មនុស្សភាគច្រើនរអ៊ូរទាំថាមានផលិតផលហើយ តែគ្មានទីផ្សារសម្រាប់លក់ គាត់ខំហើយ គ្មានលទ្ធផល គ្មានចំណូលនាំគាត់បាក់ទឹកចិត្ត។ មានអ្នកលក់បង្កងជាច្រើននៅផ្សារក៏រអ៊ូដូចគ្នាដែរថា គ្មានអ្នកទិញ។ បញ្ហាមិនមែនគ្មានទិញនោះទេ តើបញ្ហានៅត្រង់ណា? មានអ្នកលក់ខ្លះ គាត់មានទម្លាប់មួយតាំងពីដើមមកនោះគឺឱ្យអតិថិជនរត់មកទិញទំនិញ ឬផលិតផលរបស់ខ្លួនដូចជាសម័យមុន គេដើរទៅផ្សារដើម្បីទិញរបស់របរ។ បើបន្តលក់ដូចជាសម័យដើម មិនប្តូរឡើងមកលើតាមអនឡាញទេ អ្នកកាន់តែលក់ កាន់តែអស់សង្ឃឹមក្នុងទីផ្សារ។
សម័យទំនើបនេះ បើអ្នកចង់រកចំណូលកើន មានតែអ្នកចេះធ្វើទីផ្សារដោយខ្លួនឯងទេ ទើបអាជីវកម្មរបស់អ្នកមានអាយុវែង។ មានអ្នកចិញ្ចឹមបង្កងម្នាក់ក៏រអ៊ូដែរថា គាត់គ្មានបង្កងលក់ឱ្យគេទេ ទោះបីបង្កងគាត់រាងថ្លៃជាងគេក៏ដោយ ក៏គេទិញអស់ៗ ដែរ។ យើងអាចនិយាយថា លក់បង្កងដូចគ្នា តែវាសនាចំណូលខុសគ្នា។ ម្នាក់រអ៊ូថាលក់មិនដាច់។ ម្នាក់ទៀតរអ៊ូថា គ្មានបង្កងលក់ឱ្យគេហូបមិនគ្រប់ តើគាត់មានមន្តស្នេហ៍អ្វី?
លោក ពិសិដ្ឋ ជាអ្នកចិញ្ចឹមបង្កងអូស្រ្តាលីនៅជិតភ្នំជាយដែនខេត្តពោធិ៍សាត់។ គាត់ធ្លាប់ជាពលករកូរ៉េប្រាក់ខែជិត ៣ពាន់ដុល្លារ។ ពេលគាត់ជាន់ទឹកដីខ្មែរមានកូនចិត្តមួយបានផុសឡើងកាលនៅកូរ៉េ គាត់នឹងចិញ្ចឹមបង្កង។ ២ឆ្នាំដំបូងក្នុងការចិញ្ចឹមបង្កងមានតែលុយចេញ មិនធំក្លិនលុយចូលសោះ។ មានគេមើលងាយបោះសម្តីថា បង្កងមួយគីឡូ ២៥ដុល្លារគ្មានអ្នកទិញទេ គេទៅទិញសាច់ហូបឆ្ងាញ់មាត់ជាង។ គាត់ស៊ូខាត ២ឆ្នាំមកនេះ ព្រោះតែគាត់មានក្តីស្រមៃមួយគឺវ៉ៃឈ្មោះយីហោខ្មែរលើប្រអប់បង្កងនាំចេញទៅក្រៅប្រទេស ឱ្យគេគិតថា “ខ្មែរយើងក៏មានសមត្ថភាពមិនធម្មតាដែរ”។
លោក ពិសិដ្ឋ បានលើកឡើងថា កាល ២ឆ្នាំមុនខាតមែន ហើយការលក់ក៏លក់តាមយថាកម្មដែរ ថ្ងៃខ្លះលក់បាន ១គីឡូ មានថ្ងៃខ្លះលក់បាន ៣គីឡូ លក់មិនទៀតព្រោះមានអ្នកស្គាល់បង្កងខ្ញុំមានតិចណាស់។ ហើយខ្ញុំក៏គិតថា តើធ្វើយ៉ាងណាឱ្យមនុស្សស្គាល់ពីបង្កងរបស់ខ្ញុំកាន់តែច្រើន?
