សុខភាពផ្លូវចិត្ត និងរាងកាយរបស់មនុស្សយើងមានការសន្ទនាជាមួយគ្នាជាប្រចាំថ្ងៃ។ មានអ្នកចិត្តវិទ្យា និងរាងកាយវិទ្យា ហើយសូម្បីព្រះពុទ្ធជាអ្នកត្រាស់ដឹង ក៏បានកំណត់ថា រវាងរាងកាយ និងចិត្តនេះ ជារបស់តែមួយ មិនអាចខ្វះគ្នាបានទេ។ ថ្ងៃនេះ យើងនឹងលើកពីអារម្មណ៍ផ្លូវចិត្តមានឥទ្ធិពលក្នុងការទំនាក់ទំនងជាមួយរាងកាយបែបណា? ចម្លើយនេះ ធ្វើឱ្យអ្នកទាំងអស់គ្នាស្រឡាញ់សុខភាពខ្លាំងជាងមុន។
១. កាយឈឺ ចិត្តក៏ឈឺ
នៅពេលណាមួយ យើងឈឺ ឬមួយរាងកាយឈឺចាប់ ផ្លួវចិត្តរបស់យើងក៏ឈឺចាប់ដូចគ្នា។ ពីព្រោះថា រាងកាយរបស់យើងសំខាន់ខ្លាំងណាស់ យើងដេក ដើរ ឈរ និងអង្គុយ គឺរាងកាយរបស់យើងត្រូវធ្វើជាចលនាទាំងអស់។ សូម្បីលោក Tony Robbin ជាអ្នកចិត្តវិទ្យា និងជាអ្នកនិពន្ធដ៏ល្បីល្បាញបាននិយាយថា “នៅពេលយើងផ្លាស់ប្តូរចលនារាងកាយ អារម្មណ៍របស់យើងក៏មានការផ្លាស់ប្តូរដែរ។” ពេលយើងមានបញ្ហាធ្លាក់ទឺកចិត្ត និងស្រ្តេស... គ្រាន់តែយើងធ្វើលំហាត់ប្រាណកន្លែងមានបរិយាកាសស្រស់ស្រាយ អារម្មណ៍របស់យើងក៏ប្តូរភ្លាមៗ។
យើងអាចដាក់សំនួរថា ហេតុអ្វីយើងចាំបាច់ថែរក្សារាងកាយ? ពីព្រោះថា យើងរស់នៅសព្វថ្ងៃនេះ គឺប្រើប្រាស់រាងកាយ ដើម្បីធ្វើកិច្ចការ និងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ហើយមានទំនាក់ទំនងជាមួយចិត្តរបស់យើងជាប្រចាំថ្ងៃ។ សំនួរមួយនេះ មានមនុស្សម្នាក់យល់ច្បាស់បំផុត គឺលោក Hal Elrod គឺគាត់បាក់ទឹកចិត្ត និងមានគ្រោះថ្នាក់ចរាចរណ៍ រហូតគ្រូទេព្យនិយាយថា គាត់នឹងក្លាយជាមនុស្សពិការ(ដើរមិនរួច) ហើយរាងកាយរបស់គាត់ទ្រុឌទ្រាមមែនទែន ចិត្តគាត់ក៏ស្មុកស្មាញ។ លោក Elrod បាននិយាយថា “ខ្ញុំត្រូវចាប់ផ្តើមរក្សាសុខភាពរាងកាយ និងផ្លូវចិត្តរបស់ខ្ញុំឱ្យមានថាមពលឡើង វិធីរបស់ខ្ញុំចាប់ផ្តើមធ្វើលំហាត់ប្រាណជាប្រចាំ(ដើរ រត់តិចៗ និងហាត់យូហ្គា)។”
តាម Mentalhealth បានចុះផ្សាយថា ពេលសុខភាពរាងកាយចុះខ្សោយនឹងមានហានិភ័យចំពោះបញ្ហាផ្លូវចិត្ត។” ដើម្បីរាងកាយរឹងមាំ យើងត្រូវការរបបអាហារចិញ្ចឹម ដែលមានជាតិប្រូតេអ៊ីន មានជាតិរ៉ែ វីតាមីន... និងការធ្វើលំហាត់ប្រាណ ពីព្រោះថា វាជួយឱ្យប្ររព័ន្ធដំណើររាងកាយទាំងមូលបានល្អ។
២. ចិត្តមានបញ្ហា រាងកាយក៏មានបញ្ហាដូចគ្នា
មានទស្សនៈជាសកលថា “រាងកាយមានចលនាព្រោះចិត្ត។” ជាការបង្ហាញការពិតថា ពេលចិត្តមានការឈឺចាប់ មកពីបញ្ហាស្នេហា ស្រ្តេស និងភ័យខ្លាច... រាងកាយនៃប្រព័ន្ធដំណើរក្នុងខ្លួន មានដូចជាបេះដូង សរសៃឈាម និងស្បែក នឹងផលិតធាតុគីមីជាជាតិពុលម្យ៉ាង ធ្វើឱ្យកាត់បន្ថយអាយុរបស់អ្នក។ តាមលោក Andrew Matthews ជាអ្នកនិពន្ធ និងចិត្តសាស្រ្ត បានសរសេរថា មានការពិសោធន៍មួយរបស់អ្នកវិទ្យាសាស្រ្ត ពេលមនុស្សមានអារម្មណ៍មិនល្អ ហើយគេបានមកឈាមមនុស្សនោះ ទៅចាក់ឱ្យសត្វកណ្តុរ បានមួយសន្ទុះក្រោយមក សត្វកណ្តុរនោះបានស្លាប់ មកពីឈាមរបស់មនុស្សកំពុងតែមានអារម្មណ៍មិនល្អ មានជាតិពុល។” ការមានចិត្តរីករាយធ្វើឱ្យសុខភាពរាងកាយរបស់មនុស្សកាន់តែរឹងមាំផងដែរ។
មនុស្សដែលរស់នៅបានយូរជាងគេក្នុងពិភពលោកនេះ គឺអ្នករស់នៅកោះអូគីណាវ៉ា។ តាមការស្រាវជ្រាវរបស់លោក Hector Garcia បានបញ្ជាក់ថា កត្តាមួយធ្វើឱ្យមនុស្សរស់កោះអូគីណាវ៉ាមានអាយុវែង គឺពួកគេតែងតែមានក្តីរីករាយជាមួយគោលបំណងរបស់ខ្លួនឯង។” មានអ្នកស្រាវជ្រាវជាច្រើនបានទៅកន្លែងកោះនោះ តែងតែមានចិត្តរីករាយ និងរបបអាហារជាថ្នាំសុខភាពផងដែរ។ តាមព្រះពុទ្ធមានពោលថា ការថែសុខភាពរឹងមាំ កុំឱ្យចិត្ត និងកាយ ជាប់ជំពាក់នឹងបញ្ហាក្នុងអតីតកាល គឺយើងត្រូវរស់នៅក្នុងពេលបច្ចុប្បន្នដោយសតិ។”
ដូចនេះ ការថែរក្សារាងកាយ និងចិត្តឱ្យបានល្អ ការរស់នៅរបស់យើងក៏មានសុភមង្គលដែរ។ របៀបរស់នៅរបស់យើង ពិតជាមានឥទ្ធិពលទាំងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត។ ការថែរក្សាផ្លូវចិត្តបានល្អដោយការអានសៀវភៅ ការស្តាប់រឿងវិជ្ជមាន ការធ្វើសមាធិ និងការហាត់ប្រាណផងដែរ៕
អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព