ជឿថាមានមនុស្សជាច្រើនដែលតែងតែជួបជាមួយបញ្ហាចុករោយជើង ត្រង់កំភួនជើង ជាពិសេសគឺចុកនៅពេលយប់។ ការចុកជើងគឺវាបណ្តាលមកពីមូលហេតុផ្សេងៗគ្នា អ្នកខ្លះពេញមួយថ្ងៃពួកគេបានដើរឬធ្វើដំណើរដោយជើងឆ្ងាយពេកទើបពេលយប់ធ្វើឱ្យមានការចុករោយជើង ប៉ុន្តែខ្លះទៀតមិនបានដើរទៅណាសោះក៏ចុកជើងនៅពេលយប់ដែរ។
ជាការពិតណាស់ បើតាមប្រសាសន៍របស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់ឱ្យដឹងថា អាការចុកជើងឬចុកកំភួនជើងនៅពេលយប់នេះត្រូវបានគេហៅថាជំងឺ Claudication ដែលវាបង្កឡើងពីការកក និងរឹងសរសៃឈាមជើង។ ជាធម្មតាចរន្តឈាម ធ្វើដំណើរនៅតាមរន្ធសរសៃដើម្បីបញ្ជូនសារធាតុចិញ្ចឹមផ្សេងៗទៅកាន់កោសិកាសាច់ដុំ ដូច្នេះនៅពេលដែលសរសៃឈាមមានសភាពរឹង ឬគាំង ធ្វើឱ្យចរន្តឈាមមិនអាចធ្វើដំណើរបាន បណ្តាលឱ្យឈាមទាំងនោះនៅកកស្ទះត្រង់សរសៃជាពិសេសគឺកកនៅត្រង់កំភូនជើង ដែលបណ្តាលឱ្យមានការចុករោយជើងខ្លាំង។ មូលហេតុសំខាន់ៗដែលធ្វើឱ្យសរសៃឈាមរឹង ឬស្ទះ គឺបណ្តាលមកពី ការលើសជាតិខ្លាញ់ក្នុងខ្លួន ធាត់លើសគីឡូ រោគលើសឈាម ជំងឺទឹកនោមផ្អែម ញ៉ាំប្រៃឬផ្អែមខ្លាំង ឬញ៉ាំអាហារលើសជាតិខ្លាញ់ កត្តាទាំងអស់នេះបណ្តាលឱ្យសរសៃឈាមរឹងមិនដំណើរការ និងមានខ្លាញ់ដុះក្នុងសរសៃឈាម ជាផ្នែកមួយរារាំងផ្លូវមិនឱ្យរចន្តឈាមរត់ផងដែរ។
មួយវិញទៀត មូលហេតុដែលធ្វើឱ្យមានអាការចុកជើងពេលយប់ញឹកញាប់ជាងពេលថ្ងៃនោះគឺមកពី ពេលថ្ងៃជាពេលដែលកោសិកាធ្វើការ ជាពេលដែលរាងកាយរបស់មនុស្សមានសកម្មភាពដូចជាដើរ ឬធ្វើដំណើរជាដើមដូច្នេះគឺឈាមមិនកកនោះទេ។ ប៉ុន្តែពេលយប់ជាពេលដែលកោសិកាសម្រាក មិនដំណើរការ រាងកាយមិនមានសកម្មភាព ទើបងាយធ្វើឱ្យចរន្តឈាមកកស្ទះមិនដំណើរការ។
លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា ជំងឺចុករោយជើងនេះវាអាចកើតទៅលើមនុស្សគ្រប់វ័យ មិនថាវ័យក្មេង វ័យកណ្តាល ឬវ័យចំណាស់ឡើងសុទ្ធតែអាចកើតជំងឺនេះទាំងអស់។ ចំពោះវិធីសាស្រ្តក្នុងការព្យាបាលជំងឺចុកជើងនេះវិញ លោកវេជ្ជបណ្ឌិត បានប្រាប់ថា ប្រសិនជាអ្នកមានអាការចុកជើងពេលយប់ញឹកញាប់ ចុករាល់ថ្ងៃ ឬចុក៣ឬ៤ដងក្នុង១សប្តាហ៍ ហើយចុកបែបនេះរាប់ខែ អ្នកចាំបាច់ត្រូវតែទៅជួបជាមួយគ្រូពេទ្យ ប្រាប់អាការដល់ពេទ្យដើម្បីធ្វើការព្យាបាល។ កុំទុកជំងឺចុកជើងនេះឱ្យនៅរ៉ាំរ៉ៃច្រើនឆ្នាំ ព្រោះវាអាចបណ្តាលឱ្យស្វិតសរៃជើង ឈានដល់ការរលាក ករណីធ្ងន់ធ្ងរអាចរលួយសរសៃជើង អាចត្រូវវះកាត់យកសរសៃចេញថែមទៀតផង។
គូសបញ្ជាក់ផងដែរថា ដូចប្រសាសន៍របស់វេជ្ជបណ្ឌិតខាងដើមអត្ថបទអ៊ីចឹង ជំងឺចុកជើងនេះទោះយើងមិនធ្វើដំណើរទៅណាឆ្ងាយក៏វាអាចធ្វើចុកជើងបានដែរ។ ដូច្នេះដើម្បីបង្ការអ្នកត្រូវគ្រប់គ្រងគីឡូកុំឱ្យឡើង ត្រូវញ៉ាំអាហារសុខភាព បន្លែផ្លែឈើ កុំញ៉ាំអាហារលើសជាតិខ្លាញ់ កុំញ៉ាំប្រៃពេក ផ្អែមពេក៕

អត្ថបទដោយ៖ មឿន គន្ធា

