យោងតាមមូលនិធិវិទ្យាសាស្ត្រ គេបានរកឃើញថាមនុស្សជាមធ្យមមានគំនិតប្រហែល ១២,០០០ទៅ៦០,០០០ក្នុង១ថ្ងៃ។ ក្នុងចំណោមគំនិតដែលពួកគេគិតទាំងនោះ ៨០%គឺជាគំនិតអវិជ្ជមានហើយ៩៥% គឺជាគំនិតគិតដដែលៗ នេះបើយើងតាមការឱ្យដឹងពីpowerofpositivity។ ដោយសារតែគំនិតអវិជ្ជមានជាច្រើនបានចាក់ចូលជ្រៅក្នុងខួរក្បាល ចិត្តគំនិតរបស់មនុស្សស្ទើរតែគ្រប់គ្នាបែបនេះហើយ ធ្វើឱ្យពីម្នាក់ៗឱ្យតែងទន្ទេញតែសម្ពាធ ការលំបាក មើលងាយ មិនពេញចិត្តនិងខ្លួនឯង វិលវល់ សោកសៅ គ្មានទិញដៅ ដូចជាពិភពលោកអ្នកគ្មានកន្លែងណាអាចតាំងលំនៅបាន។
រឿងទាំងអស់នេះ កើតឡើងបានដោយសារបុគ្គលម្នាក់នោះ មិនបានមើលឱ្យពីគុណតម្លៃរបស់ខ្លួនឯង សរសើរតែអ្នកដទៃ ឃើញគេល្អ ពូកែ បែរជាជេរស្ដីខ្លួនឯងវិញថាគ្មានបាន គិតយូរៗមានអារម្មណ៍ថាខួរស្ពឹក គិតអ្វីមិនចេញ ចេញតែរឿងអវិជ្ជមាន ហើយក៏ចាប់ផ្ដើមផ្តេកផ្ដួលខ្លួនឱ្យធ្លាក់ចូលអន្លង់បាក់ទឹកចិត្តម្ដងបន្តិចៗ។ បើនិយាយទៅពេលខ្លះសាមីខ្លួនផ្ទាល់ក៏មិនចង់បែបនេះដែរ វាពិតជាពិបាកទ្រាំ ពិបាកទាញខ្លួនឯងចេញពីគំនិតអវិជ្ជមានទាំងនោះ ពិតជាមានអារម្មណ៍ថាហត់ លែងចង់រស់បែបនេះទៀតហើយ។
ខួរក្បាលជារបស់យើង ចិត្តក៏ជារបស់យើង ហេតុនេះកុំឱ្យវាបញ្ជាយើង តែយើងត្រូវតែជាម្ចាស់ ហើយបញ្ជាវាវិញឱ្យបាន។ តោះចាកចេញពីភាពងងឹតសោកសៅទាំងនេះជាមួយគ្នា។ ខាងក្រោមនេះក៏ជាវិធីដែលជួយអ្នកបង្វឹកខួរក្បាលឱ្យគិតរឿងវិជ្ជមាន ដើរចេញពីសម្ពាធផ្លូវចិត្ត ធ្វើរឿងមានប្រយោជន៍សម្រាប់ខ្លួនឯងឡើងវិញ៖
ភាសានិយាយទៅកាន់ខ្លួនឯង៖ មនុស្សមិនចូលចិត្តគេបញ្ជោរ តែក៏មិនចូលចិត្តស្ដាប់ពាក្យបង្អាប់ដែរ។ ហេតុនេះ វាគ្មានហេតុផលអ្វីដែលអ្នកត្រូវ និយាយតែរឿងមិនល្អរបស់ខ្លួនឯងប្រាប់ទៅខ្លួនឯងទេ។ បើអ្នកកើតមកមិនមានស្បែកស ហេតុអ្វីត្រូវប្រាប់ខ្លួនឯងថា អាក្រក់ណាស់ ខ្មៅណាស់ ម៉េចមិនសស្អាតដូចគេ? ហេតុអ្វីមិនប្តូរមកវិញ មើលលើកន្លែងដែលខ្លួនឯងមានផង ស្បែកមិនស ហោចណាស់អ្នកមានស្បែកដែលមានសុខភាពល្អ អាចមានទម្រង់មុខស្អាត មានសក់ស្អាត មានចំណុចល្អច្រើន ហើយចំណុចល្អរបស់អ្នក មានគុណសម្បត្តិច្រើនទៀត មិនប្រាកដថាអ្នកដែលស្បែកសមានដូចអ្នកទេ។ មនុស្សម្នាក់ៗមានចំណុចល្អរៀងៗខ្លួន ហើយក៏ជាចំណុចល្អដែលមានតែ១ប៉ុណ្ណោះជារបស់ខ្លួនឯង គ្មាននរណាមានដូចឡើយ។ ប្តូរភាសានិយាយមកកាន់ខ្លួនឯង ពីពាក្យមិនល្អ មកជាល្អ មិនមានមកជាមាន ពេលដែលមើលឃើញពីតម្លៃខ្លួនឯងហើយ គ្មានឡើយពេលអង្គុយតូចចិត្តប្រៀបខ្លួនឯងទៅនឹងគេ។
