ដោយសារនេះគឺជាសម័យបច្ចេកវិទ្យាជឿនលឿន ទូរស័ព្ទគឺជារបស់មួយដែលសំខាន់បំផុតសម្រាប់មនុស្សដែលភាគច្រើននៃជីវិតរស់នៅរបស់ពួកគេស្ទើរតែមិនអាចខ្វះទូរស័ព្ទបាន សូម្បីតែចូលក្នុងបន្ទប់ទឹកក៏យកទៅតាមខ្លួនដែរ។ តើអ្នកធ្លាប់យកទូរស័ព្ទតាមខ្លួនពេលចូលបន្ទប់ទឹកដែរឬទេ? ប្រសិនបើធ្លាប់ អ្នកប្រហែលជាចំណាយពេលយូរនៅពេលចូលបន្ទប់ទឹកម្ដងៗ ព្រោះចំណាយពេលអង្គុយលើចានបង្គន់ដើម្បីចុចទូរស័ព្ទដែលមាននៅក្នុងដៃ។ ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងទេថា ទម្លាប់មួយនេះអាចនឹងបង្កហារនិភ័យទាំងមិនដឹងខ្លួន។ តាមរយៈការសិក្សាថ្មីមួយបានបង្ហាញថា ទម្លាប់នេះអាចធ្វើឱ្យអ្នកប្រឈមនឹងហារនិភ័យកើតជំងឺឬសដូងបាត (Hemorrhoids) ឡើងដល់ជិត 50% ឯណោះ។
អ្វីទៅជាជំងឺឬសដូងបាត? ឬសដូងបាត គឺជាដុំពកឈាមនៅក្នុងឬជុំវិញបាត ដែលអាចបណ្តាលឱ្យឈឺ ឬមានឈាមហូរពេលបន្ទោរបង់។ ជំងឺនេះមិនងាយឱ្យមនុស្សធ្វើរោគវិនិច្ឆ័យដោយខ្លួនឯងដឹងទេ ព្រោះពេលខ្លះវាមាននៅខាងក្នុង និងមិនអាចសម្គាល់បានច្បាស់។
វេជ្ជបណ្ឌិត Trisha Pasricha គឺជានាយកគ្លីនិក និងបកប្រែនៃវិទ្យាស្ថាន BIDMC Gut-Brain ក្នុងទីក្រុង Boston បានដឹកនាំការសិក្សាមួយលើមនុស្ស 125 នាក់ ដែលត្រូវបានគ្រោងធ្វើការឆ្លុះពោះវៀនធំ។ ពួកគេត្រូវបំពេញកម្រងសំណួរពាក់ព័ន្ធនឹងទម្លាប់ចូលបង្គន់ សុខភាព និងសកម្មភាពរាងកាយ។ ជាលទ្ធផលបង្ហាញថា៖ ពីរភាគបី នៃអ្នកចូលរួមដែលមានអាយុលើសពី 45 ឆ្នាំមានទម្លាប់យកទូរស័ព្ទតាមខ្លួនពេលចូលទៅក្នុងបង្គន់។ 37% នៃអ្នកប្រើទូរស័ព្ទគឺត្រូវចំណាយពេលលើសពី 5 នាទីនៅលើចានបង្គន់ បើប្រៀបធៀបអ្នកមិនប្រើមានតែ 7% ប៉ុណ្ណោះ។ នេះមានន័យថា អ្នកប្រើទូរស័ព្ទចំណាយពេលនៅលើចានបង្គន់ប្រហែល 5 ដងច្រើនជាងអ្នកមិនប្រើ។ ទោះជាយ៉ាងណា មានត្រឹមតែ 5% ប៉ុណ្ណោះដែលទទួលស្គាល់ថា ទូរស័ព្ទជាហេតុធ្វើឱ្យពួកគេចំណាយពេលយូរ។ បន្ទាប់ពីកែតម្រូវកត្តាដូចជាអាយុ និងសកម្មភាពរាងកាយ ក្រុមស្រាវជ្រាវបានរកឃើញថា ការប្រើទូរស័ព្ទនៅលើចានបង្គន់ពាក់ព័ន្ធនឹងហានិភ័យនៃជំងឺឬសដូងបាត 46%។
ហេតុអ្វីបានជាការចំណាយពេលយូរនៅលើចានបង្គន់មានគ្រោះថ្នាក់? វេជ្ជបណ្ឌិត Pasricha បានពន្យល់ថា នៅពេលអង្គុយលើបង្គន់ សាច់ដុំជាន់អាងត្រគាកមិនទទួលបានការគាំទ្រដូចពេលអង្គុយលើកៅអីធម្មតាទេ។ ដូច្នេះវាបង្កើនសម្ពាធទៅលើខ្នើយឬសដូងបាត ហើយអាចបង្កើតឬធ្វើឱ្យដុំពកកាន់តែធ្ងន់ធ្ងរ។ Lucinda Harris គ្រូពេទ្យនៅ Mayo Clinic ក៏គាំទ្រទស្សនៈនេះដែរ ដោយប្រៀបធៀបថា ពេលអង្គុយយូរនៅបង្គន់ អាចមានសម្ពាធដូចនឹងស្រ្តីមានផ្ទៃពោះដែរ។ ការសិក្សានេះក៏បានបង្ហាញថា៖ មិនមានទំនាក់ទំនងជាស្ថិតិរវាង ការទល់លាមក និងជំងឺឬសដូងបាតនោះទេ។ ផ្ទុយទៅវិញ ជំងឺរាគរូស ទំនងជាពាក់ព័ន្ធជិតស្និទ្ធជាង។ វេជ្ជបណ្ឌិត Pasricha ផ្ដល់អនុសាសន៍ថា ជាជាងយកទូរស័ព្ទចូលទៅក្នុងបង្គន់ គួរតែទុកវាខាងក្រៅ។ បើចង់កំដរអារម្មណ៍ អាចយកសម្ភារៈដែលមានបោះពុម្ព ដូចជាកាសែតព័ត៌មាន ឬសៀវភៅ ដែលមិនមានរចនាដែលធ្វើឱ្យញៀន។
សរុបមក ទម្លាប់ប្រើស្មាតហ្វូននៅលើបង្គន់ អាចនាំឱ្យមនុស្សចំណាយពេលលើសពីភាពចាំបាច់ ហើយក្លាយជាកត្តាហានិភ័យសំខាន់នៃជំងឺឬសដូងបាត។ ទោះបីជាការសិក្សានេះមិនអាចបញ្ជាក់បានថាវាជាមូលហេតុផ្ទាល់ក៏ដោយ ក៏វាជាភស្តុតាងសំខាន់មួយដែលគួរឱ្យយើងពិចារណា។ ដូច្នេះ ការទុកទូរស័ព្ទនៅខាងក្រៅបង្គន់អាចជាជម្រើសដ៏ល្អបំផុតសម្រាប់ការថែរក្សាសុខភាពរបស់អ្នក៕
អត្ថបទដោយ៖ សារួ