បញ្ហាឬក៏អាចនិយាយថា ជាការរំខានរាល់ខែរបស់មនុស្សស្រីគឺការមករដូវ។ អ្នកខ្លះមកមិនមានការឈឺចាប់ អាចចាត់ទុកថាសំណាងមួយ តែអ្នកខ្លះទៀតមកម្ដងៗចុកពោះ អស់ដៃអស់ជើង ស្ទើរធ្វើអ្វីមិនកើត សូម្បីកម្លាំងក្រោកងើបក៏គ្មាន។ ការឈឺចាប់ពេលមករដូវ វាកើតឡើងពីការកន្ត្រាក់នៃស្បូន នឹងអាចកើតឡើងពីកត្តាបន្ទាប់បន្សំផ្សេងៗទៀតពីសុខភាពសរីរាង្គសុខភាពបន្តពូជណាមួយផងដែរ។
ដើម្បីជាជំនួយដល់ស្ត្រីៗ ក្នុងការកាត់បន្ថយការឈឺចាប់ពេលមករដូវ កុំឱ្យមានការរអាក់រអួល ផ្អែកតាមប្រភព bocahindonesia ចាបបៃតងសូមលើកយកភេសជ្ជៈ៣ខែស្ត្រីអាចញ៉ាំបានពេលមករដូវ មិនចំណាយលុយច្រើន ដែលអាចជួយឱ្យរដូវមកស្រួល៖
១. ទឹកខ្ញី៖ ទឹកខ្ញីក៏ជាភេសជ្ជៈមួយក្នុងចំណោមភេសជ្ជៈដើម្បីបំបាត់ការឈឺចាប់ពេលមានរដូវ។ ខ្ញីមានសារធាតុប្រឆាំងនឹងការរលាកដែលអាចជួយបន្ថយការឈឺចាប់។ លើសពីនេះ គ្រឿងទេសដែលងាយស្រួលរកមួយប្រភេទនេះ ក៏អាចរារាំងការផលិតprostaglandins ដែលអាចបង្កឱ្យមានការកន្ត្រាក់ខ្លាំង។របៀបធ្វើគ្រាន់តែចិតខ្ញីស្តើងៗ ដាក់ចូលក្នុងទឹកដាំ រម្ងាស់៥នាទី ទុកឱ្យឧណ្ហៗរួចសឹមផឹក។
២ ទឹកអំពិល+ ទឹករមៀត៖ រមៀតត្រូវបានគេជឿថាជាភេសជ្ជៈដ៏មានប្រសិទ្ធភាពបំផុតមួយសម្រាប់បំបាត់ការឈឺចាប់ពេលមករដូវ។ ភេសជ្ជៈដែលផ្សំពីគ្រឿងទេសធម្មជាតិ ជាជម្រើសរបស់ស្ត្រីនៅពេលមានរដូវមក។ ចំពោះរបៀបធ្វើ អាចប្រើរមៀតស្រស់ដាំជាមួយទឹកក្ដៅ ឬប្រើម្សៅរមៀតលាយជាមួយទឹកក្ដៅ ហើយបន្ថែមជាមួយទឹកអំបិលទុំបន្តិច កូរឱ្យចូលគ្នាសាំទទួលទាន។ អាចប្រើរមៀត និងអំពិលទុំតិចតួច ត្រឹមល្មមរសជាតិអាចទទួលទានបាន។
៣ ទឹកម្នាស់៖ ម្នាស់ជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយសារធាតុរ៉ែ។ លក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មរបស់ម្នាស់ក៏អាចជួយកាត់បន្ថយការរលាកដែលអាចបណ្តាលឱ្យមានការឈឺចាប់អំឡុងពេលមានរដូវបាន។ ក្រៅពីនោះម្នាស់ក៏មានផ្ទុកនូវអង់ស៊ីម bromelain ដែលត្រូវបានបង្ហាញថាអាចកាត់បន្ថយការឈឺចាប់ និងអាចជួយបន្ធូរសាច់ដុំអំឡុងពេលមានរដូវ។
ចំពោះវិធីធ្វើងាយៗ គ្រាន់តែចិតសំបកម្នាស់ចេញ កាត់វាជាដុំៗហើយក្រឡុកជាមួយទឹករហូតដល់ម៉ត់បញ្ចូលគ្នា ផឹក១កែវជាការស្រេច។ ចំណាំ ម្នាស់ជាផ្លែឈើមានជាតិអាស៊ីត ចៀសវាងការផឹកពេលពោះទទេ និងទទួលទានវាច្រើនពេក។
ជារួមមកវិញ ស្ត្រីៗអាចជ្រើសរើសមួយភេសជ្ជៈមួយណាក្នុងចំណោម៣ខាងលើ មកទទួលទានក៏បាន ដែលគិតថាងាយស្រួលរកសម្រាប់ខ្លួនឯង។ មួយវិញទៀត ប្រសិនបើសង្កេតឃើញថាខ្លួនឯងមករដូវតិចៗ មានការឈឺចាប់ខ្លាំងរហូតទ្រាំលែងបាន គួរតែធ្វើឱ្យជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ។
ជាមួយគ្នានេះផងដែរ ភេសជ្ជៈមួយចំនួន គួរតែចៀសវាផងដែរអំឡុងពេលមករដូវ។ វេជ្ជបណ្ឌិតជំនាញ ពីប្រទេសឥណ្ឌា Hari Lakshmi ឯកទេសចំណីអាហារនិងអាហារួបត្ថម្ភ បានលើកឡើងថា ការទទួលទានជាតិកាហ្វេអ៊ីច្រើនពេក អាចបង្កគ្រោះថ្នាក់ខ្លាំងចំពោះស្ត្រីកំឡុងពេលមករដូវ។ ជាតិកាហ្វេអ៊ីនទៀតសោត មិនមានៗតែក្នុងកាហ្វេទេ មាននៅក្នុងភេសជ្ជកំប៉ុង ភេសជ្ជៈប៉ូវកម្លាំង សូកូឡា និងអាហារមួយចំនួនទៀតផងដែរ៕
អត្ថបទដោយ៖ Senghong