ការរស់នៅឱ្យមានអាយុវែងជារឿងមិនងាយនោះទេ បើថែសុខភាពមិនបានល្អទេ ជំងឺច្បាស់ជារត់សម្រុកចូលក្នុងខ្លួនជាមិនខានទេ។ លោកយាយ Sally Bloom បានបង្ហាញអាថ៌កំបាំងឱ្យរស់នៅដល់អាយុ ១០៥ ឆ្នាំដោយគាត់មានទម្លាប់ពិសេសមួយគឺដើរហាត់ប្រាណមួយម៉ោងក្នុងមួយថ្ងៃ។ ទោះគាត់មានអាយុ១០០ឆ្នាំស្តើងក៏គាត់នៅមានស្មារតីមុតស្រួច និងមានសុខភាពរឹងមាំដែរ។
នៅពេលគេសួរអំពីអាថ៌កំបាំងលោកយាយប្រើជីវិតរស់នៅបានយូរដោយសារអ្វី? គាត់បានឆ្លើយថា ខ្ញុំមានទម្លាប់ដើររយៈពេលមួយម៉ោងជារៀងរាល់ថ្ងៃ និងធ្វើ Pilates និង aerobic រៀងរាល់សប្តាហ៍។ ជាការពិត អ្នកជំនាញបានចង្អុលបង្ហាញថាការដើរជារៀងរាល់ថ្ងៃជាវិធីដេញជំងឺ ពង្រឹងសុខភាពឱ្យមាំពេលអ្នកចាស់ឡើង។ ការដើរហាត់ប្រាណនេះ អ្នកអាចដើរបានគ្រប់ពេលគ្រប់ទីកន្លែងទាំងអស់។ ការដើរជួយកាត់បន្ថយជំងឺសរសៃឈាមបេះដូង មហារីក និងការស្លាប់មុនអាយុថែមទៀត។
តាមលោកវេជ្ជបណ្ឌិត Andrew Freeman នាយកផ្នែកការពារជំងឺបេះដូង និងសុខភាពនៅមន្ទីរពេទ្យជាតិ Jewish ក្នុងទីក្រុង Denver (សហរដ្ឋអាមេរិក) បាននិយាយថា ការដើរត្រឹមតែ ៥នាទីក្នុងមួយថ្ងៃអាចបង្កើតការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់រាងកាយឱ្យមានសុខភាពល្អ។ តាមការសិក្សាដែលចេញផ្សាយពីទស្សនាវដ្តី Hypertension បានរកឃើញថាការដើរលឿនអាចជួយកាត់បន្ថយសម្ពាធឈាមបេះដូង។
នៅក្នុងខណៈពេលការសិក្សាត្រូវបានចេញផ្សាយនៅក្នុង Diabetes Care បានរកឃើញថា ការដើររយៈពេល ១៥នាទីបន្ទាប់ពីអាហារអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមបាន។ លើសពីនេះទៀត វិទ្យាស្ថានជាតិសុខភាពផ្លូវចិត្ត (សហរដ្ឋអាមេរិក) បានរកឃើញថា ការដើររយៈពេល ៩០នាទីក្នុងធម្មជាតិអាចកាត់បន្ថយការគិតអវិជ្ជមាន និងធ្វើឱ្យសុខភាពផ្លូវចិត្តប្រសើរឡើង។ នេះជាកត្តាដើរបែបហាត់ប្រាណនាំឱ្យអ្នកមានអាយុវែង មានសុខភាពល្អ៕ អត្ថបទដោយ៖ ទ្រ សុភាព