មានមនុស្សមួយចំនួនធំបានកើតជំងឺធាត់មកពីរបបអាហារ គ្មានលំហាត់ប្រាណ និងហ្សែន។ ជំងឺធាត់នេះ វាធ្វើឱ្យយើងពិបាកធ្វើការ និងមានអារម្មណ៍ស្មុកស្មាញផងដែរ។ ថ្ងៃនេះ យើងនឹងលើកយកដំណោះស្រាយបញ្ហានេះ ឱ្យអ្នកមានរាងកាយរឹងមាំ និងសុខភាពល្អផងដែរ។ មានវិធីដូចខាងក្រោមនេះ៖
១. ជំងឺធាត់មានគ្រោះថ្នាក់បំផុត
អ្នកមានជំងឺធាត់មកពីរបបអាហារមានជាតិខ្លាញ់ច្រើនលើរាងកាយ គ្មានលំហាត់ប្រាណ ដើម្បីកាត់បន្ថយជាតិខ្លាញ់ និងមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួន។ តាមលោកគ្រូ សំបូរ ណាន ជាកីឡាករកាយវប្បកម្មដែលទទួលបានមេដៃមាសលេខមួយ នៅឆ្នាំ ២០១៧ ជាមេដៃមាសកាយវប្បកម្មមុនគេក្នុងស្រុកខ្មែរ និងមានពាន់រង្វាន់ជាច្រើនទៀត។ ចំពោះបញ្ហាអ្នកធាត់ លោកគ្រូបាននិយាយថា “អ្នកធាត់គ្មានលំហាត់ប្រាណមានការប្រឈមនឹងជំំងឺជាច្រើនដូចជាជំងឺបេះដូង ជំងឺលើសឈាម និងមានការប៉ះពាល់ដល់អារម្មណ៍ផងដែរ។” សម្តីរបស់លោកគ្រូស្របតាមការចុះផ្សាយរបស់ Centers for Disease Control and Prevention បានសរសេរថា “ជំងឺធាត់នេះ ធ្វើឱ្យសុខភាពផ្លូវចិត្តចុះខ្សោយ និងកាត់បន្ថយគុណភាពជីវិតផងដែរ។ ហើយជំងឺធាត់នេះជាបុព្វហេតុនាំឱ្យកើតជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងការដាច់សរសៃឈាមខួរក្បាល ហើយមានបន្ទុបនៅជំងឺមហារីកមួយចំនួនផងដែរ។” អ្នកដែលកើតជំងឺធាត់នេះ វានាំឱ្យមានការវិវត្ថជាច្រើនដូចខាងលើចឹង។ ដើម្បីការពារជំងឺនេះ យើងមកដឹងពីរបបអាហារ និងការធ្វើលំហាត់ប្រាណវិញ។
២. របបអាហារជួយសុខភាព គ្មានជាតិខ្លាញ់
មនុស្សដែលមានសុខភាពល្អ មានផ្នែកមួយសំខាន់ គឺរបបអហារដែលអ្នកហូបប្រចាំថ្ងៃ លោកគ្រូ សំបូរ ណាន និយាយថា “អាហារដែលគួរហូបឱ្យមានសុខភាពល្អ មានដួចជាបន្លែ ផ្លែឈើ និងត្រី សាច់គោ ពងទា ជារបបអាហារបង្កើតគុណភាពដល់សាច់ដុំ និងសុខភាពបានល្អបំផុត។” លោកគ្រូបានបន្តថា “ការហូបផ្លែឱ្យច្រើន ជួយសុខភាពបានល្អបំផុតមានដូចជា ផ្លែប៉ោម ផ្លែម្នាស់ និងផ្លែក្រូច ជាអាហារមានជាតិផ្អែមជាធ្មជាតិ តែគ្មានជាតិស្ករនោះទេ។” យើងមកមើលអាហារទាំងនេះមានគុណប្រយោជន៍ខាងក្រោយនេះ៖
>> ត្រី Salmon និងខ្លាញ់ត្រី៖ យោងតាមលទ្ធផលនៃការសិក្សាជាច្រើនបានរកឃើញថា ខ្លាញ់ត្រីមានផ្ទុកសារធាតុ omega-3 ដែលអាចជួយបញ្ចុះសម្ពាធឈាម និងជាអាហារដ៏ល្អសម្រាប់សុខភាពបេះដូង ហើយដល់រាងកាយអ្នកហាត់ប្រាណផងដែរ។
