ពេទ្យប្រាប់រូបមន្តថែខ្លួនកុំឱ្យបែកសង្វារអំឡុងពេលពពោះ
សង្វារអាចកើតមានឡើងស្ទើតែគ្រប់កន្លែងនៃរាងកាយ ជាពិសេសនៅពោះ ដើមដៃ ភ្លៅ ក្លៀក ជាដើម។ បញ្ហាឡើងសង្វារនេះគឺអាចកើតមានឡើងច្រើនលើអ្នកដែលឡើងគីឡូខ្លាំង ស្រ្តីមានផ្ទៃពោះ…។ បញ្ហានៃការឡើងសង្វារគឺមិនត្រឹមតែធ្វើឱ្យស្បែកមើលទៅមិនស្អាតទេ តែវាអាចប៉ះពាល់ដល់ផ្លូវអារម្មណ៍ខ្លាំងផងដែរ ជាពិសេសមនុស្សស្រីដែលសម្រាលកូនរួច រួមទាំងស្រ្តីដែលគាត់ឡើងគីឡូខ្លាំង។
ជាមួយគ្នានេះដែរ ក្រុមការងារចាបបៃតង សូមធ្វើការពាំនាំនូវមូលហេតុចម្បងមួយចំនួនធំដែលបង្កជាបញ្ហាសង្វារឡើងមក និងវិធីកុំឱ្យបែកសង្វារនៅអំឡុងពេលពពោះ ដែលម៉ាក់ៗគ្រប់រូបក៏អានទុកមុន ព្រោះអត្ថបទនេះមានប្រយោជន៍ខ្លាំងមែនទែន ស្រួលមិនស្រួលអាចជួយម៉ាក់ៗដែលកំពុងចាប់ផ្ដើមពពោះ មិនឱ្យបែកសង្វារត្រង់ពោះ ឬក៏ត្រង់កន្លែងផ្សេងៗទៀតទោះបីពពោះទៅ ឡើងគីឡូខ្លាំង ព្រោះបើបានការពារទុកមុនក៏ល្អដែរសម្រាប់មនុស្សស្រី ដោយចំណេះដឹងនេះចែករំលែកដោយវេជ្ជបណ្ឌិត ឯកទេសជំងឺសើស្បែកផ្ទាល់តែម្ដង។
ជាការពិតណាស់ វេជ្ជបណ្ឌិត ហាក់ វត្តី ឯកទេសសើរស្បែក និងសម្រស់ នៅគ្លីនិក Era Clinic វេជ្ជបណ្ឌិតបានចែករំលែកថា ស្រ្តីនៅពេលពពោះ គឺគាត់មួម៉ៅ ឆាប់ស្រ្តេសក៏អាចធ្វើឱ្យគាត់ឡើងបែកសង្វារហើយ។ មួយវិញទៀតកត្តាឡើងគីឡូ សម្រាប់មនុស្សស្រីដែលពពោះ ចង់មិនចង់ច្បាស់ណាស់ ប្រាកដជាឡើងគីឡូហើយមិនបានតិចឬក៏ច្រើននោះទេ។ ការឡើងគីឡូនេះហើយក៏អាចធ្វើឱ្យគាត់ឡើងបែកសង្វារមកដូចគ្នា។មួយទៀតការចុះគីឡូ សម្រាប់ម៉ាក់ៗដែលសម្រាលកូនរួចគីឡូរបស់គាត់នឹងចុះមកវិញហើយការចុះគីឡូនេះក៏បង្កទៅជាបែកសង្វារឡើងមកផងដែរ ។
ចំណែកឯអ្នកសម្រកគីឡូវិញក៏ប្រឈមផងដែរ ប្រសិនណាគាត់ប្រឹងសម្រកខ្លាំងលើសពីរាងកាយរបស់គាត់អាចទទួលយកបានច្បាស់ណាស់ប្រាកដជាឡើងគីឡូ។ ដោយក្នុងនោះវេជ្ជបណ្ឌិតបានបញ្ជាក់ថាមិនណែនាំឱ្យសម្រកគីឡូរហូតដល់១០គីឡូក្នុង១ខែនោះទេ គួរតែសម្រកត្រឹម២ទៅ៣គីឡូស្រកម្ដងបន្ដិចៗល្អជាង។
ចូលមកដល់វិធីការពារកុំឱ្យឡើងសង្វារវិញ ម៉ាក់ៗគួរតែដឹង វេជ្ជបណ្ឌិតបានណែនាំថា សម្រាប់ម៉ាក់ៗដែលកំពុងពពោះ គួរតែលាបជាប្រភេទគ្រីមសម្រាប់ផ្ដល់សំណើមដល់ស្បែកោ្យបានគ្រប់គ្រាន់ ព្រោះពេលដែលលាបបានគ្រប់គ្រាន់ គឺជួយឱ្យស្បែកមានសុខភាពល្អ កាលណាស្បែកមានសុខភាពល្អគឺមិនសូវធ្វើឱ្យបានបញ្ហាបែកសង្វារនោះទេ។ មួយវិញទៀតម៉ាក់ៗគួរតែទម្លាប់ពិសារទឹកឱ្យបានគ្រប់គ្រាន់ គេងឱ្យបានគ្រប់ កាត់បន្ថយស្រ្តេស ត្រូវរស់នៅឱ្យសប្បាយចិត្តក៏អាចជួយកាត់បន្ថយបញ្ហាកើតមានសង្វារបានច្រើនដូចគ្នា។