ជាធម្មតាក្នុងក្រពះរបស់មនុស្សមានអាស៊ីតរួចជាស្រេច ប៉ុន្តែនៅពេលដែលវាកើនឡើងច្រើនហួសកម្រិតនឹងបង្កជាជំងឺច្រាលជាតិអាស៊ីតនៅក្នុងក្រពះ។ ជំងឺនេះកើតឡើងដោយសារតែបន្ទះបិទបើក បំពង់រំលាយអាហារបិទមិនជិត ដែលធ្វើឱ្យទឹកអាស៊ីតត្រឡប់ក្រោយហូរតាមបំពង់អាហារទៅក្នុងបំពង់ក និងមាត់ បង្កបានជារសជាតិជូរ។ ជំងឹនេះអាចកើតឡើងលើមនុស្សគ្រប់វ័យ ករណីមិនបានព្យាបាលត្រឹមត្រូវវាក៏អាចបង្កផលវិបាកទៅថ្ងៃមុខ អាចទៅជារលាកបំពង់រំលាយអាហារ ឬមហារីកប្រព័ន្ធរំលាយអាហារជាដើម ផ្អែកតាមការចែករំលែកពី My-clevelandclinic។
កត្តាដែលធ្វើឱ្យប្រឈមមុខនឹងជំងឺច្រាលជាតិអាស៊ីតមានដូចជា អ្នកលើសទម្ងន់ មានផ្ទៃពោះ ដែលសម្ពាធនៅក្នុងពោះរបស់ពួកគាត់កើតឡើង ងាយនឹងច្រាលមកបំពង់រំលាយអាហារ។ មិនតែប៉ុណ្ណោះក៏រួចមផ្សំជាមួយនិងកត្តាចំណីអាហារមួយចំនួនផងដែរ។ ផ្អែកតាមការចែករំលែកពី លោកវេជ្ជបណ្ឌិត Roy Patankar នាយកនិងជាគ្រូពេទ្យឯកទេសខាងក្រពះពោះវៀន មន្ទីរពេទ្យ Zen Multispeciality Hospital បង្ហាញពីអាហារមួយចំនួនដល់ ដែលគួរចៀសវាង សម្រាប់អ្នកមានបញ្ហាច្រាលជាតិអាស៊ីតស្រាប់ ឬប្រសិនបើអ្នកមិនទាន់មានជំងឺនេះទេក៏គួរកាត់បន្ថយផងដែរ។
១ ជាតិកាហ្វេអ៊ីន៖ កាហ្វេអ៊ីនមាននៅក្នុងកាហ្វេ សូដា ភេសជ្ជកំប៉ុង និងភេសជ្ជៈប៉ូវកម្លាំង ផងដែរ។ នៅពេលដែលអ្នកផឹកភេសជ្ជៈទាំងនេះច្រើន ក្នុងរយៈពេលយូរ អាចធ្វើឱ្យអ្នកក្រហាយទ្រូង ដែលជាអាការៈមួយនៃជំងឺច្រាលជាតិអាស៊ីតក្នុងក្រពះផងដែរ។
២ ប៉េងប៉ោះ៖ ប៉េងប៉ោះមានជាអាស៊ីតពីធម្មជាតិស្រាប់ នៅពេលដែលទទួលទានវាច្រើនអាចបង្កើតជាតិអាស៊ីតក្នុងក្រពះបាន។
២ អាហារបំពង៖ គ្រប់ប្រភេទឱ្យតែជាអាហារបំពង ប្រើខ្លាញ់ច្រើន ងាយនឹងធ្វើឱ្យអ្នកឡើងជាតិអាស៊ីត។
៣ ក្រូចឆ្មារ៖ ក្រូចឆ្មារជាផ្លែឈើដែលមានជាតិអាស៊ីតច្រើន គួរចៀសវាងកុំទទួលទានច្រើនពេក។
៤ អាហារហឹរ៖ វាមានផ្ទុកសារធាតុ capsaicin ដែលអាចធ្វើឱ្យរលាកបំពង់អាហារ និងធ្វើឱ្យរោគសញ្ញាក្រហាយទ្រូងកាន់តែធ្ងន់ធ្ងរ។
៥ គ្រឿងស្រវឹង៖ លោកវេជ្ជបណ្ឌិតបាននិយាយថា គ្រឿងស្រវឹងគ្រប់ប្រភេទមានផលអវិជ្ជមានដល់សុខភាព វាក៏អាចធ្វើឱ្យអ្នកច្រាលជាតិអាស៊ីតក្នុងក្រពះ រលាកក្រពះ និងខូចមុខងារមួយចំនួនរបស់បំពង់រំលាយអាហារផងដែរ។ អ្នកមានជំងឺហើយគួរចៀសវាង អ្នកមិនទាន់ឈឺក៏គួរកាត់បន្ថយឱ្យនៅតិចបំផុត។ ក្រៅពីគ្រឿងស្រវឹងអាហារកែច្នៃក៏អាចបំផ្លាញក្រពះរបស់អ្នកបានផងដែរ ប្រសិនបើអ្នកនៅបន្តទទួលទានវាច្រើន។
ដើម្បីការពារខ្លួនពីជំងឺនេះ លោកអ្នកបញ្ឈប់បញ្ហាប្រឈម ដូចជាកាត់បន្ថយអាហារទាំងអស់ខាងលើនេះ ឈប់ជក់បារី កែប្រែរបបអាហារឡើងវិញ រក្សាកុំឱ្យលើសគីឡូ ធ្វើលំហាត់ប្រាណ និងព្យាយាមដកដង្ហើមចូលវែងៗ៕
អត្ថបទដោយ៖ Senghong