តាមមន្ទីរពេទ្យ Medlatec បានលើកឡើងថា បុរសម្នាក់ជាជនជាតិវៀតណាមមានអាយុ ២៥ឆ្នាំ មានសុខភាពល្អហើយសួតក៏មិនធ្លាប់បញ្ហាអ្វីដែរ។ ប៉ុន្តែពេលគាត់ខំហាត់ប្រាណលើកទម្ងន់ធ្ងន់ ធ្វើឱ្យគាត់ចាប់ផ្តើមមានរោគសញ្ញារាងឈឺទ្រូងខាងស្តាំនាំឱ្យគាត់ក្អក ដកដង្ហើមរាងខ្លីៗ មិនដល់គ្នា។ គ្រាន់តែមានសញ្ញាមិនសូវស្រួល គេក៏បញ្ចូលគាត់ទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីពិនិត្យសុខភាព។ ដោយការថតកាំរស្មីអ៊ិច និងការស្គេនម៉ាស៊ីន CT បានបង្ហាញថា គាត់មានបញ្ហារលាកសួតខាងស្តាំ។ តាមគ្រូពេទ្យបានកំណត់ថាស្ថានភាពរលាកសួតនេះដោយសាររបួសសួតពេលធ្វើលំហាត់ប្រាណរយៈពេលយូរមកហើយ។ រយៈពេល ២ថ្ងៃ ក្រោយជួយសង្រ្គោះ យុវជនម្នាក់នេះ មានសុខភាពជាវិជ្ជមាន លែងឈឺទ្រូងទៀតហើយ។ គ្រូពេទ្យណែនាំឱ្យហាត់ប្រាណឱ្យប្រុងប្រយ័ត្នជាងមុន។
តាមលោកវេជ្ជបណ្ឌិត Pham Duy Hung អនុប្រធានផ្នែកវេជ្ជសាស្ត្រផ្នែកសួតបានលើកឡើងថា ពេលអ្នកប្រើរាងកាយលើកទម្ងន់លើសកម្រិតពេកក្នុងការហាត់ប្រាណនោះ នាំឱ្យបង្កើនសម្ពាធក្នុងដើមទ្រូងបណ្តាលឱ្យពពុះខ្យល់នៅក្រោម pleura ប្រេះ( pleura ជាភ្នាសស្តើងពីរស្រទាប់នៅរុំជុំវិញសួត និងតម្រង់តាមប្រហោងទ្រូង)។ នេះជាមូលហេតុប៉ះពាល់ដល់សួតផ្នែកខាងក្រៅ (pneumothorax ) បើទោះបីជាអ្នកជំងឺមិនមានជំងឺសួតក៏ដោយ។ ព្រោះបញ្ហាសួតនេះជាបញ្ហាឈឺស្ងាត់ៗ រហូតដល់ពេល វាចាប់ផ្តើមធ្វើទុកដល់អ្នកតែម្តង។ មកពីវាគៀបសរសៃឈាមបេះដូង និងសរសៃឈាមធំៗ បណ្តាលឱ្យស្ទះផ្លូវដង្ហើម ហើយអាចធ្វើឱ្យអ្នកបាត់បងជីវិតផងដែរ។
តាមវេជ្ជបណ្ឌិតបានណែនាំថា បើអ្នកមានរោគសញ្ញាពីដំបូង ដូចជាការឈឺទ្រូងភ្លាមៗ ឬដកដង្ហើមខ្លីៗ រាងក្អក់ និងវិលមុខ នៅក្នុងអំឡុងពេលហាត់ប្រាណ គួរតែប្រញាប់ឈប់សម្រាកសិន ហើយចាំទៅមណ្ឌលសុខភាព ដើម្បីធ្វើការពិនិត្យសុខភាពឱ្យទាន់ពេលវេលា។ អ្នកហាត់ប្រាណទៀងទាត់ គួរចេះសម្រួលដង្ហើមតាមគ្រូហាត់ប្រាណ ទើបលើកទម្ងន់របស់អ្នកមានសុវត្តិភាព(មានករណីខ្លះ អ្នកហាត់ប្រាណលើកធ្ងន់តែទប់ដង្ហើមដើម្បីលើកឱ្យបានច្រើន វាមានហានិភ័យដល់សួត និងផ្នែកសរសៃឈាម)។ អ្នកគួរដកដង្ហើមចេញចូលតាមការលើកទម្ងន់ពេលហាត់ប្រាណ។ ពេលអ្នកហាត់ប្រាណ ដកដង្ហើមខុសបច្ចេកទេសក៏អាចមានបញ្ហាដល់សួត ឬសុខភាពផ្លូវដង្ហើមរបស់អ្នកផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព