យោងតាមរយៈការចែករំលែក របស់ វេជ្ជបណ្ឌិត ឆាយ និមល ជាគ្រូពេទ្យឯកទេស រោគកុមារនៅ គ្លីនិកកុមារឱរ៉ាល់(Aoral Pediatric Clinic) មានបទពិសោធន៍ជាមួយនឹងជំងឺរោគកុមារ រយៈពេល៧ឆ្នាំ បានចែករំលែកទម្លាប់មួយចំនួនរបស់ម្ដាយឪពុកអាចធ្វើឱ្យកូនឧស្សាហ៍រាគ ក្តៀន ហើមពោះ និងឈឺជាពិសេសអាចនឹងមិនសូវឡើងគីឡូ។
ដូច្នេះហើយវេជ្ជបណ្ឌិត បានចែករំលែកទម្លាប់ទាំង៨យ៉ាងដែលម៉ាកៗគួរតែប្រយ័ត្ន និងកែតម្រូវចៀសវាងកូនមានបញ្ហាឈឺច្រើន មិនសូវលូតលាស់។
ទម្លាប់ទាំងនោះទាក់ទងនឹងរបៀបឆុងទឹកដោះគោឱ្យបានត្រឹមត្រូវ និងការធ្វើអនាម័យសំខាន់ៗដែលម៉ាក់ៗគួរតែថដឹងឱ្យបានច្បាស់លាស់
1. អានពត៌មានលំអិតលើសំបកកំប៉ុងទឹកដោះគោ៖ ការអានឱ្យលំអិននៅពត៌មានក្នុងសំបកកំប៉ុងទឹកដោះគោ ថាតើទឹកដោះគោនឹងពេលឆុងត្រូវការប្រើទឹកដោះគោប៉ុន្មានស្លាបព្រា ប្រើទឹកប៉ុន្មាន? ទី២ កាលបរិច្ឆេទនិងការផុតកំណត់ទឹកដោះគោនោះ ទី៣ការចុះបញ្ចីការ តើទឹកដោះគោនោះមានចុះបញ្ចីការ គេទទួលស្គាល់ឬនៅ? ព្រោះការចុះបញ្ជីការគឺសំខាន់ខ្លាំងមែនទែន។
2. ដាក់ម្សៅឬទឹកមុន៖ ជាការពិតណាស់ មានការណែនាំជាច្រើនដែលគេណែនាំឱ្យឆុងទឹកដោះគោដាក់ទឹកមុន ក៏ប៉ុន្ដែមានប្រេនទឹកដោះគោខ្លះគឺមិនមែនឆុងដូចគ្នាចឹងទាំងអស់ទេ។ ដូច្នេះអ្វីដែលត្រឹមត្រូវគឹម៉ាក់ៗគួរតែអានការណែនាំក្នុងសំបកក៉ប៉ុងឱ្យបានច្បាស់លាស់មុនឆុង។
3. សីតុណ្ហភាពទឹក៖ ទឹកដោះគោភាគច្រើនគេប្រើទឹកក្ដៅឧណ្ហៗ ដែលមានសីតុណ្ហភាពប្រហែល៣០ទៅ៧០អង្សាសេ។ មូលហេតុដែលគេប្រើទឹកក្ដៅឧណ្ហៗដើម្បីឆុងទឹកដោះគោ ព្រោះទឹកក្ដៅមានសារប្រយោជន៍ដល់ទារក ទី១នោះគឺជួយសម្លាប់មេរោគដែលមានក្នុងម្សៅទឹកដោះគោ ទី២ជួយសម្លាប់មេរោគដែលតោងជាប់ក្នុងកំប៉ុងទឹកដោះគោទី៣ជួយបង្កើនរស់ជាតិទឹកដោះគោ។
4. ថែមថយបរិមាណទឹកតាមយល់៖ ម៉ាក់ៗកុំព្យាយាមថែមថយទឹកដែលខុសពីការណែនាំមានក្នុងសំបកកំប៉ុង។ ឧ.ពេលឆុងទឹកដោះគោហើយមើលឃើញរាងខាប់មិនទំនងខ្លាចកូនបៅទឹកឈឺក ស្អាកកជាដើម ក៏ថែមថយទឹកបន្ដិចបន្ដួច។ តែការថែមថយបែបនេះមិនបានជួយអ្វីដល់កូនដូចការគិតនោះទេ មានតែប៉ះពាល់ដល់សុខភាពរបស់កូនវិញទេ។
