បញ្ហាស្បែកស្រអាប់ គឺជាបញ្ហាមួយដែលមនុស្សជាច្រើនព្រួយបារម្ភ ធ្វើឱ្យខ្វះទំនុកចិត្ត និងបាក់ទឹកចិត្ត។ បញ្ហាស្បែក វាអាចមានច្រើនដូចជា ស្បែកប្រែជាស្ងួត មានពណ៌មិនស្មើគ្នា គ្រើម ជាដើម។ មានកត្តាជាច្រើនដែលធ្វើឱ្យស្បែកស្រអាប់ នៅពេលដែលរាងកាយខ្វះជាតិទឹក កោសិកាស្បែកដែលងាប់បានកកកុញ ធ្វើឱ្យស្បែកមើលទៅស្រអាប់ និងងាយស្ទះរន្ធញើស។ បរិស្ថានកខ្វក់ ធូលី និងពន្លឺព្រះអាទិត្យក៏ជាកត្តាដែលបង្កឱ្យស្បែកឆាប់ស្ងួតដែរ។ លើសពីនេះ ការគេងមិនគ្រប់គ្រាន់ និងភាពតានតឹងក៏ជាដើមហេតុធ្វើឱ្យស្បែកមានបញ្ហារំខានដល់ដំណើរការព្យាបាលស្បែកឡើងវិញដូចគ្នា។ យ៉ាងណាមិញ តាមរយៈវេបសាយ Phunutoday បានលើកឡើង ២ ចំណុចដើម្បីជួយស្ដារស្បែកស្រអាប់ឱ្យត្រឡប់មកមានពន្លឺស្រស់ថ្លា មានសុខភាពល្អឡើងវិញ៖
១. កែទម្លាប់រស់នៅប្រចាំថ្ងៃ៖ ការរស់នៅប្រចាំថ្ងៃរបស់យើងគឺពិតជាសំខាន់ណាស់ក្នុងការស្តារស្បែកឱ្យភ្លឺថ្លាមកវិញ។ ការកំណត់ការទទួលទានជាតិអាល់កុល នឹងជួយការពារការខះជាតិទឹក និងការរលាក ។ ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ នឹងជួយឱ្យស្បែកស ភ្លឺថ្លា។ របបអាហារមានតុល្យភាព សម្បូរទៅដោយវីតាមីន C, E, អូមេហ្គា 3 និងសារធាតុប្រឆាំងអុកស៊ីតកម្មពីបន្លែបៃតង ត្រីខ្លាញ់ ផ្លែប៊ឺរី ឬប៉េងប៉ោះ ផ្លែបឺរ នឹងជួយឱ្យស្បែកប្រឆាំងនឹងរ៉ាឌីកាល់សេរី។ គួបផ្សំជាមួយនឹងការធ្វើលំហាត់ប្រាណជាប្រចាំដូចជា យូហ្គា ការដើរ ឬការជិះកង់ អាចធ្វើឱ្យចរន្តឈាមដំណើរការល្អ ធ្វើឱ្យស្បែកមានពណ៌ផ្កាឈូក និងមានសុខភាពល្អ។ គេងឱ្យបានយ៉ាងហោចណាស់ ៧ ទៅ ៩ ម៉ោងជួយឱ្យអារម្មណ៍ល្អ ស្បែកស្រស់ថ្លា។
២. ផ្ដោតលើការថែទាំឱ្យបានត្រឹមត្រូវ៖ រួមជាមួយនឹងរបៀបរស់នៅដែលមានសុខភាពល្អ ការថែរក្សាស្បែកតាមបែបវិទ្យាសាស្ត្រក៏ជារឿងសំខាន់ដែរ។ ត្រូវលាងសម្អាតស្បែករបស់អ្នកជាមួយនឹងផលិតផលដែលត្រូវតាមប្រភេទស្បែក ប្រើទឹកត្រជាក់ល្មម ជៀសវាងការប្រើទឹកដែលក្តៅពេក ហើយត្រូវខាត់ស្បែក 1-2 ដងក្នុងមួយសប្តាហ៍ ដើម្បីជម្រុះកោសិកាស្បែកដែលងាប់ចេញ។ បន្ទាប់ពីលាងសម្អាតរួច ត្រូវលាបបន្ថែមសេរ៉ូមដែលមានវីតាមីន C ឬ Niacinamide ជួយឱ្យស្បែកភ្លឺថ្លា និងកាត់បន្ថយស្នាមអុចខ្មៅ។ បិទម៉ាសដែលផ្តល់សំណើម និងប្រឆាំងអុកស៊ីតកម្ម 1-3 ដងក្នុងមួយសប្តាហ៍ធ្វើឱ្យស្បែកទន់ លាបក្រែមផ្តល់សំណើមជាប្រចាំ ដើម្បីពង្រឹងរបាំងការពារស្បែក និងរក្សាតុល្យភាពសំណើម។ ប្រសិនបើអ្នកចង់ធ្វើឱ្យស៊ីជម្រៅជាងនេះ អាចបន្ថែមសារធាតុ Retinoids ដើម្បីជំរុញការផលិតកូឡាជែន និងពង្រឹងការបង្កើតឡើងវិញនៃកោសិកា។ ជាពិសេស ឡេការពារកម្តៅថ្ងៃគឺជា "ខែល" ដែលមិនអាចខ្វះបាន ដើម្បីការពារស្បែកពីកាំរស្មី UV ដែលជាមូលហេតុធំបំផុតដែលធ្វើឱ្យស្បែកមានអុជខ្មៅ ស្រអាប់ និងចាស់មុនអាយុ។
គួរបញ្ជាក់ថា សម្រាប់ការប្រើប្រាស់ និងប្រសិទ្ធភាព គឺអាស្រ័យទៅតាមស្ថានភាពស្បែក កំហាប់នៃសារធាតុនីមួយៗ និងសារធាតុផ្សំផ្សេងៗទៀតដែលមានក្នុងផលិតផលដែលបងប្អូនរើសមកប្រើ ហេតុនេះមុននឹងទិញអាចប្រឹក្សាជួយជាមួយអ្នកលក់ដែលមានជំនាញ ឬជំនាញជាមុនសិន៕
អត្ថបទដោយ៖ សារួ