយៈពេលវែង និងដំណោះស្រាយគ្រប់គ្រងទម្ងន់។ ក្រុមហ៊ុនផលិតបានបញ្ឈប់ការផលិតដោយស្ម័គ្រចិត្តបន្ទាប់ពី Meridia ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភស្តុតាងនៃការខូចខាតសរសៃឈាមបេះដូង។
៥. ថ្នាំ Sibutramine
ថ្នាំសម្រកទម្ងន់ Sibutramine ត្រូវបានគេហាមឃាត់ដោយសារតែទំនាក់ទំនងរបស់វាជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺលើសឈាម ការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
Rimonabant៖ ថ្នាំបំបាត់ចំណង់អាហារ មិនត្រូវបានអនុញ្ញាតអោយប្រើនៅសហរដ្ឋអាមេរិកទេ។
៦. ថ្នាំ Phenolphthalein
ជាថ្នាំដែលអាចបង្កមហារីក FDA បានចេញការព្រមានដល់អ្នកប្រើប្រាស់កុំឱ្យទិញថ្នាំគ្រាប់នៅក្នុងបញ្ជីផលិតផលដែលខូច ទោះយ៉ាងណាក៏ដោយ ភ្នាក់ងារនេះមិនអាចសាកល្បងរាល់ផលិតផលថ្មីនៅលើទីផ្សារបានទេ។ មធ្យោបាយដ៏ល្អបំផុតដើម្បីធានាសុវត្ថិភាពរបស់អ្នកគឺត្រូវពិគ្រោះជាមួយអ្នកជំនាញថែទាំសុខភាពមុនពេលអ្នកទទួលទានអាហារបំប៉នសម្រកទម្ងន់ណាមួយ។
ជាមួយគ្នានេះដែរបើតាមការបញ្ជាក់បន្ថែមពីវេជ្ជបណ្ឌិត គួច ម៉េងលី បានប្រាប់ថា ចំពោះអ្នកដែលធាត់លើសគីឡូ ហើយចង់ស្រកគីឡូគួរតែទៅជួបគ្រូពេទ្យជំនាញដើម្បីពិគ្រោះយោបល់ឱ្យបានត្រឹមត្រូវ ជៀសវាងការប្រើប្រាស់ថ្នាំសម្រកតាមៗគ្នាដោយគ្មានវេជ្ជបញ្ជា ពីព្រោះថាថ្នាំសម្រកទាំងនោះវានឹងទៅសម្លាប់សារពាង្គរបស់យើងបន្តិចៗប្រសិនជាយើងប្រើប្រាស់មិនបានត្រឹមត្រូវ៕
អត្ថបទដោយ៖ មឿន គន្ធា