យោងតាមការឱ្យដឹងពីគេហទំព័រ The Washington Post បានបញ្ជាក់ថាត្រឹមរយៈពេល២៤ម៉ោងគិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ អាកាសធាតុនៅទូទាំងពិភពលោកបានប្រែប្រួល និងគំរាមកំហែងដល់អាយុជីវិតមនុស្សខ្លាំង។
ជាក់ស្តែង នៅអាស៊ីរងគ្រោះធម្មជាតិខ្លាំងមិនធម្មតាដែរ គិតត្រឹមថ្ងៃម្សិលមិញ កូរ៉េខាងត្បូង រងគ្រោះពីព្យុះទីហ្វុង Hinnamnor ខ្លាំងបំផុត លិចផ្លូវ លិចផ្ទះ ឆប់យកជីវិតមនុស្ស៧នាក់ជាប់គាំងក្នុងចំណតឡាន។ ដោយឡែក នៅទិដ្ឋភាពនៅប្រទេសថៃវិញ រងគ្រោះជាមួយទឹកជំនន់ ព្យុះបន្តមកជាប់ៗគ្នា លិចផ្លូវ លិចឡាន ចលាចលពេញទីក្រុងបាងកកទាំងមូល។ ភ្លៀងធ្លាក់មិនឈប់នៅទីក្រុងបាងកក ផ្លូវជាច្រើនត្រូវបានកាត់ផ្តាច់ដោយសារកម្ពស់ទឹកឡើងខ្ពស់ បង្កភាពវិកវរនៅតាមដងផ្លូវ។ ស្ថានភាពនេះបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅក្នុងតំបន់ជាច្រើនផងដែរ។
បើក្រឡែកទៅប៉ែកអ៊ឺរ៉ុបឯណោះវិញ រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក រងគ្រោះធម្មជាតិភ្លើងឆេះព្រៃសន្ធោសន្ធៅជាង ៤៥០០ហិចតា បណ្តាលមកពីកម្លាំងចរន្តអគ្គិសនីកើនឡើងលើសដែនកំណត់ ចំណែកឯព្យុះទីហ្វុងនៅប៉ាស៊ីហ្វិកក៏កំពុងបោះពួយយ៉ាងលឿនគ្របដណ្តប់យ៉ាងច្រើនប្រទេសផងដែរ ។ មួយភាគបីនៃប្រទេសប៉ាគីស្ថាន បានស្ថិតនៅក្រោមការលិចដោយទឹកជំនន់ មនុស្ស១៣០០នាក់ត្រូវបានស្លាប់ដោយកម្លាំងទឹក និងលិចលង់ផ្ទះសម្បែងរាប់លានខ្នងគិតចាប់ពីថ្ងៃទី៣១ដល់ថ្ងៃទី៧ម្សិលមិញនេះ។។
គូសបញ្ជាក់ផងដែរថា គិតចាប់ពីដើមខែកញ្ញាមក គ្រោះធម្មជាតិ អាកាសធាតុចម្លែកជាច្រើនក៏ចូលមកផ្ទួនៗគ្នា នេះជាសញ្ញាមិនល្អ សូមប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្ន គិតគូរសុវត្ថិភាពជាចម្បង៕
អត្ថបទដោយ៖ មឿន គន្ធា