>> ពងមាន់៖ សម្រាប់អ្នកហាត់ប្រាណ អាហារដែលសំខាន់ជាងគេ គឺស៊ុត ជាអាហារ ដែលមានភាពងាយ និងមានជាតិប្រូតេអ៊ីនខ្ពស់។ គ្រាន់តែអ្នកចៀន ឬស្ងោរពងឱ្យឆ្អិន ជារឿងងាយស្រួលក្នុងធ្វើវា ហើយអាហារនេះធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែត និងពោរពេញដោយប្រូតេអ៊ីនល្អណាស់។
>> អាហារដែលមានសារធាតុផ្ទុកជាតិកាបូអ៊ីដ្រាតស្មុគស្មាញដូចជាស្រូវសាលី ធញ្ញជាតិ បន្លែ និងផ្លែឈើ(ផ្លែប៉ោម ក្រូច...)សុទ្ធដែលសំបូរទៅដោយជាតិសរសៃដែលជួយកាត់បន្ថយកាជាតិខ្លាញ់ក្នុងសរសៃឈាមបានល្អ។ នៅប្រទេសជប៉ុន មានប្រជាជនជាច្រើនចូលចិត្តផ្លែឈើ ពីព្រោះវាជួយឱ្យរាងកាយមានកម្លាំង និងរក្សាស្បែកស្រស់ថ្លាផងដែរ។
៣. ការធ្វើលំហាត់ប្រាណការពារជំងំធាត់
ការហាត់ប្រាណមានគុណប្រយោជណ៍ដល់សុខភាព និងការពារជំងឺមួយចំនួនផងដែរ។ តាមលោកគ្រូ សំបូរ ណាន បាននិយាយថា “ការហាត់ប្រាណនេះជួយការពារប្រឈមនឹងជំងឺធាត់ និងឱ្យរាងកាយមានភាពរឹងមាំ។ ហើយវាជួយស្បែកមានភភាពស្រស់ថ្លាផងដែរ។ ពីព្រោះថា ការធ្វើលំហាត់ប្រាណជួយកម្ចាតិជាតិពុលពីក្នុងខ្លួន និងសម្រកជាតិខ្លាញ់អាក្រក់។ ពេលយើងមានរាងកាយមាំទាំ យើងធ្វើអ្វីមួយ វាធ្វើឱ្យយើងមិនឆាប់ហត់។ ចំណែករាងកាយអ្នក ដែលគ្មានលំហាត់ប្រាណ ធ្វើឱ្យគាត់ខ្សោយកម្លាំង និងកោសិការក្នុងខ្លួនរបស់គាត់ខ្សោយ ឬប្រព័ន្ធរាងកាយគាត់ខ្សោយ វាធ្វើឱ្យគាត់ងាយកើតជំងឺផ្សេងៗ ផងដែរ។”
ការសម្រកទម្ងន់ ជាការជ្រើសរើសវិធីហាត់ប្រាណ ឱ្យត្រូវនឹងរាងកាយ អាយុនិងតម្រូវការរបស់អ្នកផងដែរ។ គោលដៅការធ្វើលំហាត់ប្រាណជួយកាត់បន្ថយទំងន់ ពង្រឹងភាពខ្លាំងបេះដូង និងសួត វាក៏ជួយបង្កើនប្រព័ន្ធរំលាយអាហារក្នុងរាងកាយអោយកាន់តែប្រសើរឡើង។
បើអ្នកគ្រាន់តែចំណាយខ្លះ(៣០ ទៅ៤០ ក្នុងមួយថ្ងៃ) ធ្វើលំហាត់ប្រាណជួយការពារជំងឺធាត់ ជំងឺបេះដូង និងជំងឺផ្សេងៗ ពីព្រោះថា ការហាត់ប្រាណនេះជួយបង្កើតគុណភាពក្នុងការរស់នៅរបស់អ្នកបានល្អបំផុត។ លោកស្រី Munia Khan បាននិយាយថា “កន្លែងហាត់ប្រាណជាកន្លែងធ្វើឱ្យជីវិតរបស់មនុស្សមានអារម្មណ៍ថា មានតម្លៃសម្រាប់ការរស់នៅ។” បើយើងសម្បូរជំងឺ ការរស់នៅរបស់យើងលំបាកខ្លាំងណាស់។ មនុស្សភាគច្រើន ពេលសុខភាពមិនល្អ ទើបស្គាល់ពីតម្លៃសុខភាព៕
អត្ថបទដោយ៖ ទ្រ សុភាព