ការលាបឡេការពារកម្តៅថ្ងៃគឺជាមធ្យោបាយដ៏ល្អបំផុតមួយ និងងាយស្រួលបំផុត ដើម្បីការពារស្បែកដែលរងផលប៉ះពាល់ពីពន្លឺព្រះអាទិត្យ ហើយឡេការពារកម្ដៅថ្ងៃគឺជាផលិតផលថែរក្សាស្បែកដែលពេញនិយមបំផុត អាចប្រើប្រាស់បានគ្រប់វ័យដើម្បីថែរក្សាស្បែកឱ្យមានសុខភាពល្អ។ ការប្រើប្រាស់ឡេការពារកម្ដៅថ្ងៃជាប្រចាំជួយការពារការរលាកដោយពន្លឺព្រះអាទិត្យ ហើយវាក៏អាចជួយការពារការកើតឡើងនៃជំងឺមហារីកស្បែក ផងដែរ។ យ៉ាងណាក៏ដោយ បើសិនអ្នកប្រើប្រាស់ឡេការពារកម្ដៅថ្ងៃមិនត្រូវក្បួន និងមិនដឹងពីរបៀបនៃការប្រើប្រាស់វានោះទេ វាក៏មិនប្រាកដថាឡេការពារកម្ដៅថ្ងៃដែលអ្នកលាបនោះវាទទួលបានផលដែរ។ ដូច្នេះ វេជ្ជបណ្ឌិត Adam Friedman សាស្រ្តាចារ្យ និងជាប្រធានផ្នែកសើស្បែក នៃសាលាវេជ្ជសាស្ត្រ GW បានលើកឡើង ៥ ចំណុចពីការលាបឡេការពារកម្ដៅថ្ងៃឱ្យមានប្រសិទ្ធភាព។
១. ត្រូវចាត់ទុកការលាបឡេការពារកម្តៅថ្ងៃ ឱ្យដូចជាការដុសធ្មេញ៖ មនុស្សភាគច្រើនគិតថា លាបឡេការពារកម្តៅថ្ងៃ មិនសំខាន់ទេ ប៉ុន្តែវេជ្ជបណ្ឌិត Friedman ប្រៀបធៀបថា យើងត្រូវគិតពីការលាបឡេការពារកម្តៅថ្ងៃ ឱ្យដូចការដុសធ្មេញរៀងរាល់ព្រឹក។ ព្រោះស្បែកគឺជាសរីរាង្គធំបំផុតរបស់រាងកាយ ការពារវា គឺមានតម្លៃដូចការថែរក្សាធ្មេញដែរ។
២. ត្រូវលាបការពារកម្ដៅថ្ងៃឱ្យសប់កន្លែង៖ មនុស្សជាច្រើនលាបឡេការពារកម្ដៅថ្ងៃផ្ដោតតែទៅលើដងខ្លួន និងផ្ទៃមុខប៉ុន្តែអ្នកទាំងអស់គ្នាមិនគិតស្មានដល់ទេថា នៅតំបន់មួយចំនួនទៀតដូចជា ត្របកភ្នែក បបូរមាត់ និងត្រចៀក ក៏ជាតំបន់ដែលត្រូវការការពារដែរ ដោយសារនៅតំបន់ទាំងនេះមានស្បែកស្ដើង និងងាយរងការប៉ះពាល់ពីពន្លឺព្រះអាទិត្យដូចគ្នាដែរ។ បបូរមាត់ អាចរងវិទ្យុសកម្ម UV បានងាយដូច្នេះត្រូវលាបក្រែមដែលមាន SPF ដើម្បីជំនួយ។ ត្របកភ្នែក ជាតំបន់ស្បែកស្តើង ងាយរងគ្រោះអ្នកគួរលាបឡេការពារដោយប្រុងប្រយ័ត្ន។ ចំណែកឯ ត្រចៀក ជាចំណុចដែលមហារីកស្បែកកើតមានញឹកញាប់។
