ការហាត់ប្រាណពិតជាសំខាន់ណាស់។ ប៉ុន្តែបើអ្នកហាត់ខុសក្បួនទាំងការញ៉ាំ និងការហាត់ក៏គ្មានលទ្ធផលអ្វីដែរ។ អ្នកធាត់ចង់ស្រកគីឡូ ហើយហាត់ប្រាណមានប្រសិទ្ធភាពក្នុងការដុតខ្លាញ់ អ្នកគួរតាមលោកគ្រូ នៅ ស៊ីថុន ជាអ្នកជំនាញផ្នែកហាត់ប្រាណអស់ជាច្រើនឆ្នាំបានលើកឡើងថា មុនពេលហាត់ប្រាណ អ្នកកុំហូបអាហាររឹងៗ និងហូបលើសកម្រិតពេក នាំឱ្យអ្នកមានអារម្មណ៍ខ្ចិលៗ ហើយអំឡុងពេលហាត់ចុកពោះ ឈឺក្រពះ និងងងុយដេកថែមទៀត។ ដើម្បីហាត់ប្រាណបានល្អ មានថាមពលខ្លាំង អ្នកគួរហូបអាហារទន់ៗ និងរយៈពេល ១ទៅ២ម៉ោងដើម្បីរំលាយអាហារអស់ ហើយវានៅសល់ថាមពលឱ្យអ្នកហាត់បានខ្លាំង។ សម្រាប់អាហារអ្នកគួរមុនពេលហាត់ប្រាណ មានចេកទុំ ផ្លែល្ហុង មានស៊ុត មានត្រី មានទឹកដូង មានទឹកធម្មតា និងទឹកសណ្ដែក... ទើបអ្នកមានថាមពលហាត់ប្រាណ ដើម្បីកម្ចាត់ខ្លាញ់បានល្អ។ យកល្អ! អ្នកគួរហូបអាហារកម្រិតត្រឹមតែ ៤០%ទៅ៥០%បានហើយ។
ពេលអ្នកមានទម្លាប់ហាត់ប្រាណរយៈពេល ២សប្តាហ៍ និង១ខែ ធ្វើឱ្យអ្នកប្តូររាងកាយ ហើយកាន់តែចូលចិត្តការហាត់ប្រាណខ្លាំងឡើងជាមិនខានទេ។ ហើយលោកគ្រ ស៊ីថុន បានលើកឡើងនៅត្រង់ចំណុចនេះថា “ពេលយើងចាប់ផ្តើមហាត់ប្រាណ ហើយបន្តហាត់ប្រាណដល់កម្រិតញៀន សូម្បីរបបអាហាររបស់អ្នកពីមុនក៏មានការផ្លាស់ប្តូរដោយខ្លួនអូតូដែរ។ ហើយអ្នកកាន់តែស្រឡាញ់ខ្លួនឯងកាន់តែខ្លាំងឡើង នេះជាក្តីសុខពេលអ្នកខំហាត់ប្រាណ។
ពេលអ្នកហាត់ប្រាណចប់ តើអ្នកគួរហូបអាហារបែបណាជួយដុតខ្លាញ់បានល្អ? តាមលោកគ្រូ ស៊ីថុន បានលើកឡើងថា អាហារក្រោយពេលហាត់ចប់ ជាអាហារសំខាន់សម្រាប់សាច់ដុំ ដុតខ្លាញ់បន្ត និងរក្សាស្រកគីឡូផងដែរ។ បើអ្នកហូបខុសនោះ ការខំប្រឹងហាត់ប្រាណក៏គ្មានបានលទ្ធផលអ្វីដែរដូចជាអាហារសម្បូរជាតិខ្លាញ់ និងជាតិស្ករលើសកម្រិត វាបង្កឱ្យអ្នកធាត់លើសដើម។ សម្រាប់អ្នកគួរហូបអាហារមានដូចជា សាច់គោ ទ្រូងមាន់ ត្រី ស៊ុត ទឹកដោះគោ ផ្លែប៉ោម ត្រសក់ ប៉េងប៉ោះ ការ៉ុត ស្ត្រប័ររី ស្ពៃក្ដោប ក្រូចឆ្មារជាដើម។ ចំពោះអាហារទាំងអស់នេះជួយប៉ូវសាច់ដុំ និងកាត់បន្ថយជាតិខ្លាញ់ឱ្យអ្នកឆាប់ស្រកគីឡូបានលឿន។ ការហាត់ប្រាណជាប្រចាំ និងរបបអាហារល្អ ជួយឱ្យអ្នកមានរស់នៅសុខភាពស្រួល មានសម្រស់ក្មេងជាងវ័យ និងជៀសពីជំងឺកាចៗ ផងដែរ៕ លោកគ្រូ នៅ ស៊ីថុន Sithun Trainer ជាអ្នកបង្ហាត់ផ្នែកហាត់ប្រាណ នេះជាលេខទូរស័ព្ទ៖ 071 96 92 987 //០១០ ២៩៩ ៨៤៥ អត្ថបទដោយ៖ ទ្រ សុភាព