ជំងឺឫសដូងបាត គឺជាជំងឺមួយដែលប្រជាជនខ្មែរយើងជួបប្រទះច្រើន ហើយជំងឺឫសដូងបាតនេះផងដែរ វាអាចកើតឡើងបាន ដោយសារទម្លាប់នៃការរស់នៅរបស់មនុស្សប្រចាំថ្ងៃ ដូចជាចូលចិត្តអង្គុយនៅក្នុងបង្គន់យូរៗ មិនញុំាបន្លែ ឧស្សាហ៍ទល់លាមក និងរាគ -ល-។
តួយ៉ាង បើយោងតាមរយៈកិច្ចសម្ពាសន៍របស់ក្រុមការងារចាបបៃតងជាមួយនឹង វេជ្ជបណ្ឌិត ម៉ក់ សុភក្តិ ជាវេជ្ជបណ្ឌិតឯកទេស ជំងឺថ្លើម ក្រពះ ពោះវៀន និងជំងឺឫសដូងបាតនៅមន្ទីរពេទ្យកាល់ម៉ែត បានពន្យល់ប្រាប់ឱ្យដឹងថា ជំងឺឫសដូងបាត ជាជំងឺមួយដែលកើតឡើងដោយសារសរសៃឈាមឫសដូងបាត នៅក្នុងរន្ធគូទឡើងប៉ោង លៀនចេញមកក្រៅ ដែលជាផលរំខានដល់អ្នកជំងឺទើបគេហៅថា ជំងឺឫសដូងបាត មិនមែនជាដុំឫសដែលដុះនៅក្នុងរន្ធគូទទេ ពីព្រោះថា ឫសដូងបាត ជាបណ្ដុំសរសៃឈាមដែលមនុស្សគ្រប់គ្នាមាន ហើយសរសៃឈាមឫសដូងបាតនោះ គឺមាននាទីប្រមាណជា ២៥%ក្នុងការចូលរួមទប់លាមកជាមួយសាច់ដុំគូទ។
ជាការពិតណាស់ លោកវេជ្ជបណ្ឌិត ម៉ក់ សុភកិ្ត បានបន្តទៀតថា ចំពោះរោគសញ្ញា និងកត្តាដែលនាំឱ្យកើតជំងឺឫសដូងបាតមានច្រើនដូចជា៖
- កើតចំពោះអ្នកដែលចូលចិត្តអង្គុយនៅក្នុងបង្គន់យូរ
- ស្រ្តីមានគភ៌ត្រីមាសទី៣
- ស្រ្តីដែលសម្រាលកូនរួចក៏ប្រឈមកើតឫសដូងបាតមកដែរ ដោយសារតែគាត់បានប្រឹងអំឡុងពេលបង្កើតកូន ការប្រឹងរបស់ស្រ្តីសម្រាលកូនក៏ធ្វើឱ្យសរសៃឈាមគូទរបស់គាត់ឡើង ប៉ោង ហើម
- អ្នកឧស្សាហ៍ក្តៀនលាមក ឬរាគ
- អ្នកមិនសូវញុំាបន្ថែ មិនសូវផឹកទឹក
ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត ម៉ក់ សុភកិ្ត បានបញ្ជាក់ថា ចំពោះជំងឺឫសដូងបាត គឺមិនវិវត្តទៅជាជំងឺមហារីកទេហើយជំងឺនេះអាចនឹងមានគ្រោះថ្នាក់តិចតួចដល់អាយុជីវិត ប្រសិនបើមិនបានទទួលការព្យាបាលបានត្រឹមត្រូវ ទុករហូតដល់មានការហូរឈាមខ្លាំង ដែរអាចធ្វើឱ្យអ្នកជំងឺខ្វះគ្រាប់ឈាមក្រហម បង្កជារោគអាការស្លេកស្លាំង...ជាដើម។
យ៉ាងណាមិញ ក្នុងលក្ខខណ្ឌការព្យាបាលវិញ លោកវេជ្ជបណ្ឌិត បានលើកឡើងបន្ថែមដែរថា គឺអាស្រ័យលើស្ថានភាពអ្នកជំងឺកើត គាត់កើតជំងឺឫសដូងបាតខាងក្នុង ឬក៏ជំងឺឫសដូងបាតនៅខាងក្រៅ។
ដោយហេតុថា ចំពោះការព្យាបាលជំងឺឫសដូងបាត គឺទៅតាមប្រភេទជំងឺឫសដូងបាតនិងដំណាក់កាលនៃជំងឺឫសដូងបាតផ្ទាល់រួមមាន៖
- ចំពោះវិធីព្យាបាលជំងឺឫសដូងបាតខាងក្រៅ គឺអ្នកជំងឺមានសរសៃឈាមឫសដូងបាតប៉ោង មានការឈឺចាប់ខ្លាំង និងធ្វើការព្យាបាលឱ្យប្រើការវះកាត់ប្រើថ្នាំស្ពឹក កាត់យកកំណកឈាមចេញឬប្រើថ្នាំដើម្បីឱ្យរបួសវះកាត់ឆាប់ជាសះស្បើយផងដែរ។
- ចំពោះការព្យាបាលជំងឺឫសដូងបាតខាងក្នុងវិញ គឺតាមដំណាក់កាលរបស់វាគឺមាន៤ដំណាក់កាល៖