គ្រាន់តែដាក់សំណួរបែបនេះ ខួរក្បាលគាត់ក៏ផ្តល់ចម្លើយឱ្យថា ធ្វើវីដេអូមានអ្នកមើលច្រើន។ សម្រាប់តែមានកូនចិត្តមួយថា គ្មានកាំម៉ារ៉ាផង ហើយបើថតទូរស័ព្ទ អត់ចេះកាត់វីដេអូថែមទៀត។ បើជួលគេមកថតឱ្យកាន់តែអស់លុយច្រើន...គិតចុះគិតឡើង ក៏សម្រេចចិត្តថា ថតទូរស័ព្ទហើយបង្ហោះយកតែម្តង មិនចាំបាច់មានកាំម៉ារា និងចេះកាត់អ្វីទេ។ ការចាប់ផ្តើមនេះក៏ហុចលទ្ធផលឱ្យគាត់លក់បង្កងអូស្រ្តាលីគ្រាន់បើជាងមុនបន្តិច។
រួចហើយលោក ពិសិដ្ឋ ក៏ឃើញផេកចាបក្រហមផុសបង្រៀនកាត់តវីដេអូ ក៏ចុះឈ្មោះចូលរៀន។ គ្រាន់តែត្រឡប់ទៅវិញ ហើយធ្វើវីដេអូម្តងទៀត ចាប់ផ្តើមមានមនុស្សមើលបង្កងគាត់កាន់តែច្រើនឡើង។ មានវីដេអូខ្លះមានអ្នកមើល ១ម៉ឺននាក់ មាន ១សែននាក់ មាន ១លាននាក់ មានអ្នកមើលលោតរហូតដល់ ៣លាននាក់ឯណោះ។ គាត់ផុសលើបណ្តាញសង្គម Facebooks Tik Tok Telegram និងYouTube ដោយសារគាត់ឡើងលើអនឡាញបែបនេះហើយមានអ្នកស្គាល់ច្រើន បានជាគាត់គ្មានបង្កងលក់ឱ្យភ្ញៀវហូបមិនគ្រប់គ្រាន់នោះ។
លោក ពិសិដ្ឋ មានកសិដ្ឋានឈ្មោះថា ចិញ្ចឹមបង្កងខេត្តខ្ញុំ-សាខាខេត្តពោធិ៍សាត់ គាត់លក់ដាច់ខ្លាំងមានចំណុចពិសេសចំនួន ២យ៉ាងធំៗ ទី១. សាច់បង្កងផ្អែមឆ្ងាញ់ចិញ្ចឹមដោយចំណីធម្មជាតិ និងទី២. គាត់ពូកែធ្វើទីផ្សារ។
លោក ពិសិដ្ឋ បានប្រាប់ថា រាល់ថ្ងៃនេះខ្ញុំខ្លាចភ្ញៀវខឹងព្រោះគ្មានបង្កងលក់ឱ្យភ្ញៀវហូប។ ភ្ញៀវគិតសំខាន់ជាងគេគឺរឿងគុណភាពរសជាតិឆ្ងាញ់ និងហូបហើយមានសុខភាពល្អ។ ពេលបង្កងមានគុណតម្លៃបែបនេះ រឿងតម្លៃ ២៥ដុល្លារក្នុងមួយគីឡូមិនមែនជាបញ្ហាធំនោះទេ។ ទីផ្សារធំសម្រាប់ខ្ញុំសព្វថ្ងៃនេះ ខ្ញុំលក់តាមអនឡាញ។ ខ្ញុំចិញ្ចឹមបង្កងកណ្តាលវាលស្រែជិតភ្នំទៀត បើខ្ញុំរងចាំឱ្យភ្ញៀវមកទិញ ខ្ញុំច្បាស់ជាដាច់បាយជាមិនខានទេ។ អ៊ីចឹងហើយបានខ្ញុំសម្រេចចិត្តលក់បង្កងតាមអនឡាញដោយការថតឱ្យគេឃើញពីរបៀបចិញ្ចឹមបង្កងតាមធម្មជាតិស្រស់ៗ ។ សម័យនេះ មានតែការលក់តាមអនឡាញទេ ទើបលក់ដាច់បានច្រើនជាងលក់មួយកន្លែង។
