អ្នកសាកស្រមៃមើលថា ពេលអ្នកកើតជំងឺមហារីក និងទឹកនោមផ្អែម តើអ្នករស់នៅប៉ុន្មានថ្ងៃទៀត? ស្តេចជំងឺទាំងនេះ បានសម្លាប់មនុស្សច្រើនណាស់។ អត្រាមរណៈបង្កដោយជំងឺមហារីកធ្វើឱ្យពលរដ្ឋកម្ពុជាស្លាប់ជិត១,៤ម៉ឺននាក់ក្នុងមួយឆ្នាំ។ បើតាមលោកវេជ្ជបណ្ឌិត ឈាង រ៉ា ជារដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា អត្រាមរណភាពដោយជំងឺមហារីកគឺ “មានមនុស្សស្លាប់ម្នាក់ដោយសារជំងឺមហារីកជារៀងរាល់៤០នាទីម្តងនៅកម្ពុជា ឬប្រមាណ៣៨នាក់ក្នុង មួយថ្ងៃ”។ ដូច្នេះ! ផ្លែឈើ ៥នេះជាថ្នាំទិព្វការពារស្តេចជំងឺមហារីក និងការពារជំងឺទឹកនោមផ្អែម៖
១.ផ្លែទំពាំងបាយជូពណ៌ស្វាយមានកំហាប់ប្រឆាំងអុកស៊ីតកម្ម Anthocyanin មានច្រើនដើម្បីប្រឆាំងជាមួយជំងឺមហារីក។ ផ្លែឈើនេះមានផ្ទុកសារធាតុ Resveratrol យ៉ាងច្រើនដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក ការរលាក និងមានឥទ្ធិពលតិចតួចទៅលើកម្រិតជាតិស្ករក្នុងឈាមហើយជួយសុខភាពអ្នកជំងឺទឹកនោមផ្អែមដែរ។
២. ផ្លែឈើរ៉ាស់បឺរី Raspberry មានពណ៌ក្រហមឆេះមានរសជាតិផ្អែមបន្តិច។ ហើយវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម anthocyanin អាចជួយបង្កើនប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងការរលាក កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និងប្រឆាំងជំងឺមហារីកថែមទៀត។ ព្រោះវាមានសារធាតុវីតាមីនC និងជាតិសរសៃជួយដល់ការរំលាយអាហារពង្រឹងសុខភាពឱ្យមាំ។ ចំពោះអាស៊ីត ellagic នៅក្នុងផ្លែឈើនេះក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី និងប្រឆាំងមេរោគ និងមានសន្ទស្សន៍ glycemic ទាប ដូច្នេះផ្លែឈើនេះការពារជំងឺទឹកនោមផ្អែមមានប្រសិទ្ធភាពខ្ពស់។
៣. ផ្លែប៊្លូបឺរីទុំមានផ្ទុកនៅសារធាតុប្រឆាំងអុកស៊ីតកម្ម anthocyanin មានច្រើនជាងពាក់កណ្តាលនៃសារធាតុប្រឆាំងអុកស៊ីតកម្ម polyphenol ដើម្បីជួយកាត់បន្ថយហានិភ័យជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី២ និងការពារជំងឺមហារីកផងដែរ។ ផ្លែប៊្លូបឺរីមានផ្ទុកនូវជាតិសរសៃ និងសារធាតុ prebiotic ដែលមានប្រយោជន៍ក្នុងពោះវៀនហើយជួយដល់ប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ។
៤. ផ្លែក្រូចមានជាតិវីតាមីនC និងសារជាតិ flavonoids ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ កាត់បន្ថយការរលាក និងលើកកម្ពស់ស្បែកក្មេងជាងវ័យដោយជំរុញការផលិតកូឡាជែន។ ការហូបផ្លែក្រូចជាប្រចាំថ្ងៃនោះជួយអាចកាត់បន្ថយហានិភ័យជំងឺមហារីកក្រពះ និងសួតបានល្អណាស់។
៥. អ្នកហូបគ្រាប់វ៉ាល់ណាត Walnut ជាប្រចាំថ្ងៃជួយអ្នកកម្រកើតជំងឺមហារីក។ ព្រោះវាមានផ្ទុកសារធាតុ polyphenols ការពារការរីករាលដាលចំពោះកោសិកាមហារីកក្រពេញប្រូស្តាត និងមហារីកសុដន់។ បើយោងតាមគេហទំព័រ MOFFITT Cancer Center បានបញ្ជាក់ថាគ្រាប់ Walnut មានមុខងារជួយស្ត្រីកំពុងប្រឈមនឹងជំងឺមហារីកសុដន់។ ការហូបគ្រាប់ Walnut ៥០ក្រាមក្នុងមួយថ្ងៃប្រហែល ២សប្តាហ៍ធ្វើឱ្យកោសិកាជំងឺមហារីកសុដន់មានការលូតលាស់យឺត ឬកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺផ្សេងៗបានផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព