នរណាខ្លះតែងតែស្ងាបនៅកន្លែងធ្វើការ ជាពិសេសបន្ទាប់ពីញ៉ាំបាយថ្ងៃត្រង់រួច អាការៈបែបនេះគ្នាយើងភាគច្រើនតែងតែមើលរំលងដោយគិតថាជារឿងធម្មតាដែលវាអាចបណ្ដាលមកពីការគេងមិនគ្រប់គ្រាន់នៅពេលយប់។ ប៉ុន្តែក្នុងករណីអ្នកបានគេងគ្រប់គ្រាន់ហើយតែពេលថ្ងៃនៅតែងងុយ អង្គុយស្ងាបឥតឈប់ទៀតនោះ វាលែងជារឿងធម្មតាទៀតហើយ ប៉ុន្តែអាចជាសញ្ញានៃការខ្វះដំណេកយ៉ាងធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់សុខភាពរបស់យើង។ នេះបើយោងតាមឯកសារថ្មីពី American Academy of Sleep Medicine (AASM) បានបង្ហាញថា មនុស្សដែលមានអាការៈងងុយគេងខ្លាំនៅងពេលថ្ងៃ មានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងជំងឺរយៈពេលវែង ដូចជា៖ ជំងឺទឹកនោមផ្អែម, ជំងឺបេះដូង និងសម្ពាធឈាមខ្ពស់, ជំងឺធ្លាក់ទឹកចិត្ត, ជំងឺតម្រងនោម, ជំងឺដាច់សរសៃឈាមខួរក្បាល, ភាពធាត់ ជាដើម។
ប្រធាន AASM វេជ្ជបណ្ឌិត Eric Olson អ្នកឯកទេសខាងជំងឺសួត និងថ្នាំងងុយគេងនៅគ្លីនិក Mayo ក្នុងទីក្រុង Rochester រដ្ឋ Minnesota បាននិយាយថា ការងងុយគេងគឺជាកង្វល់សុខភាពធ្ងន់ធ្ងរ ដែលនាំមកនូវផលប៉ះពាល់ទូលំទូលាយរាប់ចាប់ពីគ្រោះថ្នាក់ចរាចរណ៍ កំហុសនៅកន្លែងធ្វើការ រហូតអាចមានជំងឺសុខភាពរ៉ាំរ៉ៃ។ អ្នកឯកទេសផ្នែកដំណេក Kristen Knutson សាស្ត្រាចារ្យរងផ្នែកសរសៃប្រសាទ និងថ្នាំបង្ការនៅសាកលវិទ្យាល័យ Northwestern University's Feinberg School of Medicine នៅទីក្រុង Chicago បាននិយាយថា បើអង្គុយងក់នៅកន្លែងការងារអាចបណ្ដាលមកពីការគេងមិនគ្រប់គ្រាន់ ប៉ុន្តែបើងងុយខ្លាំងពេកនៅពេលថ្ងៃ វាអាចធ្វើឱ្យខូចមុខងារ និងជាសូចនាករនៃបញ្ហានៃការគេងមិនលក់ ឬមានបញ្ហាផ្សេងៗទៀត។
គ្រោះថ្នាក់ពេលខ្វះដំណេក៖ ខួរក្បាលអាចចូលទៅក្នុង microsleeps ធ្វើឱ្យអ្នកដេកលក់ដោយមិនដឹងខ្លួនអាចចន្លោះពី ២ ទៅ ១០ វិនាទី ហើយបើស្ថានភាពនេះកើតឡើងអំឡុងពេលអ្នកកំពុងបើកបរនៅលើដងផ្លូវទៀតនោះវាគឺកាន់តែគ្រោះថ្នាក់។ តាមស្ថិតិបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ប្រហែល 100,000 ករណីក្នុងមួយឆ្នាំ គឺភាគច្រើនវាពាក់ព័ន្ធទៅនឹងការងងុយគេងនៅពេលកំពុងបើកបរ។ វេជ្ជបណ្ឌិត Indira Gurubhagavatula មកពី Penn Medicine បន្ថែមថា មនុស្សដែលងងុយគេងរ៉ាំរ៉ៃ តែងមានទំនុកចិត្តខុសគិតថា ពួកគេមិនអីទេ ទោះបីជាការធ្វើតេស្តបង្ហាញថាមុខងារខួរក្បាល និងការចងចាំបានថយចុះយ៉ាងខ្លាំងក៏ដោយ។
មូលហេតុបន្ថែមនៃការងងុយគេងឥតឈប់៖ អាចមកពីអ្នកមានជំងឺដំណេក ជំងឺឈឺចាប់រ៉ាំរ៉ៃ និងការប្រើប្រាស់ថ្នាំខ្លះៗ។ បន្ថែមពីលើនេះរបៀបរស់នៅប្រចាំថ្ងៃក៏អាចធ្វើឱ្យប៉ះពាល់ដល់ដំណេករបស់យើងដែរដូចជា ការញុំាកហ្វេអ៊ីនច្រើនពេក ញុំាភេសជ្ជៈដែលមានអាកុលខ្លាំង ការប្រើប្រាស់កញ្ឆា កន្លែងគេងគ្មានអនាម័យ ជាដើម។ ដូច្នេះប្រសិនបើអ្នកចង់ឱ្យខ្លួនឯងមានសុខភាពល្អ គុណភាពដំណេកកាន់តែប្រសើរឡើង សាកល្បងបញ្ឃប់ការផឹកជាតិអាកុលដូចជា ស្រា ឬកាត់បន្ថយជាតិកាហ្វេអ៊ីននៅពេលល្ងាច ។
យ៉ាងណាក៏ដោយ អ្នកឯកទេសផ្នែកដំណេកបានលើកឡើងថា ប្រសិនបើអ្នកជួបប្រទះនូវបញ្ហាងងុយគេងនៅពេលថ្ងៃខ្លាំងជាប្រចាំនោះ អ្នកគួរតែទៅពិភក្សាអំពីបញ្ហានេះជាមួយគ្រូពេទ្យដើម្បីរកដំណោះស្រាយ។ ប្រសិនបើអ្នកមានអាការៈងងុយគេងខ្លាំងជាប្រចាំ វាមិនមែនជារឿងតូចទេ។ វាអាចជាសញ្ញានៃការខ្វះដំណេក ឬជំងឺផ្សេងៗដែលត្រូវការទៅពិនិត្យ និងព្យាបាល។ សុខភាព និងសុវត្ថិភាពរបស់អ្នកគឺអាទិភាពមួយ៕
អត្ថបទដោយ៖ សារួ