5. ចៀសវាងទឹករ៉ែយកមកឆុង៖ ហាមប្រើប្រាស់ទឹករ៉ែឆុងទឹកដោះគោឱ្យកូន ព្រោះនៅក្នុងម្សៅទឹកដោះគោ គេបានកំណត់បរិមាណសារធាតុរ៉ែត្រឹមត្រូវអស់ហើយ ថាតើក្មេងអាយុប៉ុណ្ណឹងគាត់ត្រូវការជាតិរ៉ែប៉ុន្មាន? ដូច្នេះប្រសិនណាម៉ាក់ៗយកទឹករ៉ែទៅឆុងលាយម្សៅទឹកដោះគោទៀត ជាហេតុធ្វើឱ្យជាតិរ៉ែកាន់តែលើស។ កាលណាជាតិរ៉ែលើកសរីរាង្គរបស់ទារកដែលរងគ្រោះជាងគេគឺតម្រងនោម ចំណុចនេះគឺប្រឈមហានិភ័យខ្លាំងណាស់ព្រោះតម្រងនោមរបស់គាត់មិនអាចមានលទ្ធភាពច្រោះជាតិរ៉ែបានទេ។
6. មិនគួរឱ្យបៅទឹកដោះគោដែលសល់៖ វេជ្ជបណ្ឌិត បានណែនាំហាមកុំឱ្យកូនបៅទឹកដោះគោដែលសស់ ព្រោះទឹកដោះគោដែលបៅសល់រួចហើយ គឺមានជាប់មេរោគ។ ដូច្នេះពេលដែលម៉ាក់ៗយកទឹកដោគោដែលសល់ឱ្យកូនបៅបន្ដ ដូចយកមេរោគដាក់ឱ្យកូនបៅអ៊ីចឹង។
7. អនាម័យ៖ ការធ្វើអនាម័យគឺពិតជាសំខាន់ខ្លាំងណាស់ មានដូចជា ការលាងសម្អាតដៃមុនឆុងទឹកដោះគោឱ្យកូន ការលាងដបទឹកដោះគោឱ្យមានស្អាត និងទុកដាក់ឱ្យបានត្រឹមត្រូវ បូករួមទាំងការ បើកកម្របកំប៉ុងម្សៅទឹកដោះគោ ចំណុចទាំងនេះម៉ាក់ៗគួរតែធ្វើអនាម័យឱ្យបានត្រឹមត្រូវ។
8.ប្តូរទំហំក្បាលដបទឹកដោះគោស្របតាមអាយុ៖ ចំណុចនេះមិនពាក់ព័ន្ធការឈឺទេ តែវាអាចប៉ះពាល់ដល់គីឡូរបស់កូន ប្រសិនណាទំហំក្បាលដបទឹកដោះគោមិនត្រូវតាមអាយុរបស់គាត់អាចធ្វើឱ្យគាត់ បៅទៅមិនសូវឡើងគីឡូឬក៏កូនលែងចង់បៅ កាលណាគាត់មិនសូវបៅ អាចជាហេតុធ្វើឱ្យគាត់មិនសូវលូតលាស់។
សរុបមក សង្ឃឹមថាអត្ថបទចែករំលែករបស់វេជ្ជបណ្ឌិត ឆាយ និមល ជាគ្រូពេទ្យឯកទេស រោគកុមារនៅ គ្លីនិកកុមារឱរ៉ាល់(Aoral Pediatric Clinic) មានបទពិសោធន៍ជាមួយនឹងជំងឺរោគកុមារ រយៈពេល៧ឆ្នាំទាក់ទងនឹងរបៀបឆុងទឹកដោះគោឱ្យបានត្រឹមត្រូវ បូករួមទាំងការធ្វើអនាម័យនេះ បានទៅដល់ដៃម៉ាក់ៗថ្មីថ្មោងឬក៏ម៉ាក់ៗដែលមិនទាន់ច្បាស់លាស់ទាក់ទងនឹងការឆុងទឹកដោះគោឱ្យកូន ហើយចេះតែឆ្ងល់ថាកូនមិនសូវបៅ ឬក៏កូនចេះតែក្ដៀនលាមក ហើមពោះជាពិសេសមិនសូវឡើងគីឡូ៕