ខ្ញុំមានកម្មវិធីមួយមានឈ្មោះថា ១ថ្ងៃ សម្រាក ១ម៉ោង វាក្លាយជាទម្លាប់ប្រចាំថ្ងៃក្នុងការបញ្ចូលថាមពលផ្លូវចិត្តរបស់ខ្ញុំឡើងវិញ ហើយទម្លាប់នេះជួយខ្ញុំរំសាយការឈឺចាប់ អារម្មណ៍តានតឹង និងខួរក្បាលជ្រះស្រឡះ គឺជាពេលខ្ញុំបានក្រេបរសជាតិក្នុងភាពស្ងប់ស្ងាត់ពេលនៅតែម្នាក់ឯង។ សូម្បីលោក នីកូឡា តេស្លា (Nikola Tesla) ចូលចិត្តភាពស្ងប់ស្ងាត់ក្នុងធម្មជាតិរហូតគាត់គិតរកគំនិតថ្មីៗ ឱ្យពិភពលោករីកចម្រើនដូចសព្វថ្ងៃគាត់បានលើកឡើងថា “ចូរនៅម្នាក់ឯង នេះជាអាថ៌កំបាំងបង្កើតការច្នៃប្រតិដ្ឋ។ ចូរនៅម្នាក់ឯង នេះហើយជាពេលគំនិតថ្មីរបស់អ្នកកើតមានឡើង”។
ពេលអ្នកចាក់ចេញពីបណ្តាញសង្គម មករស់ក្នុងល្អាងជាតំបន់ធម្មជាតិ ព្រៃ និងកន្លែងស្ងប់ស្ងាត់ណាមួយធ្វើឱ្យអារម្មណ៍អ្នកផ្សាភ្ជាប់ខ្លួនអ្នកជាមួយធម្មជាតិឡើងវិញ។ ពេលអ្នកអង្គុយម្នាក់ឯងមានសំឡេងចេញខាងក្នុងខ្លួន គ្រាន់តែអ្នកស្តាប់សំឡេងហ្នឹងដោយមានសតិ និងសម្រួលផ្លូវដង្ហើមមួយៗ ចិត្តអ្នកកាន់តែស្ងប់កាន់តែមានថាមពល។ ទម្លាប់រស់ក្នុងល្អាងបែបនេះ ធ្វើឱ្យបេះដូងរបស់អ្នកទទួលបានក្តីស្រឡាញ់ចំពោះខ្លួនឯងកាន់តែច្រើនឡើងក្នុងជីវិតនេះ។
តាមលោកវេជ្ជបណ្ឌិត វិល្លៀម អូស្ល័រ បាននិយាយថា អ្នកដែលមានទុក្ខកង្វល់ច្រើនពីអនាគតនឹងធ្វើឱ្យសមត្ថភាពនិងផ្លូវចិត្តរបស់គេកាន់តែចុះខ្សោយទៅៗ រហូតមានអារម្មណ៍ឈឺចាប់បំផុត។ ដូចនេះ ចូរអ្នកព្យាយាមបំភ្លេចវាចោលទៅទាំងរឿងអនាគត និងអតីត ហើយអ្នកត្រូវមកប្រើជីវិតតាមលំហូរចិត្តដោយការផ្តោតអារម្មណ៍ធ្វើការ និងរស់នៅត្រឹមតែថ្ងៃនេះបានហើយ”។ ការប្រើតាមកម្មវិធី ១ថ្ងៃ សម្រាក ១ម៉ោងជាពេលអ្នកដកខ្លួនចេញពីសំឡេងរញ៉េរញ៉ៃ ពីភាពស្មុគស្មាញក្នុងទីក្រុង និងចាកចេញពីបណ្តាញសង្គមនានា មកសម្ងំក្នុងភាពស្ងប់ស្ងាត់ដើម្បីដុសខាត់វិញ្ញាណរបស់អ្នកឱ្យមានថាមពល ហើយចាំមកធ្វើការតាមលំហូរចិត្តក៏មិនខានពេលដែរ។
មានមួយក្បាច់ចុងក្រោយឱ្យអ្នកបញ្ចូលថាមពលធ្វើការតាមលំហូរចិត្តនោះគឺហ្វឹកហាត់បែបកងទ័ពអាមេរិកដោយហ្វឹកហាត់ ១ម៉ោង ឱ្យសម្រាក ១០នាទី ទើបពួកគេមានកម្លាំងហ្វឹកហាតបានរាប់ឆ្នាំឯណោះ។ តាមលោក ដេនៀល ចូសេលីន ជាអ្នកចិត្តសាស្រ្តបាននិយាយថា អ្នកកុំគិតថាការសម្រាកវាគ្មានបានការធ្វីអ្វីសោះណា! ការពិត ការសម្រាករយៈពេលខ្លីនេះជាដំណើរការកំពុងតែជួយជួសជុលរាងកាយរបស់អ្នកឱ្យរឹងមាំឡើងវិញ”។ ពេលអ្នកខំធ្វើការ៥០នាទីហើយ អ្នកគួរតែដកខ្លួនចេញពីការងារមកសម្រាកចំនួន ១០នាទី អ្នកនឹងមានអារម្មណ៍ថាខ្លួនចាប់ផ្តើមថាមពលឡើងវិញ។ ព្រោះវាជាឱសថដ៏ពិសេសវិសេសមួយជួយព្យាបាលអារម្មណ៍ហេវហត់ឱ្យមានប្រសិទ្ធភាព៕ ដកស្រង់ពីសៀវភៅ លំហូរចិត្ត។ អ្នកអាចទិញសៀវភៅមួយក្បាលនេះតាមនេះ https://t.me/BusinessCambodiaBook អត្ថបទដោយ៖ ទ្រ សុភាព