ជំងឺ
កុំបណ្ដោយ! អ្នកជំនាញរកឃើញ ហានិភ័យនៃបញ្ហាសុខភាពផ្សេងៗដោយផ្អែកទៅលើចំនួនម៉ោងគេង

ជាទូទៅទម្លាប់នៃការគេងជាប្រចាំថ្ងៃ អ្នកជំនាញរមែងតែណែនាំឱ្យមនុស្សពេញវ័យគ្រប់រូបគេង១ថ្ងៃយ៉ាងហោចណាស់ចន្លោះពី ៧ទៅ៨ម៉ោង ដើម្បីជួយឱ្យដំណើរការប្រព័ន្ធភាពសុំាក្នុងខ្លួនមានដំណើរបានល្អ។

យ៉ាងណាមិញ បើយោងទៅតាមប្រភពចេញផ្សាយ Healthline បានលើកឡើងចំពោះករណីដែលបុគ្គលមិនបានគេងគ្រប់គ្រាន់ជាប្រចាំក្នុងរយៈពេលយូរត្រូវបានគេសង្កេតឃើញថា រមែងជួបនឹងបញ្ហាសុខភាពដូចជា៖ កង្វះការផ្តោតអារម្មណ៍ ឆាប់ខឹង អស់កម្លាំងពេលថ្ងៃ ភ្លេចភ្លាំង ងាយជួបថប់បារម្ភ ងាយយំ ឬអាចប្រឈមនឹងកើតជំងឺបាក់ទឹកចិត្តដោយងាយ (ក្នុងលក្ខខណ្ឌរងសម្ពាធច្រើន)។

ចំពោះហានិភ័យសុខភាពមួយចំនួនដែលទាក់ទងនឹងពេលវេលានៃការគេងមិនគ្រប់នោះរួមមាន៖

១. ដំណើរការខួរក្បាលស្រដៀងនឹងមនុស្សចាស់៖ ការសិក្សា ឆ្នាំ២០១៨ បានពិនិត្យទៅលើការគេងមិនលក់កម្រិតធ្ងន់ធ្ងរ ដោយគេងមិនលើសពី ៤ ម៉ោងក្នុងមួយយប់ បានបង្ហាញថា វាបណ្តាលឱ្យមានការថយចុះនៃសមត្ថភាពគិតដែលស្មើនឹងការបន្ថែមអាយុឱ្យខ្លួនឯងជិត ៨ឆ្នាំ។

២. ហានិភ័យនៃកើតជំងឺទឹកនោមផ្អែម៖ នៅក្នុងឆ្នាំ ២០០៥ សិក្សាបន្ថែមមួយទៀតបាន បានរកឃើញថាការគេងតិចពេក ប្រមាណជាប្រាំមួយម៉ោង ឬតិចជាងនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែម។ ម្យ៉ាងទៀតសោត ប្រសិនបើគេងច្រើនពេក ប្រហែល៩ម៉ោង ឬច្រើនជាងនេះ ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺនេះផងដែរ។

៣. ការស្លាប់មុនអាយុ៖ ការពិនិត្យឡើងវិញនាឆ្នាំ ២០១០ បានរកឃើញថា ការគេងតិចពេកនៅពេលយប់ក្នុងរយៈយូរ នឹងបង្កើនហានិភ័យនៃការស្លាប់មុនអាយុកម្រិតខ្ពស់។

៤. ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ឬជំងឺបេះដូង៖ ការពិនិត្យឡើងវិញឆ្នាំ ២០១១ ដោយផ្អែកលើទិន្នន័យនៃការសិក្សាទៅលើមនុស្សចំនួន ១៥ បានរកឃើញថា មនុស្សដែលគេងតិចជាង ៧ ម៉ោងក្នុងមួយយប់មានហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាល ឬ ជំងឺបេះដូង ជាងអ្នកដែលគេងចន្លោះពី ៧ ទៅ ៨ ម៉ោងក្នុងមួយយប់។

គូសបញ្ជាក់បន្ថែមផងដែរថា បញ្ហានៃការគេងមិនស្កប់ ឬគេងយល់សប្តិច្រើនជារៀងរាល់យប់ ក៏ជះឥទ្ធិពលមិនល្អដល់សុខភាពផងដែរ។ ដូច្នេះ បងប្អូនគួរតែព្យាយាមរកវិធីសាស្ត្រណាមួយដែលជួយសម្រួលដល់ស្ថានការណ៍នេះ ដោយអាចញុំាជាមួយទឹកដោះគោស្រស់ក្តៅឧណ្ហៗមុនចូលគេង ចាប់ផ្តើមធ្វើសមាធិយ៉ាងហោចណាស់ឱ្យបាន ៥នាទី កាត់បន្ថយស្ត្រេស ញុំាអាហារសុខភាពជាប្រចាំ ផឹកទឹកឱ្យបានគ្រប់គ្រាន់ ដោយទម្លាប់សកម្មភាពទាំងអស់នេះ នឹងធ្វើជាដំណោះស្រាយពិសេសក្នុងការជួយសម្រួលដល់បញ្ហាដំណេករបស់បងប្អូនបាន៕

 

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia