បច្ចុប្បន្ននេះអ្នករងគ្រោះដោយសារជំងឺបេះដូងមានមិនតិចនោះទេ ហើយវាមានមូលហេតុចម្បងមួយដែលធ្វើឱ្យស្ទះសរសៃឈាម។ នៅពេលដែលសរសៃឈាមត្រូវបានស្ទះដោយសារតែកូលេស្តេរ៉ុល បន្ទះ ឬស្រទាប់ខ្លាញ់ លំហូរឈាមទៅកាន់បេះដូង និងសរីរាង្គផ្សេងទៀតត្រូវបានរឹតបន្តឹង។ កត្តាទាំងនេះមានហានិភ័យខ្ពស់ដែលធ្វើឱ្យមានការគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងបញ្ហាសរសៃឈាមបេះដូងផ្សេងទៀត។ អ្នកឯកទេសអាហារូបត្ថម្ភបានលើកឡើងថា ផ្លែឈើ និងបន្លែ ដែលមានពណ៌ក្រហម គឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងសារធាតុរ៉ែ ដែលជួយលើកកម្ពស់មុខងារបេះដូង ក៏ដូចជាទប់ស្កាត់ការស្ទះសរសៃឈាម។ ផ្អែកតាមគេហទំព័រសុខភាព The Healthsite អាហារពណ៌ក្រហម ៦ គឺល្អបំផុតសម្រាប់សុខភាពបេះដូង៖
១. ប៉េងប៉ោះ៖ ប៉េងប៉ោះ ជាអាហារដ៏ល្អបំផុតមួយ ដែលជំនួយដល់បេះដូង។ ព្រោះប៉េងបោះមានផ្ទុកនូវបរិមាណដ៏ច្រើននៃសារធាតុ lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាពដែលអាចកាត់បន្ថយ LDL (កូលេស្តេរ៉ុលអាក្រក់) នៅក្នុងខ្លួន និងអាចការពារបន្ទះក្នុងសរសៃឈាម។ សារធាតុ Lycopene ក៏ជួយការពារការរលាកក្នុងរាងកាយ ក៏ដូចជាការពារកោសិកាពីការបំផ្លាញផងដែរ។
២. ផ្លែស្ត្របឺរី៖ ស្ត្របឺរី មានរសជាតិឆ្ងាញ់ ហើយថែមទាំងមានអត្ថប្រយោជន៍ជំនួយដល់បេះដូងទៀតផង។ ពួកវាផ្ទុកនូវវីតាមីន C ជាតិសរសៃ និងសារធាតុ flavonoids ដែលជួយដល់ដំណើរការនៃការទប់ស្កាត់ភាពតានតឹងអុកស៊ីតកម្ម និងកាត់បន្ថយសម្ពាធឈាម។ ការស្រាវជ្រាវត្រូវបានធ្វើឡើងថា ការទទួលទានផ្លែស្ត្របឺរីញឹកញាប់អាចបង្កើនប្រសិទ្ធភាពនៃសរសៃឈាម និងការពារការកកឈាម។ អ្នកអាចយកផ្លែស្ត្របឺរីស្រស់ធ្វើជាទឹកក្រឡុក ឬចម្អិនវាជាម្សៅអូត ឬយកវាធ្វើជាអាហារសម្រន់ និងនាំឱ្យមានសុខភាពល្អ។
៣. ផ្លែប៉ោមក្រហម៖ ញុំាផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃល្អដល់សុខភាព អស់បារម្ភរឿងទៅជួបគ្រូពេទ្យញឹកញាប់ល្អបំផុតសម្រាប់បេះដូង។ ជាតិសរសៃរលាយ ដែលមាននៅក្នុងផ្លែប៉ោមក្រហមជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល។ ពួកវាក៏សម្បូរទៅដោយសារធាតុ polyphenols ដែលប្រឆាំងនឹងរ៉ាឌីកាល់សេរី ក៏ដូចជាកាត់បន្ថយការរលាកបានដែរ។ ការទទួលទានផ្លែប៉ោមជាប្រចាំអាចកាត់បន្ថយឱកាសនៃជំងឺក្រិនសរសៃឈាម ដែលសរសៃឈាមប្រែជារឹង និងរួមតូច។ អ្នកគួរតែរំលឹកខ្លួនឯងឱ្យញ៉ាំផ្លែប៉ោមទាំងសំបករបស់វា ព្រោះភាគច្រើននៃសារធាតុប្រឆាំងអុកស៊ីតកម្មនិងជាតិសរសៃមានច្រើននៅសំបក។ ប៉ុន្តែត្រូវចាំមុនញុំាត្រូវសម្អាតវាឱ្យបានស្អាតជាមុនសិន។
