មិនថារដូវកាលក្ដៅ ឬត្រជាក់ទេ ក្មេងៗងាយនឹងឈឺណាស់ដោយសារដែលប្រព័ន្ធភាពស៊ាំរបស់ពួកគេនៅខ្សោយនៅឡើយ។ ឳពុកម្ដាយគ្រប់រូបមិនគួរធ្វេសប្រហែសឡើយ បើផ្អែកតាមការចែករំលែកពីវេជ្ជបណ្ឌិតជំនាញ អៀង ហួរ ឯកទេសកុមារនិងសង្គ្រោះបន្ទាន់ បទពិសោធន៍ជាង២០ឆ្នាំ បានចែករំលែកថាជំងឺដែលជួបច្រើនបំផុតលើកុមារគឺជំងឺរលាកផ្លូវដង្ហើម។
វេជ្ជបណ្ឌិត បានឱ្យដឹងថាមូលហេតុដែលបង្កជំងឺនេះ គឺកើតឡើងពីវីរុសឬបាក់តេរី ដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈ កម្ទេចទឹកមាត់តូចៗដែលភាពចេញពីការក្អក កណ្ដាស់ ឬនិយាយទល់មុខគ្នា។ មួយវិញទៀត ជាទម្លាប់របស់ក្មេងៗ ពួកគេចូលចិត្តបៀមដៃ ឬយករបស់ផ្សេងៗទៅខាំ ដែលធ្វើឱ្យមេរោគងាយឆ្លងចូលក្នុងខ្លួនរបស់គាត់។
អ្វីដែលជាបញ្ហាគ្រោះថ្នាក់ គឺក្មេងៗឈឺដំបូង មានរោគសញ្ញាដូចជាផ្ដាសាយធម្មតាអ៊ីចឹងដែរ។ មេរោគនេះអាចឆ្លងតាមមាត់ ច្រមុះ ឬបំពង់ក បង្កជាជំងឺផ្ដាសាយ ជំងឺរលាកបំពង់ក ជំងឺរលាកទងសួត រលាកសួត ធ្វើឱ្យដំបៅសួតជាដើម។ វេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា ក្នុងករណីទាំងអស់នេះ បើឳពុកម្តាយមិនបានចាប់អារម្មណ៍ នាំកូនព្យាបាលឱ្យត្រឹមត្រូវ ទាន់ពេលវេលាទេ អាចបង្កជាផលវិបាកធ្ងន់ធ្ងរដល់សួតរបស់កុមារ ហើយក៏អាចគ្រោះថ្នាក់ដល់ជីវិតផងដែរ។
ជាទូទៅជំងឺផ្លូវដង្ហើមនេះ មានរោគសញ្ញាដំបូងៗដូចជាផ្ដាសាយដែរ មានហៀរសំបោរ ក្ដៅខ្លួន ក្អក នៅពេលដែលវាចាប់ផ្ដើមវិវត្តដែលធ្វើឱ្យមានបញ្ហារលាកសាច់សួតនឹងចាប់ផ្ដើមធ្វើឱ្យក្មេងៗហត់។ ហេតុនេះ ដើម្បីបង្ការគ្រោះថ្នាក់ធ្ងន់ធ្ងរលើកូន បើឃើញកូនគ្រុន ក្ដៅ ក្អក ហៀរសំបោរ បូករួមទាំងហត់ ដកដង្ហើមញាប់ គួរឆាប់នាំទៅជួបគ្រូពេទ្យ ព្រោះវាអាចមិនមែនគ្រាន់តែគ្រុនផ្ដាសាយធម្មតានោះទេ។
ក្រៅពីជំងឺរលាកផ្លូវដង្ហើម កុមារក៏ងាយក្នុងការកើតជំងឺផ្សេងៗទៀតផងដែរ ទើបវេជ្ជបណ្ឌិតចែករំលែកពីវិធីដែលឳពុកម្ដាយគួរតែការពារកូនកាត់បន្ថយហានិភ័យបានដោយ៖
១ ចាក់ថ្នាំបង្ការ រាល់ជំងឺដែលអាចការពារបាន ដូចជាក្អកមាន់ ខាន់ស្លាក់ ជំងឺផ្ដាសាយ វ៉ាក់សាំងការពាររលាកស្រោមខួរ និងវ៉ាក់សាំងការពាររលាកសួត។
២ ទម្លាប់រស់នៅស្អាត គួរបង្រៀនកូនឱ្យលាងដៃឱ្យបានស្អាត លាងសម្អាតរាល់ឧបករណ៍ក្មេងលេងឱ្យបានទៀងទាត់ជាប្រចាំ។
៣ មុនចាប់កាន់កូនឬរៀបចំអាហារឱ្យកូន គួរតែលាងសម្អាតដៃខ្លួនឯងឱ្យបានស្អាត។ បើមានជំងឺឬឈឺ គួរតែរក្សាគម្លាតពីក្មេងៗ ឬពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវ។
៤ អាហារប៉ូវភាពស៊ាំកូនឱ្យរឹងមាំ មានដូចជាបន្លែ ត្រី សាច់ ផ្លែឈើ ទឹកដោះគោ គ្រាប់ធញ្ញជាតិ ដែលពពួកអាហារទាំងនេះសម្បូរសារធាតុចិញ្ចឹម សារធាតុរ៉ែ វីតាមីន ជាតិកាកសរសៃ ដែលធ្វើឱ្យរាងកាយលូតលាស់បានល្អនិងភាពស៊ាំរឹងមាំ។
៥ អាហារដែលគឺចៀសវាង ដូចជាអាហាររសជាតិផ្អែមពេក ប្រៃពេក ឬអាហារដែលមានសារធាតុគីមី ដែលដាក់ថ្នាំរក្សាទុកបានយូរ។ អាហារដែលញ៉ាំច្រើនអាចបង្កជំងឺដល់កូនៗមានដូចជា ហតដក (Hot dog) ភីហ្សា ប៊ឺហ្គី នំកញ្ចប់ គ្រឿងបំប៉ុង បង្អែម និងភេសជ្ជៈផ្អែមៗគ្រប់ប្រភេទ។
គួរឱ្យដឹងផងដែរ វេជ្ជបណ្ឌិត អៀង ហួរ ជាវេជ្ជបណ្ឌិត ឯកទេសកុមារនិងសង្គ្រោះបន្ទាន់ បទពិសោធន៍ជាង២០ឆ្នាំ បម្រើការនៅមន្ទីរពេទ្យគន្ធបុប្ជា និងបច្ចុប្បន្នជាប្រធាន មន្ទីរព្យាបាលស្ត្រីនិងកុមារ ដំរី។ មន្ទីរមន្ទីរព្យាបាលស្ត្រីនិងកុមារ ដំរី មានឯកទេសកុមារ សម្ភព និងរោគស្រ្តី មានវេជ្ជបណ្ឌិតជំនាញច្បាស់លាស់ព្យាបាលតាមមជ្ឈដ្ឋានអន្តរជាតិ បង្កើតឡើងដើម្បីកុមារនឹងស្ត្រីមានសុខភាពល្អ។ ទំនាក់ទំនងណាត់ជួបវេជ្ជបណ្ឌិតតាមរយៈ 023 90 22 79 / 092 377 000៕
អត្ថបទដោយ៖ Ms Senghong