ជំងឺគ្រុនពោះវៀនជាភាសាបច្ចេកទេសហៅថា Typhoid Fever ជាប្រភេទជំងឺបង្កដោយបាក់តេរី។ យោងតាមរយៈអង្គការសុខភាពពិភពលោកWHOបានឱ្យដឹងថាគិតត្រឹមឆ្នាំ២០១៩មានអ្នកកើតជំងឺគ្រុនពោះវៀន៩លាននាក់ និងមានអ្នកស្លាប់ដោយសារជំងឺនេះប្រមាណ១១ម៉ឺននាក់។ តាមមន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ថា នេះជាមូលហេតុ និងរោគសញ្ញាជំងឺគ្រុនពោះវៀន។
ជំងឺគ្រុនពោះវៀនជាជំងឺឆ្លង ដែលអាចគំរាមគំហែងដល់អាយុជីវិតរបស់អ្នកជំងឺបាន ប្រសិនបើគាត់មិនបានទទួលការព្យាបាលទាន់ពេលវេលា និងត្រឹមត្រូវ។ ជំងឺនេះបង្កដោយមេរោគ បាក់តេរីឈ្មោះ Salmonella enterica (typhi , Paratyphi) ។
ក. ការចំលងរោគ៖ ជំងឺគ្រុនពោះវៀនឆ្លងតាមរយៈការបរិភោគទឹក ឬអាហារដែលមានផ្ទុកនូវពពួកមេរោគ Salmonella enterica (typhi , Paratyphi) ។
ខ) រោគសញ្ញា៖ អ្នកជំងឺដែលកើតជំងឺនេះ មានរោគសញ្ញាដូចខាងក្រោមៈ
១. ក្តៅខ្លួន ដែលសីតុណ្ហភាពអាចដល់ 39 – 40 អង្សារ ២. ភាពមិនស៊ីចង្វាក់គ្នារវាងកំដៅ និងជីពចរ
៣. អស់កំលាំង ៤. ឈឺក្បាលខ្លាំង ៥. ចង្អោរ ៦. ពិបាកបន្ទោរបង់ រឺរាគរូស
៧. មានករណីតិចតួចដែលមានសញ្ញាកន្ទួលក្រហមនៅលើស្បែក ជាពិសេសស្បែកពោះ។
គ) ការធ្វើរោគវិនិច្ឆ័យ
១.ការសាកសួរ និងការពិនិត្យអ្នកជំងឺឲ្យបានច្បាស់លាស់ ជាជំហានដែលសំខាន់។
២. ការពិនិត្យឈាម និងការបណ្តុះមេរោគដើម្បីទទួលបាននៅប្រភេទមេរោគ ព្រមទាំងថ្នាំសម្លាប់មេរោគឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។
៣. ការពិនិត្យលាមក ក៏មានសារៈប្រយោជន៍សំរាប់ការស្វែងរកប្រភេទមេរោគដែរ តែយើងសង្កេតឃើញថា ការដុះរបស់មេរោគមានកំរិតទាប។
ឃ) វិធីសាស្ត្រនៃការព្យាបាល៖ ១. អ្នកជំងឺចាំបាច់ត្រូវការការព្យាបាលថ្នាំអង់ទីប៊្យូទីក (Antibiotic) សំរាប់សំលាប់មេរោគ Salmonella
២. រយៈពេលនៃការព្យាបាល អាស្រ័យទៅលើស្ថានភាពរបស់អ្នកជំងឺ (មិនសូវធ្ងន់ធ្ងរ ឬធ្ងន់ធ្ងរ)
៣. ការស្វែងរកប្រភេទមេរោគ ពិតជាមានសារៈសំខាន់សំរាប់ការព្យាបាល។
ង) វិធីបង្ការ៖ ១. បង្កើនទំលាប់ក្នុងការធ្វើអនាម័យ ជាពិសេសលាងដៃ នឹងសាប៊ូក្រោយពេលបន្ទោរបង់រួច និងមុនពេលទទួលទានអាហារ។
២. ត្រូវទទួលទានទឹកស្អាត និងបរិភោគចំណីអាហារដែលឆ្អិនល្អ។
៣. វ៉ាក់សាំងការពារមេរោគ Salmonella enterica (typhi) មានពីរប្រភេទ៖ ប្រភេទលេប និងប្រភេទចាក់សាច់ដុំ។
គេសង្កេតឃើញថាប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រភេទនេះ អាចការពារបានត្រឹមតែ ៥០% ទៅ ៦០% តែប៉ុណ្ណោះ ដូច្នេះហើយការធ្វើអនាម័យដោយលាងដៃនឹងសាប៊ូ ព្រមទាំងទទួលទានទឹកស្អាត ហើយអាហារដែលចម្អិនបានឆ្អិនល្អ នៅតែជាការការពារដ៏ចម្បង។ “ប្រសិនលោកអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមអញ្ជើញមកជួបជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីពិគ្រោះនិងធ្វើរោគវិនិច្ឆ័យ ដែលឈានទៅរកការព្យាបាលត្រឹមត្រូវ និងប្រសិទ្ធភាព៕