៣. លាបឡេការពារដែលមាន SPF ខ្ពស់កាន់តែមានប្រសិទ្ធភាព៖ ឡេការពារកម្តៅថ្ងៃមានប្រសិទ្ធភាព ពេលដែលមាន SPF 15 ឡើងទៅ។ ស្ថាប័ន American Academy of Dermatology បានណែនាំថា៖ ប្រើ SPF 30 ឡើងទៅការពារបានទូលំទូលាយ (UVA និង UVB) SPF 30 អាចការពារបានប្រហែល 97% នៃកាំរស្មី UVB ខណៈ SPF 50 ការពារបានប្រហែល 98%។ ទោះបីជាមិនអាចការពារ 100% ក៏ដោយ ការជ្រើស SPF ខ្ពស់ជួយធានាបានថា បើទោះបីអ្នកលាបមិនបានគ្រប់គ្រាន់ ក៏នៅតែមានប្រសិទ្ធភាព។
៤. ត្រូវលាបឡើងវិញរៀងរាល់ ២ ម៉ោងម្ដង៖ ជាធម្មតា គ្រូពេទ្យណែនាំឱ្យលាបឡើងវិញរៀងរាល់ ២ ម៉ោងម្ដងពេលស្ថិតនៅក្រៅផ្ទះ។ ប៉ុន្តែវេជ្ជបណ្ឌិត Friedman ទទួលស្គាល់ថា ការធ្វើបែបនេះវាពិតជាអាចការពារបានល្អមែន ប៉ុន្តែការអនុវត្តក្នុងជីវិតជាក់ស្ដែងវាពិតជាពិបាក។ យ៉ាងណាក៏ដោយ ប្រសិនបើអ្នកនៅក្នុងផ្ទុះ ឬមិនសូវត្រូវនឹងកម្ដៅថ្ងៃទេ អាចលាបការពារត្រឹមតែពេលព្រឹកគឺគ្រប់គ្រាន់ហើយ។ តែបើមានគម្រោងចេញក្រៅយូរ ឬបែកញើសច្រើន អ្នកត្រូវលាបឡេការពារកម្ដៅថ្ងៃឡើងវិញជាបន្តបន្ទាប់ទៅតាមពេលវេលាជាក់ស្ដែង។
៥. ត្រូវប្រើឡេការពារកម្តៅថ្ងៃគ្រប់រដូវ៖ មនុស្សជាច្រើនគិតថា រដូវរងាមិនចាំបាច់ប្រើឡេការពារកម្តៅថ្ងៃទេ។ តែវេជ្ជបណ្ឌិត Friedman ប្រាប់ថាពន្លឺ UV មានពេញមួយឆ្នាំ។ ទោះបីសន្ទស្សន៍ UV ទាបក៏ដោយ ការលាបឡេការពារកម្តៅថ្ងៃជាទម្លាប់ប្រចាំថ្ងៃ នឹងជួយឱ្យអ្នកកាន់តែមានអារម្មណ៍ល្អ។ បន្ថែមពីនេះ នៅវ័យចាស់ អាចមានជំងឺ dermatoporosis ដែលធ្វើឱ្យស្បែកផុយស្រួយងាយបាត់បង់សារធាតុចិញ្ចឹម និងមានស្នាមជាំងាយ។ ជំងឺនេះភាគច្រើនកើតនៅកំភួនដៃ ដោយសារភ្លេចការពារនៅរដូវរងា។
ទោះបីជាយ៉ាងណា ដោយសារប្រភេទស្បែករបស់យើងមានសក្ខណៈខុសៗប្លែកពីគ្នា ហើយដើម្បីសុវត្ថិភាពស្បែក មុនប្រើប្រាស់ផលិតផលណាមួយត្រូវដឹងឱ្យច្បាស់ពីប្រភេទនិងស្ថានភាពស្បែករបស់ខ្លួនឯងជាមុនសិន ក្នុងករណីមិនច្បាស់ត្រូវតែទៅជួបប្រឹក្សាជាមួយអ្នកជំនាញ និងមិនគួរប្រើផលិតផលតាមគ្នា ដោយមិនស្គាល់ច្បាស់ទេ៕
អត្ថបទដោយ៖ សារួ