៤. ទំពាំងបាយជូក្រហម៖ ទំពាំងបាយជូ រួមទាំងទំពាំងបាយជូក្រហម និងស្វាយ មានភាពល្បីល្បាញដោយសារសមាសធាតុការពារបេះដូង ដូចជាសារធាតុ resveratrol និង flavonoids ។ សារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិទាំងនេះជួយបង្កើនចរន្តឈាម និងរារាំងការកកឈាម ក៏ដូចជាផ្តល់អត្ថប្រយោជន៍ដល់សម្ពាធឈាមផងដែរ។ ទំពាំងបាយជូក្រហមក៏អាចកាត់បន្ថយការរងរបួសដល់ជញ្ជាំងសរសៃឈាម ដូច្នេះការពារការស្ទះ។ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដ៏ល្អទាំងនេះ គួរតែញុំា ឬផឹកទឹកទំពាំងបាយជូរស្រស់ មិនគួរផឹកទឹកទំពាំងបាយជូរដែលមានជាតិស្ករបន្ថែមនោះទេ។
៥. ឪឡឹក៖ ឪឡឹកជួយដល់បេះដូង ក្រៅពីជាសារធាតុផ្តល់សំណើមដ៏មានប្រយោជន៍។ វាត្រូវបានផ្សំឡើងពី citrulline ដែលជាអាស៊ីតអាមីណូមានប្រយោជន៍ក្នុងការបន្ធូរសរសៃឈាម និងបង្កើនលំហូរឈាម។ បរិមាណលីកូពីនដ៏ច្រើនរបស់វាក៏កាត់បន្ថយភាពតានតឹងអុកស៊ីតកម្ម និងបន្ថយកម្រិតកូឡេស្តេរ៉ុលផងដែរ។ ការទទួលទានផ្លែឪឡឹកជាញឹកញាប់ផ្តល់អត្ថប្រយោជន៍ដល់សរសៃឈាមដែលមានសុខភាពល្អ ហើយវាអាចជួយក្នុងការកាត់បន្ថយឱកាសនៃការគាំងបេះដូង។
៦. ម្ទេសប្លោកក្រហម៖ ម្ទេសប្លោកក្រហមមានផ្ទុកនូវវីតាមីន A, C, និង E ក៏ដូចជាប៉ូតាស្យូម និងសរសៃ ដែលធ្វើឱ្យពួកវាក្លាយជាថាមពលដ៏អស្ចារ្យ។ ពួកវាជួយក្នុងការកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ គ្រប់គ្រងសម្ពាធឈាម និងចរន្តឈាម។ សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងពួកវាគ្របដណ្តប់ជញ្ជាំងសរសៃឈាមដើម្បីការពារគ្រោះថ្នាក់នៃបន្ទះដែលអាចនាំឱ្យខូចជញ្ជាំងសរសៃឈាមនិងគាំងបេះដូង។
យ៉ាងណាមិញ ប្រភេទអាហារដែលបានរៀបរាប់មកនេះគ្រាន់តែជាមួយផ្អែកដែលអាចជួយសម្រួលដល់សុខភាពរបស់អ្នកប៉ុណ្ណោះ តែវាមិនបានកំណត់ថាជាថ្នាំទិព្វនោះទេ។ ព្រោះសុខភាពរបស់មនុស្សយើងគឺមានលក្ខណៈខុសៗពីគ្នា ដូច្នេះបើអ្នកពិតជាមានសុខភាពបេះដូងពិតមែន ត្រូវតែទៅជួបគ្រូពេទ្យជំនាញដើម្បីតាមដាន និងធ្វើការព្យាបាលឱ្យបានត្រឹមត្រូវ៕
អត្ថបទដោយ៖ សារួ