ចិត្តសាស្ត្រ
អ្នកចិត្តសាស្រ្តថា៖ ចង់ឱ្យជីវិតរស់មានអត្ថន័យ ផ្លូវចិត្តរីករាយ អ្នកត្រូវគិតអស្ចារ្យបែបនេះ
Tror Sopheap
August 2 2024
485 views

ការរស់នៅរបស់មនុស្សម្នាក់ៗ តែងមានហេតុផល ដើម្បីប្រើជីវិតនេះឱ្យមានក្តីសុខ ប៉ុន្តែអ្នកចិត្តសាស្រ្ត Paul Bloom បានបញ្ជាក់ថា ការរស់នៅប្រកបដោយអត្ថន័យ និងក្តីសុខ ទាមទារឱ្យយើងជ្រើសរើសទទួលយកការឈឺចាប់ក្នុងបរិមាណមួយសមហេតុផល។ និយាយទៅ ការឈឺចាប ការប្រកួតប្រជែង ភាពស្មុគស្មាញ និងការរងទុក្ខនេះ ជាមេរៀនមួយដែលមានតម្លៃ បង្រៀនយើងឱ្យចេះប្រើជីវិតនេះ និងដាស់ចំណុចខ្លាំងរបស់អ្នកឱ្យភ្ញាក់ រស់នៅមានក្តីសុខតាមបំណងប្រាថ្នារបស់ខ្លួន។

លោក Alan Watts ជាអ្នកនិពន្ធ និងជាទស្សនវិទូ បាននិយាយថា អ្នកអាចមានសមត្ថភាពរស់នៅក្នុងក្តីសុបិនរបស់អ្នកបាន បើអ្នកហ៊ានទទួលយកការពិតនៃជីវិតនេះ។ គាត់ចង់មានន័យថា ការរស់នៅតាមក្តីសុបិននេះ វាទាមទារឱ្យប្រឹងប្រែង ជម្នះលើឧបសគ្គ និងឆ្លងកាត់ការឈឺចាប់ ព្រោះវាជាដំណើរជីវិតនាំឱ្យយើងមានអត្ថន័យ។ ហើយមានគេដាក់សំណួរថា ជីវិតរបស់យើងរស់នៅមានអត្ថន័យគ្មានការឈឺចាប់បានឬទេ? អ្នកចិត្តសាស្រ្ត Paul Bloom បានបញ្ជាក់បន្ថែមថា ការរងទុក្ខ និងជីវិតមានអត្ថន័យ វាមិនអាចកាត់ផ្តាច់ពីគ្នាបាន ហើយវាក៏មានតម្លៃមិនអាចកាត់ថ្លៃបានដែរ។

ហើយលោក Bloom បានបន្តថា ការរស់នៅមានអត្ថន័យ មានគោលដៅ និងសប្បាយរីករាយ វាតម្រូវឱ្យមានការរងទុក្ខមួយចំនួនមានដូចជា ការឈឺចាប់ ការលំបាក ការព្រួយបារម្ភ និងលទ្ធផលនៃការបរាជ័យផងដែរ។ សូម្បីនៅក្នុងសៀវភៅរបស់គាត់មានឈ្មោះថា The Sweet Spot: The Pleasures of Suffering and the Search for Mean ពីការស្វែងយល់ក្នុងទ្រឹស្ដីមួយចំនួនអំពីមូលហេតុដែលមនុស្សជ្រើសរើសយកបទពិសោធន៍ ការឈឺចាប់ និងការរងទុក្ខ ព្រោះនៅក្នុងបញ្ហាទាំងនេះ វាបានរួមបញ្ចូលឱ្យជីវិតមានអត្ថន័យ និងសុភមង្គលផងដែរ។

ការពន្យល់មួយអំពីមូលហេតុដែលមនុស្សនឹងទទួលការឈឺចាប់ដោយចេតនា គឺដើម្បីបង្កើនភាពរីករាយតាមរយៈភាពផ្ទុយគ្នា។ ភាពងងឹត អាចធ្វើឱ្យពន្លឺមានភាពស្រស់ស្អាត។ យើងមានអារម្មណ៍រីករាយ ពេលយើងឆ្លងកាត់ការឈឺចាប់រួច។ បទពិសោធន៍មួយដ៏ល្អ គឺមនុស្សចូលចិត្តញ៉ាំហឹល ប៉ុន្តែរសជាតិឆ្ងាញ់ផងដែរ។ ពេលយើងហាត់ប្រាណ ត្រូវប្រើកម្លាំងខ្លាំង បន្ទាប់មកយើងចាប់ផ្តើមមានអារម្មណ៍រីករាយ។ យើងមិនត្រូវអង្គុយកើតទុក្ខច្រើននោះទេ អ្នកត្រូវធ្វើរឿងណា ផ្តល់គុណតម្លៃឱ្យជីវិត និងក្តីសុខ។ ព្រោះយើងមករស់នៅលើផែនដីនេះ រយៈពេលខ្លីណាស់។

នៅពេលយើងជ្រើសរើសទទួលយកការឈឺចាប់ដោយចេតនា គោលដៅរបស់វាជាធម្មតា គឺដើម្បីបង្កើនសុភមង្គល ឬអត្ថន័យជីវិត។ ការសិក្សាឆ្នាំ ២០១៣ ត្រូវបានចេញផ្សាយនៅក្នុង The Journal of Positive Psychology បានបង្ហាញថា សុភមង្គល មានឫសគល់នៅក្នុងធម្មជាតិ ហើយផ្តោតទៅលើការបំពេញតម្រូវការ និងបំណងប្រាថ្នារបស់ខ្លួនឱ្យអស់ពីសមត្ថភាព។ អារម្មណ៍នៃសុភមង្គលរបស់យើងពឹងផ្អែកយ៉ាងធំធេងលើបច្ចុប្បន្នកាលនេះ ហើយវាក៏រួមបញ្ចូលអតីតកាល និងអនាគតកាលផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2545

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia