ចង់បានស្បែកស្អាត ម្នាក់ៗអាចនឹងសម្រុកលាបឡេច្រើនដងណាស់ក្នុងមួយថ្ងៃ ប៉ុន្តែមិនប្រាកដថាការលាបឡេ ច្រើនដងអាចធ្វើឱ្យស្បែកយើងមានសំណើម ភ្លឺថ្លា រលោងស្អាតបាននោះទេ ស្រួលមិនស្រួលអាចបង្កឱ្យឡើងអាចម៍រុយលើស្បែកថែមទៀត ប្រសិនយើងមិនដឹងពីរបៀបលាបឱ្យបានត្រឹមត្រូវ។
សម្រាប់ពេលវេលានៃការលាបឡេ បងប្អូនអាចលាបបានទាំងពេលព្រឹក និងពេលល្ងាច ប៉ុន្តែត្រូវចេញរើសឡេលាបឱ្យត្រូវតាមពេលវេលា។ មកដឹងពីប្រភេទឡេជាមុនសិន ឡេដែលលើកឡើងមកថ្ងៃនេះ គឺជាប្រភេទឡេផ្ដល់ជាតិសំណើមដល់ស្បែក(Hydrating lotion) និងឡេលាបខ្លួនមួយប្រភេទទៀតលើសពីផ្ដល់សំណើមឱ្យស្បែកគឺឡេដែលមានSPF និង PHក្នុងនោះ ដែលហៅថាឡេការពារកម្ដៅថ្ងៃ(Sunscreen)។
សម្រាប់ពេលព្រឹក ៖ គួរតែរើសលាបឡេការពារកម្ដៅថ្ងៃ ដែលមានកម្រិតSPF 30+ ,SPF50+ និងមានPA+++ ផងដែរ ដើម្បីការពារស្បែក ពីការបំផ្លាញនៃUV ព្រះអាទិត្យ។ យើងអាចលាបទាំង២ប្រភេទចូលគ្នាបាន បានន័យថា ឡេផ្ដល់សំណើម+ឡេការពារកម្ដៅថ្ងៃ ឬក៏ប្រើឡេការពារកម្ដៅថ្ងៃតែ១មុខក៏បានព្រោះឡេការពារកម្ដៅថ្ងៃក៏មានសារធាតុផ្សំសំណើមដល់ស្បែកដែរ ប៉ុន្តែមិនអាចប្រើឡេផ្ដល់សំណើមដែលគ្មានSPF និងPA នៅពេលថ្ងៃតែ១មុខបានទេ ព្រោះគ្មានសារធាតុណាមួយការពារស្បែកពីការបំផ្លាញបាន។ ត្រង់ចំណុចនេះ ដែលបងប្អូនមួយចំនួន លើកឡើងថា លាបឡេរាល់ថ្ងៃហើយស្បែកនៅឡើងអាចម៍រុយទៀត តាមពិតមកពីឡេនោះមិនមែនជាឡេការពារកម្ដៅថ្ងៃ។
ពេលល្ងាចឬយប់៖ ស្រដៀងគ្នានិងចំណុចខាងលើដែរ អាចប្រើទាំង២ចូលគ្នាក៏បាន ឬអ្នកអាចប្រើឡេផ្ដល់សំណើមតែមុខដោយគ្មាន ឡេការពារកម្ដៅថ្ងៃក៏បាន អាចប្រើឡេការពារកម្ដៅថ្ងៃដោយមិនចាំបាច់បន្ថែមឡេផ្ដល់សំណើមទៀតក៏បាន ឱ្យតែក្នុងនោះមានសារធាតុផ្ដល់សំណើមឱ្យស្បែករួច។
របៀបលាប៖ ជាទូទៅ គួរតែលាបឡេភ្លាមៗបន្ទាប់ពីងូតទឹករួច ព្រោះពេលដែលយើងសម្អាតខ្លួន ក្រៅពីក្អែល ធូលីដី ជាតិសំណើមនិងប្រេងក្នុងស្បែករបស់យើង ក៏បាត់បង់ដូចគ្នា ហេតុនេះលាបឡេភ្លាមៗដើម្បីផ្ដល់សំណើមឱ្យស្បែកវិញ។ មួយវិញទៀត រន្ធរោមនឹងស្រូបយកឡេចូលស្បែកបានលឿន និងល្អជាង ការដែលយើងទុកស្បែករហូតដល់ស្ងួតខ្លាំងទើបលាប។
ចលនានៃការលាប គួរតែលាបជារង្វង់ ដើម្បីឱ្យសាច់ឡេងាយជ្រាបចូលស្បែក ហើយត្រង់ចំណុចដែលមានស្បែករឹងឬក្រិន ដូចជាកែងដៃ ជង្គល់ កែងជែង ភ្នែកជើង គួរតែយកដៃទៅត្រដុះស្រាលៗឱ្យបានពី១០ទៅ២០ដង រួចចាំលាបឡេពីលើ ធ្វើបែបនេះដើម្បីឱ្យស្បែកកន្លែងនោះងាយស្រូបយកឡេជាងមុន៕
អត្ថបទដោយ៖ សេងហុង-Senghong
#សៀវភៅសម្រស់ភាគ៧