មានបងប្អូនជាច្រើនបានធ្លាប់ញុំាគ្រាប់ជី ហើយបងប្អូនខ្លះក៏បានដឹងពីអទ្ថប្រយោជន៍នៃគ្រាប់ជី ខណៈអ្នកមួយចំនួនទៀតក៏មិនទាន់បានដឹងថា តើគ្រាប់ជីអាចជួយអ្វីខ្លះដល់រាងកាយរបស់យើង? តាមការពិតទៅ គ្រាប់ជី គឺមិនត្រឹមតែជួយការពារជំងឺនោះទេ ថែមទាំងជួយសម្រកគីឡូបានថែមទៀតផង។
ដោយសារតែអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់គ្រាប់ជី ថ្ងៃនេះក្រុមការងារចាបបៃតង( Healthy Cambodia)បានដកស្រង់ អត្ថប្រយោជន៍បន្ថែមទៀតពីប្រភព(Good House Keeping) ដើម្បីឱ្យបងប្អូនបានជ្រាបកាន់តែច្បាស់។ ក្នុងនោះលោក វេជ្ជបណ្ឌិត Alicia Romanoដែលជាអ្នកជំនាញផ្នែកចំណីអាហារបានឱ្យដឹងថា គ្រាប់ជី គឺសម្បូរប្រូតេអ៊ីនពេញលេញ និងជាប្រភពមួយក្នុងចំណោមប្រភពអាស៊ីតខ្លាញ់អូមេហ្គា៣ ។ បន្ថែមពីនេះ សូមបងប្អូនអានបន្តនូវអត្ថប្រយោជន៍របស់គ្រាប់ជីចំពោះសុខភាពនឹងកាសម្រកទម្ងន់៖
គ្រប់គ្រងជាតិគ្លុយកូស ៖ ការសិក្សាបានរកឃើញថា របបអាហារដែលមានផ្ទុកគ្រាប់ជី ឬ ប្រេងពីគ្រាប់ជី គឺអាចជួយឱ្យមានភាពប្រសើឡើងនៃគ្លុយកូសនិងអាំងស៊ុយលីន ។ ខណៈការសិក្សាមួយទៀត ថាគ្រាប់ជីគឺមានតុល្យភាពនៃជាតិស្ករក្នុងឈាម ព្រោះមាតិកាជាតិកាកសរសៃខ្ពស់របស់វាធ្វើឱ្យមានការស្រូបយកជាតិស្ករ។
ជួយសម្រួលដល់ចង្វាក់បេះដូង៖ គ្រាប់ជី គឺសម្បូរទៅដោយ អាស៊ីតអាល់ហ្វា-លីណូឡែន ដែលជាអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលភាគច្រើនបានមកពីធម្មជាតិ។ គួរបញ្ជាក់ថា នៅក្នុងខ្លួនមនុស្សអាល់ប៊ីអា អាចជួយក្នុងការបំប្លែងទៅជាអាស៊ីតខ្លាញ់អូមេហ្គា៣ ចំនួន២ទៀត គឺចាំបាច់សម្រាប់ប្រព័ន្ធសរសៃឈាមបេះដូង។
គ្រាប់ជីអាចជួយសម្រកទម្ងន់៖ ជាការពិតណាស់ គ្រាប់ជីគឺមានភាពរំអិលដែលអាចជួយសម្រួលដល់ការបន្ទរបង់របស់អ្នកឱ្យកាន់តែមានភាពងាយស្រួលជាងមុន។ បន្ថែមពីនេះ លោក រ៉ូម៉ាណូ និយាយថាការទទួលទានទឹកជាមួយគ្រាប់ជី គឺជាវិធីសាស្ត្រល្អបំផុតដែលអាចឱ្យអ្នកទទួលទានគ្រាប់ជីបានច្រើននិងជារៀងរាល់ថ្ងៃ។
បន្ថែមពីនេះ ក្នុងគេហៈទំព័រHealthlineបានឱ្យដឹងថា គ្រាប់ជីអាចជួយទប់ស្កាត់ចំណង់អាហាររបស់អ្នក និងជួយសម្រកទម្ងន់។
យោងតាមការសិក្សារ ការញុំាអាហារដែលមានជាតិកាកសរសៃ ៣០% នឹងជួយលោកអ្នកឱ្យស្រកគីឡូ ក្នុងនោះគ្រាប់ជីក៏សម្បូរជាតិកាកសរសៃខ្ពស់ផងដែរ។ មួយវិញទៀត គ្រាប់ជី គឺមានកាល់ឡូរីទាបប៉ុន្តែមានជាតិខ្លាញ់ល្អច្រើន។
គួរបញ្ជាក់ថា ការញុំាគ្រាប់ជីដ៏ល្អបំផុត គឺ២ស្លាបព្រាក្នុងមួយថ្ងៃ ការញុំាក្នុងបរិមាណកម្រិតមធ្យម អាចជួយឱ្យអ្នកមានអារម្មណ៍ថាឆ្អែត និងមិនសូវទទួលទានអ្វីផ្សេងបានច្រើននោះទេ។ ដោយឡែក អ្នកគួរតែញុំាគ្រាប់ជីជាមួយទឹកកែវ មុនពេលញុំាអាហារ១០ទៅ១៥នាទីកាន់តែប្រសើ។
ម្យ៉ាងវិញទៀត លោកអ្នកអាចញុំាគ្រាប់ជីដោយបន្ថែមក្រូចឆ្មា ឬ ញុំាជាមួយទឹកដោះគោជូរក៏បាន ព្រោះសារធាតុក្នុងក្រូចឆ្មានិងទឹកដោះគោជូរមិនធ្វើឱ្យអ្នកឡើងគីឡូឡើយ ហើយថែមទាំងងាយស្រួលក្នុងការញុំាទៀតផង៕
អត្ថបទស្រាវជ្រាវដោយ៖ កញ្ញា តឹក ស៊ីថា