អង្កការសុភាពពិភពលោក WHO បានព្រមានថា ថ្នាំស៊ីរ៉ូត្រជាក់ Cold Out ដែលកំពុងដាក់លក់ចរាចរណ៍ពនៅក្នុងប្រទេសអ៊ីរ៉ាក់ មានផ្ទុកសារធាតុពុលខ្ពស់ខ្លាំងដែលនាំឲ្យអ្នកផឹកអាចពុលស្លាប់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
នេះគឺជាការព្រមានចុងក្រោយបង្អស់ដែលចេញដោយទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិអំពីថ្នាំដែលមិនមានស្តង់ដារពីប្រទេសឥណ្ឌា ដែលបានដាក់លក់នៅជុំវិញពិភពលោក។ ខណៈកាលពីមុនយ៉ាងហោចណាស់មានស៊ីរ៉ូចំនួន៥ប្រភេទ កំពុងស្ថិតក្នុងដំណើរការស៊ើបអង្កេតទាក់ទងទៅនឹងក្រុមហ៊ុនផលិត។
កាលពីឆ្នាំមុនអង្គការសុខភាពពិភពលោកបានកត់ត្រាការស្លាប់របស់កុមារចំនួន ៨៩នាក់ នៅក្នុងប្រទេសហ្គាំប៊ី និងអ៊ូសបេគីស្ថាន ទាក់ទងនឹងទឹកស៊ីរ៉ូក្អករបស់ប្រទេសឥណ្ឌា។ ដោយអាជ្ញាធរឥណ្ឌាក៏បានរកឃើញការបំពានជាច្រើនករណីនៅ Riemann Labs ដែលជាក្រុមហ៊ុនផលិតទឹកស៊ីរ៉ូដែលកុមារទាំងនោះបានប្រើប្រាស់។
ប្រទេសឥណ្ឌូណេស៊ីក៏បានរាយការណ៍ផងដែរអំពីការស្លាប់របស់កុមារជិត១០០ នាក់ដោយសាររបួសក្រលៀនស្រួចស្រាវ ដែលត្រូវបានគេជឿថាពាក់ព័ន្ធនឹងការប្រើប្រាស់ស៊ីរ៉ូដែលមានផ្ទុកប៉ារ៉ាសេតាមុលនាំចូលពីប្រទេសឥណ្ឌា។ ដូចជាទឹកស៊ីរ៉ូក្អកត្រជាក់ ដែលត្រូវបានប្រមូលមកវិញកាលពីពេលថ្មីៗនេះសម្រាប់ការពុលអេទីឡែនគ្លីកូល (EG) និងឌីអេធីលីនគ្លីកុល (DEG)។ ទាំងនេះគឺសារធាតុ២ នៃការផលិតស៊ីរ៉ូ propylene glycol ។
Propylene glycol មិនមានជាតិពុលទេ ប៉ុន្តែ DEG និង EG មានគ្រោះថ្នាក់ខ្លាំង។ យោងតាមក្រុមអ្នកស្រាវជ្រាវ បានឲ្យដឹងថា នៅពេលយើងទទួលទាន វានឹងនាំឱ្យខូចតម្រងនោម និងស្លាប់ ប្រសិនបើមិនបានព្យាបាលឱ្យបានឆាប់រហ័ស។ កម្រិតដ៍សាហាវគឺអាស្រ័យលើទម្ងន់របស់អ្នកប្រើ។ ខណៈកុមារងាយរងគ្រោះជាងមនុស្សពេញវ័យ។ ស្តង់ដារអន្តរជាតិអនុញ្ញាតឱ្យបរិមាណ EG និង DEG នៅក្នុងថ្នាំបន្ទាប់ពីការបន្សុតមិនលើសពី ០.១% ស្មើនឹង ០.១ក្រាម ក្នុង១០០មីលីលីត្រនៃស៊ីរ៉ូ។
បន្ទាប់ពីឧបទ្ទវហេតុនេះ អង្គការសុខភាពពិភពលោកបានរឹតបន្តឹងគោលការណ៍ណែនាំសុវត្ថិភាពថ្នាំរបស់ខ្លួន ដោយអំពាវនាវឱ្យអ្នកផលិតធ្វើការសាកល្បងឱ្យបានទូលំទូលាយបន្ថែមទៀតលើផលិតផលសម្រេច។ ទោះជាយ៉ាងណាក៏ដោយ ការតាក់តែង និងការអនុវត្តច្បាប់គឺអាស្រ័យទៅលើប្រទេសនីមួយៗ នៅពេលផលិត និងប្រើប្រាស់ ៕
អត្ថបទដោយ៖ ស្រីណុច