ឡេការពារកម្តៅថ្ងៃជាប្រភេទឡេដែលមានតួនាទីសំខាន់បំផុតក្នុងការការពារផ្ទៃមុខក៏ដូចជាស្បែករបស់យើងពីពន្លឺព្រះអាទិត្យ។ ហើយការលាបឡេការពារកម្តៅថ្ងៃបានត្រឹមត្រូវ គឺវាជួយឱ្យស្បែករបស់យើងមានសំណើមតឹងណែន មិនងាយមានស្នាមជ្រីវជ្រួញ និងការពារស្បែកពីភាពចាស់ផងដែរ។
យោងតាមការណែនាំពី Add.orgបានបញ្ជាក់ឱ្យដឹងថា របៀបនៃការលាបឡេការពារកម្តៅថ្ងៃឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់អ្នកត្រូវលាបទៅតាមរបៀបខាងក្រោម៖
· ជ្រើសឡេការពារកម្តៅថ្ងៃដែលមានកម្រិត SPF លើសពី៣០ ពីព្រោះវាជួយការពារមុខរបស់យើងពីកម្តៅថ្ងៃបានល្អ។
· អ្នកចាំបាច់ត្រូវតែលាបឡេការពារកម្តៅថ្ងៃឱ្យបានមុនពេលចេញទៅខាងក្រៅ ១៥នាទី ពីព្រោះរយៈពេលនេះជាពេលដែលសាច់ឡេកំពុងតែជ្រាបចូលទៅក្នុងស្រទាប់ស្បែករបស់អ្នក និងជួយការពារកម្តៅថ្ងៃបានយ៉ាងល្អ។ ករណីអ្នកលាបហើយភ្លាមចេញទៅក្រៅត្រូវកម្តៅថ្ងៃភ្លាមធ្វើឱ្យស្បែកមុខរបស់អ្នកប្រឈមជាមួយការឡើងជាំ និងស្នាមអុចខ្មៅ។
· លាបឡេការពារកម្តៅថ្ងៃឱ្យសព្វពេញមុខ មានន័យថានៅពេលអ្នកលាបគឺអ្នកត្រូវតែយកចិត្តទុកដាក់លាបឱ្យសព្វពេញមុខ ដើម្បីឱ្យសាច់ឡេជ្រាបចូលទៅសព្វការពារស្បែកបានល្អ។
· ករណីអ្នកចេញក្រៅត្រូវកម្តៅថ្ងៃខ្លាំង អ្នកត្រូវលាបឡេការពារកម្តៅថ្ងៃនៅរៀងរាល់ ២ ទៅ ៣ ម៉ោងម្តង។ ទោះជាអ្នកមិនត្រូវចេញទៅក្រៅក៏ដោយ ក៏អ្នកត្រូវតែលាបឡេការពារកម្តៅថ្ងៃដែរ ពីព្រោះគ្រប់ពន្លឺដែលចេញពីទូរសព្ទ កុំព្យូទ័រ និងអំពូលភ្លើង សុទ្ធតែប៉ះពាល់ទៅដល់ផ្ទៃមុខរបស់អ្នក។
មួយវិញទៀត ប្រសិនជាអ្នកចង់ថែរក្សាស្បែកមុខរបស់អ្នកឱ្យរលោង មានសំណើម និងកាន់តែក្មេងជាងវ័យ អ្នកគួរតែមានទម្លាប់លាបសេរ៉ូម មុនពេលលាបឡេការពារកម្តៅថ្ងៃ ហើយក្នុងការប្រើប្រាស់សេរ៉ូមអ្នកអាចលាបតាមរបៀប៖
ជំហ៊ានទី១ ៖ សំអាតមុខ
មុនធ្វើការលាបសេរ៉ូមមុខ អ្នកត្រូវប្រាកដថាស្បែកមុខរបស់អ្នកត្រូវបានលាងសម្អាតរួចហើយ ជៀសវាងមានកំទេចកំទីនៅលើមុខដែលអាចរាំងស្ទះការស្រូបយកសេរ៉ូមដែលអ្នកលាប។
ជំហ៊ានទី២ ៖ ប្រើទឹកToner
បន្ទាប់ពីលាងសម្អាតស្បែកមុខជាមួយហ្វូមឬ សាប៊ូរួចហើយ អ្នកគួរតែប្រើទឹកTonerមកជូតមុខ ដើម្បីឱ្យប្រាកដថាកំទេចកំទីនៅលើមុខត្រូវបានសម្អាតអស់ពីផ្ទៃមុខ ។
ជំហ៊ានទី៣ ៖ ការប្រើ សេរ៉ូម
បន្ទាប់ពីបានសម្អាតមុខនិង ធ្វើការជូតទឹកTonerហើយនោះ ឥឡូវនេះដល់ពេលដែលអ្នកសេរ៉ូមទៅលើមុខរបស់អ្នកហើយ។ អ្វីដែលអ្នកគួរធ្វើល្អបំផុតក្នុងការប្រើសេរ៉ូមលើមុខនោះគឺ អ្នកមិនអាចបន្តក់សេរ៉ូម ៣ ទៅ ៤ តំណក់នៅលើមុខបានហើយ ដោយសារធាតុនៅក្នុងសេរ៉ូមគឺមានជាតិខ្លាំង ដូច្នេះប្រសិនបើអ្នកលាបវាច្រើនវាអាចធ្វើឱ្យស្បែកមុខរបស់អ្នករលាក ឬ ឡើងក្រហម។ បន្ថែមពីនេះ ការលាបសេរ៉ូមដែលត្រឹមត្រូវបំផុតនោះគឺ៖
ប្រើម្រាមដៃ៖ ការប្រើចុងម្រាមដៃមកធ្វើការម៉ាស្សាថ្នមៗស្រាលៗនៅលើផ្ទៃមុខ ពេញរង្វង់មុខ ដើម្បីឱ្យស្បែកមុខស្រូបយកសេរ៉ូមបានល្អ។
ប្រលាបាតដៃ៖ បន្តក់ទឹកសេរ៉ូម ៣ ទៅ៤ដំណក់នៅលើបាតដៃរួចឈ្លីបាតដៃរបស់អ្នក ហើយមកធ្វើការម៉ាស្សានៅលើផ្ទៃមុខរបស់អ្នកស្រាលៗថ្នមពេញផ្ទៃមុខ ដើម្បីឱ្យសេរ៉ូមបានជ្រៀបចូលទៅក្នុងស្បែកមុខកាន់តែលឿន និងមានប្រសិទ្ធភាពខ្ពស់។
អត្ថបទដោយ៖ មឿន គន្ធា