សម្រស់
ចូលចិត្តដករោមក្លៀកញឹកញ៉ាប់ផ្តល់ផលប៉ះពាល់ដែរឬទេ? ដោះស្រាយដោយរបៀបណា?
MC LyHouy
November 23 2020
1.4 K views

ក្លៀកក៏ជាផ្នែកមួយនៃសម្រស់របស់មនុស្សជាច្រើនដែរ ជាពិសេសគឺនារីៗតែម្តង ដូចគេបាននិយាយថា មានក្លៀកស្រស់ស្អាតបង្កើនភាពជឿជាក់ដល់មិត្តៗនារី។ ដូចនេះហើយបានជាមាននារីៗជាច្រើននាក់ដែលមានទម្លាប់ដករោមក្លៀកញឹកញ៉ាប់ព្រោះចង់សម្អាតក្លៀកឱ្យបានស្អាត ព្រោះក្លៀកដែលមានរោមច្រើនប្រាកដជាមិនស្អាតទេ ដោយឡែកការដករោមក្លៀកនេះទៀតសោតក៏អាចបង្ករជាផលប៉ះពាល់ដល់មិត្តៗនារីវិញដែរ ប្រសិនបើយើងសម្អាតមិនត្រឹមត្រូវ។ ខាងក្រោមនេះជាផលប៉ះពាល់និងវីធីសម្អាតរោមក្លៀកឱ្យបានត្រឹមត្រូវ។

លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានប្រាប់ឱ្យដឹងថា ការដករោមក្លៀកញឹកញ៉ាប់អាចបណ្តាលឱ្យមានផលប៉ះពាល់ធំៗ៣យ៉ាងគឺ៖

១. ឈឺចាប់ឬផ្សារ៖ នៅពេលដែលយើងដករោម វានឹងធ្វើឱ្យក្លៀកយើងផ្សារហើយឈឺ តាមពិតគេមានក្បួននិងវិធីសាស្រ្តផ្សេងដើម្បីកុំឱ្យឈឺឬផ្សារបាន។

២.រោមដុះក្នុងសាច់៖ នៅពេលដែលយើងដករោមក្លៀកញឹកញ៉ាប់ទាំងដែលរោមទាំងអស់នោះមិនទាន់ដុះពេញលេញ វាធ្វើឱ្យនៅសល់ឬសនៅក្នុងសាច់ ធ្វើឱ្យវាដុះនៅក្នុងសាច់រហូតមានដុំពកៗកើតឡើង ហើយយូរៗទៅពេលត្រូវឆ្កឹះទាញចេញម្តងៗ រោមប្រវែងវែងៗណាស់។ ប្រសិនបើជៀសមិនបាន ទម្លាប់ដក ត្រូវរក្សារយៈពេលក្នុងការដកអាចទុករហូតរោមនោះដុះវែងបន្តិចដើម្បីយើងអាចដឹងថា វាដុះអស់ហើយមិនសល់ឬសនៅក្នុងសាច់។

៣.ស្បែកក្លៀកមិនរលោងទេ៖ យើងចង់បានក្លៀកស្អាត ប៉ុន្តែយើងដកញឹកញ៉ាប់មិនអាចធ្វើឱ្យក្លៀកស្អាតបានទេ ព្រោះពេលយើងដកញឹកពេកវាធ្វើឱ្យក្លៀកលែងរលោង ដុំពកៗ និងគ្រើមៗ។ នេះគឺជាផលប៉ះពាល់នៃការដករោមក្លៀក ហើយខាងក្រោមនេះទៀតគឺជាវិធីសាស្រ្តក្នុងការសម្អាតរោមក្លៀកឱ្យបានល្អ ដែលលោកវេជ្ជបណ្ឌិតបានណែនាំ។

វិធីសម្អាតរោមក្លៀកឱ្យបានស្អាតនិងគ្មានផលប៉ះពាល់

·        ប្រើកាវ(Wax)ឬក្រមួនបករោម៖ ការប្រើកាវបករោមនេះគឺជាជម្រើសល្អបំផុតមួយដែលគេនិយមប្រើនៅប្រទេសអភិវឌ្ឍន៏ ដោយសារតែវាចំណាយលុយតិចនិងធ្វើឱ្យមានការបកចេញមិនល្អ អស់ឬស និងមិនធ្វើឱ្យឈឺសាច់ ផ្សារឬដុះដំពកនោះទេ។ ការប្រើវិធីសាស្រ្តនេះ យើងអាចរកទិញក្រមួននោះបកខ្លួនឯង ឬទៅតាមស្ប៉ាដើម្បីឱ្យអ្នកជំនាញបកឱ្យកាន់តែល្អ។

·        ប្រើគ្រីម៖ គ្រីមបករោម ដែលអាចរកទិញលើទីផ្សារបានដែលមានសារធាតុVeetក្នុងការរំលាយរោមធ្វើឱ្យរោមរបស់យើងរលាយចេញតែម្តង ដោយគ្រាន់តែលាបហើយទុកចោលប៉ុន្មាននាទីតែប៉ុណ្ណោះ ការធ្វើបែបនេះក៏ល្អសម្រាប់សម្រស់ស្បែកក្លៀកយើងផងដែរ។

·        ការប្រើឡាស៊ែ៖ ប្រសិនបើអ្នកមានសមត្ថភាពអាចរកគ្លីនិកដើម្បីប្រើឡាស៊ែជម្រុះរោមក៏បាន ព្រោះការប្រើឡាស៊ែប្រមាណជា៤ ៥ ដងវានឹងជួយឱ្យរោមក្លៀកលែងដុះ ឬដុះក្នុងលក្ខណៈតិចតួចបំផុត ។

អ្នកអាចជ្រើសរើសជម្រើសណាមួយខាងលើបាន ហើយមិនបាច់ពិបាកក្នុងការដករោមក្លៀកទៀតទេ វាមិនអាចជួយឱ្យមានសម្រស់ស្បែកក្លៀកស្អាតទេ ថែមទាំងធ្វើឱ្យខូចខាតស្បែកក្លៀកទៀតផង៕


អត្ថបទដោយ៖ អឿ ស្រីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia