កូឡេស្តេរ៉ុល គឺជាសារធាតុខ្លាញ់មួយប្រភេទ(lipoprotein)ដែលមាននៅក្នុងខ្លួនរបស់យើងគ្រប់គ្នា ហើយវាជាធាតុផ្សំរវាងខ្លាញ់ និងប្រូតេអ៊ីន។ បើនិយាយអោយងាយស្ដាប់ គឺសារធាតុខ្លាញ់មិនអាចនៅស្មើរសាច់ក្នុងឈាមបានទេ បើមិនមានជាតិប្រូតេអ៊ីនរុំពទ័្ធពីក្រៅ។ ដូច្នេះវាប្រៀបដូចជាភ្នាក់ងារដឹកជញ្ជូនជាតិខ្លាញ់ទៅកន្លែងនានាក្នុងសារពាង្គកាយខ្លួនយើង។
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស ក្រពេញអ័រម៉ូន និងទឹកនោមផ្អែម មានប្រសាសន៍ថា ខ្លួនប្រាណរបស់មនុស្សយើងម្នាក់ៗអាចផលិតកូឡេស្តេរ៉ុលដោយខ្លួនឯងបានមួយចំនួន ហើយមួយចំនួនទៀតត្រូវបានផលិតចេញពីចំណីអាហារដែលយើងបរិភោគ។
ទន្ទឹមនឹងគ្នានេះដែរ លោកវេជ្ជបណ្ឌិត ចន្ថា តុលា បានបញ្ជាក់ថា ចំណីអាហារដែលយើងបរិភោគទាំងនោះមានដូចជា ពពួកសាច់សត្វ, ទឹកដោះគោ, ស៊ុត, ខ្លាញ់សត្វ និងប្រេងរុក្ខជាតិជាដើម។ ជាការពិតណាស់នៅក្នុងខ្លួនមនុស្សយើងផងដែរ កូឡេស្តេរ៉ុលត្រូវបានដឹកជញ្ជូនទៅប្រើប្រាស់តាមរយៈជាតិប្រូតេអ៊ីន ដើម្បីយកទៅប្រើប្រាស់តាមសរីរាង្គនានា។
តួយ៉ាង ប្រជាជនទូទៅតែងតែលើកសំណួរសួរថា តើអ្វីទៅជាកូឡេស្តេរ៉ុលអាក្រក់? ជាមួយគ្នានេះដែរលោកវេជ្ជបណ្ឌិត ចន្ថា តុលា បានស្រាយចម្ងល់របស់អ្នកទាំងអស់គ្នាថា កូឡេស្តេរ៉ុលអាក្រក់ ឬពាក្យបច្ចេកទេសហៅថា Low density lipoprotein (LDL-cholesterol or “bad cholesterol”) គឺជាពពួកកូឡេស្តេរ៉ុលដែលចល័តនៅក្នុងសរសៃឈាមរបស់យើង ដែលវាមានតួនាទីដឹកនាំសារធាតុខ្លាញ់ទៅឲ្យកោសិកាផ្សេងប្រើប្រាស់ ក៏ប៉ុន្តែគុណវិបត្តិរបស់វា គឺវាទៅកកជាប់នៅតាមសរសៃឈាម ដែលជាហេតុបង្កឲ្យសរសៃឈាមទាំងអស់នោះឡើងរឹង (atherosclerosis) និងកកស្ទះមិនអាចឲ្យឈាមរត់បានស្រួល។ ការស្ទះសរសៃឈាមជាមូលហេតុចំបងដែលអាចបង្កឲ្យមានគ្រោះថ្នាក់កើត ជំងឺបេះដូង និងសរសៃឈាមចំបងៗមួយចំនួនដូចជា៖
‑ជំងឺសរសៃឈាមបេះដូង(Coronary artery disease)ដែលអាចបង្កឲ្យមានបញ្ហាគាំងបេះដូង។
‑ជំងឺសរសៃឈាមខួរក្បាល(Cerebral vascular disease)ដែលបង្កឲ្យមានបញ្ហាកង្វះឈាមចិញ្ចឹមកោសិកាខួរក្បាល (ischemic stroke) ឬមានការដាច់សរសៃឈាមក្នុងខួរក្បាល (hemorrhagic stroke)។
តើអ្វីទៅជាកូឡេស្តេរ៉ុលល្អ? លោកវេជ្ជបណ្ឌិត ចន្ថា តុលា បានបន្ថែមថា កូឡេស្តេរ៉ុលល្អ ឬក៏ភាសាបច្ចេកទេស High density lipoprotein (HDL-cholesterol or “Good cholesterol”) ដែលកូឡេស្តេរ៉ុលល្អមានតួនាទីយ៉ាងសំខាន់នៅក្នុងការសម្អាតជាតិខ្លាញ់ពីសរសៃឈាមរបស់មនុស្ស ដោយវាមានតួនាទីជាអ្នកបោសសម្អាតខ្លាញ់អាក្រក់ដែលវាស្អិតជាប់នឹងសរសៃឈាមជញ្ជូនទៅកាន់ថ្លើមវិញ ដើម្បីផលិតទៅជាសារធាតុខ្លាញ់ដទៃដើម្បីប្រើប្រាស់ជាប្រយោជន៍បន្ត។
ឆ្លៀតក្នុងឱកាសនេះ លោកវេជ្ជបណ្ឌិត ចន្ថា តុលា មានប្រសាសន៍ថា ទ្រីគ្លីសេរីដ (Triglyceride) គឺជាបណ្តុំនៃសារធាតុខ្លាញ់សុទ្ធ ដែលអណ្តែតនៅក្នុងសរសៃឈាមរបស់យើង។ ជាការពិតណាស់ទ្រីគ្លីសេរីដដែលច្រើនលើសលប់ វានឹងត្រូវបានយកទៅស្តុកទៅក្នុងជាលិកាខ្លាញ់ (adipose tissue) ដែលមាននៅលើរាងកាយរបស់យើង។ ឧទាហរណ៍ដូចជា ជាលិកាខ្លាញ់នៅតាមដងខ្លួន ដែលជាអ្នកមានក្បាលពោះជាដើម និងប្រសិនបើវាកើនការស្តុកជាតិខ្លាញ់ក្នុងថ្លើមច្រើន បង្កឲ្យមានបញ្ហា steatosis ដែលប្រជាជនខ្មែរយើងភាគច្រើនស្គាល់ជា ខ្លាញ់រុំថ្លើម។ ដូចគ្នាទៅនឹងកូឡេស្តេរ៉ុលអាក្រក់ផងដែរ ការកើនឡើងលើសកម្រិតនៃចំនួនទ្រីគ្លីសេរីដ វាបង្កឲ្យមានវិបត្តិបញ្ហាសរសៃឈាម និងបេះដូងផងដែរ៕
អត្ថបទដោយ៖ម៉ាង វិសិដ្ឋារតន៍