ពេលលក់តាមអនឡាញមិនថា ថតវីដេអូ និងថតរូបភាពផុសនោះទេ ការធ្វើបែបនេះជាការផ្សព្វផ្សាយដ៏មានឥទ្ធិពលឱ្យផលិតផលរបស់អ្នកលក់ដាច់ដូចជាលោក ពិសិដ្ឋ លក់បង្កងតាមអនឡាញដែរ។ លោក ពិសិដ្ឋ មិនមែនយូរៗ ផុសម្តងទេ គាត់ផុសលើបណ្តាញសង្គមជាប្រចាំ។ សម្រាប់វីដេអូគាត់ធ្វើមានលក្ខណៈសាមញ្ញហើយចំនួន ១៥ទៅ៣០វិនាទី ព្រោះវីដេអូខ្លីមានអ្នកចាប់អារម្មណ៍ ចង់មើលច្រើន ហើយមានឱកាសគេទិញ។ ការផុសបែបនេះ មានគេតាមដានមាតិការបស់គាត់រហូត ទោះបីច្រើននាទីក៏ដោយ ក៏គេតាមដានគាត់ដែរ។
អ្នកលក់អនឡាញមិនចាំបាច់មានលុយច្រើនរាប់ពាន់រាប់ម៉ឺនដុល្លារឱ្យគេផ្សាយពីផលិតផលខ្លួននោះទេ ប៉ុន្តែគេត្រូវការគំនិតពិសេសមួយ ដើម្បីធ្វើឱ្យអតិថិជនបានស្គាល់ មានការចងចាំក្នុងខួរក្បាល និងស្រែកសរសើរពីផលិតផលរបស់ខ្លួននោះគឺ ថតវីដេអូ និងថតរូបភាពបង្ហោះជាប្រចាំថ្ងៃលើបណ្តាញសង្គម។ វាធ្វើឱ្យមនុស្សមើលឃើញពីផលិតផលយើងម្តងហើយម្តងទៀត រហូតភ្ញៀវលាន់មាត់សរសើរ ជាចុងក្រោយភ្ញៀវអត់ទ្រាំមិនបានក៏សម្រេចចិត្តហូតលុយមកទិញផលិតផលពីយើង។ នេះជាឥទ្ធិពលលក់អនឡាញឱ្យចំណូលកើន។
មុននឹងចង់លក់អ្វីមួយលើអនឡាញ អ្នកកុំគិតថា ផុសទៅគ្មានទិញ មានអារម្មណ៍ខ្មាស់គេ ហើយខ្លាចគេមើលងាយមុខរបររបស់ខ្លួន...គំនិតទាំងអស់នេះ សុទ្ធតែជាគំនិតឱ្យគាំងចំណូល។ អ្នកគួរបង្កើតមាតិកាពីមុខរបបរកស៊ីរបស់ខ្លួនហើយចាប់ផ្តើមលក់តាមអនឡាញដើម្បីបង្កើនចំណូល។ បើអ្នករកស៊ីលក់តែក្នុងហាងមួយកន្លែងនោះ អ្នកលក់មិនទាន់គេទេ។ ជាចុងក្រោយអ្នកមានជម្រើសមួយគឺសម្រេចចិត្តបិទហាងតែម្តង។
សូមអ្នកកុំមើលស្រាលទឹកដៃផលិតមាតិការបស់ខ្លួនអី ទោះជាអ្នកផុសទៅមិនទាន់មានអ្នកមើលច្រើន ហើយមិនទាន់មានអ្នកទិញក៏ដោយ ចូរអ្នកបង្កើតមាតិកាជាប្រចាំថ្ងៃឱ្យហើយទៅណា! គង់តែថ្ងៃណាមួយនឹងមានអ្នកមើលច្រើនជាមិនខាន។ សម្រាប់ការបង្កើតមាតិកានេះ មិនមែនជារឿងខាតបង់លុយកាក់ច្រើនទេ គ្រាន់តែអ្នកចំណាយពេលវេលាខ្លះ ហើយចំណាយកម្លាំងថាមពលធ្វើវីដេអូ និងថតរូបភាពបង្ហោះលើបណ្តាញសង្គមតែប៉ុណ្ណោះ សម្រាប់អ្នកចង់រកស៊ីលើអនឡាញ នេះជាផ្លូវក្នុងសង្គមសម័យថ្មី ដើម្បីឱ្យអ្នកបង្កើនចំណូលកាន់ច្រើនឡើង។ លោកអ្នកទាក់ទងលោក ពិសិដ្ឋ ផ្ទាល់តាមកសិដ្ឋានចិញ្ចឹមបង្កង ខេត្តខ្ញុំ និងលេខទូរស័ព្ទ ០៨៨ ៩៧៨ ៩៨០៦ ៕ អត្ថបទដោយដោយ៖ ទ្រ សុភាព