អ្នកមិនល្អឥតខ្ចោះ តែអ្នកល្អគ្រប់គ្រាន់៖ មហាសេដ្ឋីភាគច្រើនលើពិភពលោក កើតចេញពីក្រុមគ្រួសារក្រខ្សត់ ធ្លាប់លំបាក ធ្លាប់ហត់ដូចជាពួកយើងរាល់ថ្ងៃអ៊ីចឹង។ ពេលកើតជាសេដ្ឋីហើយ ពួកគេក៏នៅតេជួបបញ្ហាជាច្រើនដូចគ្នា ប៉ុន្តែពួកគេនៅតែអាចចែករំលែកផ្នត់គំនិតល្អៗ ដែលបានមកពីភាពបរាជ័យនិងបញ្ហាទាំងនោះ ជាគន្លឹះដោះស្រាយបញ្ហាឱ្យមនុស្សជាច្រើនទៀតបាន។ ចាំណាគ្មាននរណាពូកែឥតទាស់ មិនជួបការលំបាក បើថ្ងៃនេះអ្នកមិនជោគជ័យ ថ្ងៃថ្មីនឹងល្អសម្រាប់អ្នក អ្នកមិនបានល្អឥតខ្ចោះ តែអ្នកនៅតែមានចំណុចល្អមួយដែលអ្នកដទៃប្រាថ្នាចង់បានដូច។ មានស្ដង់ដារជីវិតជារបស់ខ្លួនឯង ចេះទទួលយក ចេះទទួលខុសត្រូវ ចេះគ្រប់គ្រាន់ ជីវិតអ្នកនឹងលែងសោកសៅទៀតហើយ។
រុំភាពវិជ្ជមានឱ្យខួរក្បាល៖ កុំមើលរឿងអវិជ្ជមាន កុំនៅក្បែរមនុស្សអវិជ្ជមាន កុំធ្វើរឿងអវិជ្ជមាន។ ក្នុងបណ្ដាញសង្គម មានរឿងជាច្រើនប្រមូលផ្ដុំគ្នាទាំងល្អនិងអាក្រក់ អ្នកមើលអ្វីច្រើន ខួរក្បាលអ្នកនឹងស្រូបរឿងទាំងនោះច្រើនដូចគ្នា។ ចង់ក្លាយជាអ្នកមាន នៅក្បែរអ្នកមាន មើលអ្នកមានឱ្យបានច្រើន។ ដូចគ្នាដែរ ចង់ឱ្យខួរក្បាលសប្បាយ កុំនាំតែរឿងមិនល្អចូល ត្រូវផ្សាំខួរក្បាលជាមួយរឿងវិជ្ជមាន អានសៀវភៅបង្កើនគំនិតបន្ថែមកាន់តែល្អ។ ការអានជាប្រភពនៃចំណេះដឹងឥតព្រំដែនមួយ អាចជួយបង្កើនគុណភាពIQ បាន។ យោងតាមtimesofindia ការស្រង់ទម្លាប់របស់មនុស្សដែលមានIQខ្ពស់ ទម្លាប់ធំ១របស់ពួកគេមានមានបណ្ណាល័យផ្ទាល់ខ្លួន នោះគឺពួកគេចូលចិត្តចំណាយពេលក្នុងការអានសៀវភៅដើម្បីសំលៀងភាពវៃឆ្លាត ឱ្យពួកគេគិតបានលឿន រហ័ស និងមានគំនិតថ្មី។
ចង់ឱ្យខួរក្បាលអ្នកចេះគ្រប់គ្រាន់ មានតែរឿងល្អៗ មិនស្ត្រេស ស្មុគស្មាញច្រើន អាចគិតលឿនរហ័ស គិតចេញគំនិតថ្មីៗ ត្រូវចាប់ផ្ដើមពីខ្លួនឯង ប្រើភាសាវិជ្ជមានដាក់ខ្លួនឯង រៀនទទួលស្គាល់ចេះគ្រប់គ្រាន់ និងនៅក្បែរភាពវិជ្ជមាន ស្រួបចំណេះ ដើម្បីសំលៀងខួរក្បាលឱ្យកាន់តែឆ្លាត៕
អត្ថបទដោយ៖Senghong