ដំណាក់កាលទី១៖គឺព្យាបាលឱ្យថ្នាំដើម្បីបន្ទន់លាមក ដើម្បីទប់ស្កាត់ការហូរឈាម ឬក៍ប្រើវិធីចងឫសដូង និងវិធីដុតកម្ដៅ។
ដំណាក់កាលទី២៖គឺព្យាបាលដោយការចងឫសដូងបាត អាចជាសះ៣សប្ដាហ៍ឡើងទៅ សម្រាប់ការព្យាបាលឫសដូងបាតនេះគឺអ្នកជំងឺត្រឡប់ទៅផ្ទះវិញប្រកបការងារជាប្រចាំថ្ងៃបាន។
ដំណាក់កាលទី៣៖គឺអាស្រ័យលើឫសដូងបាតលៀនចេញដោយសរសៃឈាមឫសដូងបាតមាន៣គ្រាប់ក្នុងករណីលៀនចេញតែ១គ្រាប់អាចធ្វើការចង តែប្រសិនណាមានលៀនចេញទាំង៣គ្រាប់គឺធ្វើការវះកាត់ចេញ
ដំណាក់កាលទី៤៖សម្រាប់ការព្យាបាលនៅដំណាក់កាលទី៤វិញគឺធ្វើការវះកាត់យកសរសៃឈាមចេញទាំងអស់ ហើយក្រោយពីវះកាត់អាចជាជះពី៣សប្ដាហ៍ឡើងទៅ។
ជាងនេះទៅទៀតតាមរយៈគេហទំព័រ mayoclinic ក៏បានណែនាំវិធីការពារជំងឺឫសដូងបាតផងដែលមានដូចជា៖
-ញុំាប្រភេទអាហារមានជាតិសរសៃច្រើន៖ញុំាបន្លែផ្លែឈើឱ្យបានច្រើនតាមតែ អាចធ្វើបានដូចជាស្ពៃ ត្រកួន ការ៉ុត ខាត់ណា ត្រសក់ ល្ពៅ សណ្ដែក ផ្លែប័រ ប៉ោម ក្រូច គ្រាប់ធញ្ញជាតិឱ្យបានច្រើន ព្រោះអាហារមានជាតិសរសៃទាំងនេះអាចជួយដល់ក្រពះពោះវៀនបានប្រសើរលាមកទន់មិនរឹង ពេលដែលបត់ជើងធំដែលជាហេតុនាំឱ្យកាត់បន្ថយការនិភ័យជំងឺឫសដូងបាតបាន។
-ផឹកទឹក៖ ព្យាយាមផឹកទឹកជាប្រចាំថ្ងៃឱ្យបានគ្រប់គ្រាន់៨កែវឡើងទៅក៏បានដែលជាហេតុជួយសម្រួលធ្វើឱ្យលាមកទន់មិនរឹងមិនមានការឈឺចាប់ពេលបន្ទោរបង់ម្ដងៗដែលជួយការពារជំងឺឫសដូងបាតកុំឱ្យកើតឡើង។
-កុំអង្គុយយូរ៖ កិច្ចការជាប្រចាំថ្ងៃដែលតម្រូវឱ្យអ្នកអង្គុយច្រើន តែសូមគិតពីសុខភាពផងព្យាយាមដើរ១នាទី២នាទីក៏បានដើម្បីជួយសម្រួលសាច់ដុំ ការចុករោយពីព្រោះថាប្រសិនណាអ្នកអង្គុយូរជាពិសេសអង្គុយលើបង្កន់អាចបង្កើនសម្ពាធលើសរសៃរ៉ែនក្នុងរន្ធគូទអាចបង្កជាជំងឺឬសដូងបាត។
-កុំកិបលាមក៖ ប្រសិនបើអ្នកឈឺពោះកុំទុកយូរប្រញាប់ទៅបង្គន់ព្រោះបើទុកយូរអាចធ្វើឱ្យលាមកស្ងួត រឹងខ្លាំង អាចនិងពិបាកបន្ទោរបង់នាំឱ្យមានការឈឺចាប់ជាដើម។
គួរបញ្ជាក់ឱ្យដឹងទៀតថា លោកវេជ្ជបណ្ឌិតបានលើកទឹកចិត្តឱ្យអ្នកជំងឺឫសដូងបាតទៅទទួលការព្យាបាលជាមួយគ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវចៀសវាងទៅរកគ្រូខ្មែរ ដើម្បីព្យាបាល មិនមែនជារឿងត្រឹមត្រូវនោះទេ។
ជាចុងក្រោយលោកវេជ្ជបណ្ឌិត ម៉ក់ សុភកិ្ត បានធ្វើការណែនាំថានៅដល់ប្រជាជន អស់គ្នាឱ្យដឹងថានៅពេលដែលបត់ជើងមានឈាម មានបញ្ហានៅរន្ធគូទ គួរតែប្រញាប់ទៅជួបជាមួយគ្រូពេទ្យជំនាញដើម្បីធ្វើ ការវិន្និច្ឆ័យឱ្យច្បាស់ពីស្ថានភាពជំងឺថា ការដែលបត់ជើងមានឈាមនិងជាជំងឺឫសដូងបាតមែនឬក៏អត់? ពីព្រោះថាការបន្ទោបង់មានឈាមអាចមកពីរោគសញ្ញានៃជំងឺផ្សេងៗផងដែរ៕
អត្ថបទដោយ៖ប៉ែត ធីតា