ឪពុកម្តាយដែលបណ្តោយកូនឱ្យរស់នៅស្រួលៗ ខ្លាចកូនលំបាកកុំឱ្យកូនធ្វើកិច្ចការអ្វីសោះ។ កូនហ្នឹងធំឡើងនឹងក្លាយជាមនុស្សពិការគំនិត មិនចេះគិតធ្វើអ្វីដោយខ្លួនឯងទេ រងចាំឪពុកម្តាយមកដឹកដៃបានទៅធ្វើកើត។ មានវិធីមួយដែលបង្រៀនកូនឱ្យចេះទទួលខុសត្រូវនោះ វាទាក់ទងជាមួយអត្តចរិតរបស់ឪពុកម្តាយដែរគឺឪពុកម្តាយគួរតែព្យាយាមធ្វើកិច្ចការអ្វីមួយ ពេលធ្វើខុស ត្រូវហ៊ានចេញមុខសូមទោស ទើបកូនមានទំនួសខុសត្រូវតាមដែរ។
តាមលោក Haim Ginott ជាអ្នកចិត្តសាស្រ្តផ្នែកកុមារបាននិយាយថា ពេលឪពុកម្តាយធ្វើខុសលើរឿងណាមួយ កុំព្យាយាមគេចវេសពីបញ្ហា ព្រោះទង្វើរបស់ឪពុកម្តាយងាយចម្លងចូលក្នុងខួរក្បាលកូនក្មេងដោយអត់ខ្លួនឯងទេ។ បើឪពុកម្តាយកាន់តែមានទំនួលខុសត្រូវ កូនកាន់តែមានអត្តចរិតហ៊ានទទួលខុសដូចគ្នាដែរ។ ពេលឪពុកម្តាយធ្វើឱ្យចានបែក ហើយកូនឃើញ គួរប្រាប់កូនថា ម៉ាយធ្វើឱ្យវាបែកណាកូន។ ម្តាយជាទទួលខុសត្រូវលើរឿងនេ”។
តាមលោកគ្រូ ហឿរ សេធុល (Hoeur Sethul) អ្នកជំនាញប្រឹក្សាយោបលផ្លូវចិត្តនិងកុមារបានលើកឡើងថា ការចិញ្ចឹមកូនឱ្យមានអត្តចរិតល្អ មិនអាចប្រើត្រឹមតែធម៌ត្រជាក់តែមុខនោះទេ គឺប្រើធម៌ក្តៅខ្លះផងដើម្បីពង្រឹងផ្លូវចិត្តកូនឱ្យរឹងមាំផងដែរ។
លោកគ្រូបន្ថែមថា មានឪពុកម្តាយខ្លះចិញ្ចឹមកូនតាមធម៌ត្រជាក់គឺតាមចិត្តកូន កូនចង់បានអ្វីបានហ្នឹង។ ខ្លាចកូនយំឱ្យលេងទូរស័ព្ទ។ ពេលកូនទាទិញរបស់អ្វីមួយក៏ទិញធ្វើតាមចិត្តកូន។ នេះជាការបង្រៀនកូនឱ្យមានអត្តចរិតទាន់ខ្សោយ។ ការប្រើធម៌ត្រជាក់តែម្ខាង ធ្វើឱ្យអត្តចរិតកូន និងវាសនាកូនគ្មានតុល្យភាពនោះទេ។ ចូរឪពុកម្តាយប្រើធម៌ក្តៅខ្លះ មិនមែនវ៉ៃកូន និងប្រើសម្តីធ្ងន់ៗ ដាក់កូននោះទេ។ ធម៌ក្តៅមានន័យថា កុំបណ្តោយតាមចិត្តកូន ទោះបីកូនយំក៏ដោយ ឱ្យកូនយំតាមចិត្តចុះ។ ពេលកូនយំអស់ចិត្ត កូននឹងឈប់យំ ហើយចាំឪពុកម្តាយប្រើហេតុផលនិយាយជាមួយកូន។ នេះជាការបង្រៀនកូនឱ្យចេះគិត។
ដូច្នេះ បញ្ហាចំពោះការទទួលខុសត្រូវរបស់កូនៗ ចូរអ្នកត្រលប់ទៅមើលទង្វើរបស់ឪពុកម្តាយឡើងវិញ។ ហើយមានសំណួរចុងក្រោយថា តើឪពុកម្តាយមានអត្តចរិតមានទំនួសខុសត្រូវហើយឬនៅ? បើអ្នកមានអត្តចរិតបែបនេះ កូនមានរបស់អ្នកក៏មានអត្តចរិតចេះទទួលខុសត្រូវ មានក្តីស្រលាញ់ មានការដឹងគុណ និងមានក្តីគោរពឪពុកម្តាយខ្លាំងណាស់៕ អត្ថបទដោយ៖ ទ្រ សុភាព