ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ក្រសួងសុខាភិបាល សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ សូមជួបតែសេចក្តីសុខសុភមង្គល សុខភាពល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ចការងារ ព្រមទាំងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល សូមអំពាវនាវក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ ដើម្បីបង្ការនូវជំងឺផ្តាសាយបក្សី និងការពុលអាហារ ពុលស្រា ស ឬបញ្ហាសុខភាពផ្សេងៗ ដោយអនុវត្តន៍ នូវវិធានការបង្ការនានា ដូចខាងក្រោម៖
១. វិធានការបង្ការការចម្លងជំងឺផ្តាសាយបក្សី ការពុលចំណីអាហារ និងពុលស្រា រក្សាអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុល មុនចាប់កាន់អាហារ ក្រោយចេញពីបង្គន់ ក្រោយប៉ះពាល់សត្វ បោចសម្អាតសត្វស្លាប លាងសម្អាតសាច់ និងសម្ភារៈចម្អិនអាហារ។
២. ត្រូវពាក់ស្រោមដៃ និងម៉ាស់ ឬយកក្រមាចងបិតច្រមុះ មុនពេលចាប់កាន់មាន់ទាធ្វើម្ហូបអាហារ រួចហើយ ស្រុះវាក្នុងទឹកពុះមុននឹងបោចសម្អាតរោម។ កុំប៉ះពាល់ ឬទទួលទាន មាន់ទា ឈឺ ឬងាប់។
៣. ប្រសិនបើមានមាន់ទាឈឺឬងាប់ច្រើននៅផ្ទះឬក្នុងភូមិ ហើយមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាក ដកដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់អាចឈាន ដល់មរណភាពជាយថាហេតុ។
៤. ត្រូវទុកដាក់អាហារឆៅ និងអាហារឆ្អិនឱ្យដាច់ដោយឡែកពីគ្នា សម្អាតសម្ភារៈប្រើប្រាស់សម្រាប់ចម្អិន អាហារឱ្យបានត្រឹមត្រូវ និងចម្អិនអាហារឱ្យឆ្អិនល្អមុនបរិភោគ ជាពិសេសសាច់សត្វបក្សី ស៊ុតនិងអាហារ សមុទ្រ។ កុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ។ នៅពេលទិញម្ហូបអាហារឆ្អិនស្រាប់តាមផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថា អាហារទាំងនោះឆ្អិនល្អ មានអនាម័យ សុវត្ថិភាព និងវេចខ្ចប់បានល្អត្រឹមត្រូវ។
៥.ត្រូវរក្សាទុកចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព អាហារត្រជាក់ត្រូវរក្សាទុកក្រោម៥អង្សាសេ និង អាហារក្តៅលើសពី៦០អង្សាសេ ហើយចៀសវាងទុកអាហារសេសសល់នៅសីតុណ្ហភាពធម្មតាយូរម៉ោង ដើម្បីបង្ការការផ្អែម ដែលអាចបណ្តាលឱ្យ រាក ឈឺពោះ ឬក្អួត។
៦. ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមមានគុណភាពល្អ មិនត្រូវប្រើប្រាស់សារធាតុគីមីបន្ថែម។
៧. ទទួលទានចំណីអាហារ និងពិសាទឹកឆ្អិនដាំពុះដែលមានអនាម័យ និងសុវត្ថិភាពល្អ និងមិនប្រើប្រាស់ ចំណីអាហារហួសកាលកំណត់ប្រើប្រាស់ ឬខូចគុណភាព។
៨. មិនត្រូវទទួលទានស្រា ស ដែលគ្មានប្រភពផលិតច្បាស់លាស់ ឬយកមេតាណុល មកលាយធ្វើជាស្រា ស បង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិត។
៩. ចៀសវាងការប្រើប្រាស់គ្រឿងស្រវឹង ដែលអាចបង្កអំពើហឹង្សា និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
១០. វិធានការបង្ការជំងឺឆ្លងផ្សេងទៀត និងសុវត្ថិភាពក្នុងពេលចូលឆ្នាំ
១១. នៅពេលក្អកកណ្តាស់ ត្រូវខ្ទប់មាត់ដោយពាក់ម៉ាស់ កន្សែងដៃ ឬប្រើផ្នត់កែងដៃ និងមិនត្រូវខាកស្តោះ ឬ បន្ទោបង់ពាសវាលពាសកាល។
១២. ពិសាទឹកឱ្យបានញឹកញាប់លើសពី ២លីត្រ ក្នុងមួយថ្ងៃ ចំពោះមនុស្សពេញវ័យ។
១៣. ចៀសវាងការចូលរួមក្នុងទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើអ្នកមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដក ដង្ហើម ឬមានបញ្ហាសុខភាព ឬសង្ស័យថាមានការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅ មណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ ឬទាក់ទងលេខទូរសព្ទ១១៥។
១៤. សម្រាន្តក្នុងមុង ស្លៀកពាក់ខោជើងវែង អាវដៃវែងឱ្យបានជិត ការពារមូសខាំ ដែលអាចបង្កជាជំងឺគ្រុនឈាម។
១៥. ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត អនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ និង សម្លៀកបំពាក់ទាំងនៅក្នុងនិងក្រៅផ្ទះឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកមូស។
១៦. ពេលធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។
១៧. ត្រូវប្រុងប្រយ័ត្ន និងបង្ការអគ្គីភ័យនៅតាមផ្ទះសម្បែងរៀងខ្លួន។


