ផ្អែកទៅតាមបទសម្ភាសន៍របស់ក្រុមការងារចាប់បៃតងជាមួយនឹងវេជ្ជបណ្ឌិត រួម វ៉ារី ឯកទេសទូទៅ និងមានបទពិសោធន៍ធ្វើការខាងផ្នែករោគស្ត្រី នៅមន្ទីរសំរាកព្យាបាល សេអ៊ូល បានពន្យល់ឱ្យដឹងថា ជំងឺរលាកមាត់ស្បូន ជាជំងឺមួយដែលមានការរលាកនៅនឹងមាត់ស្បួន ដែលវាអាចរលាកទាំងនៅផ្នែកខាងក្រៅ ឬនៅផ្នែកខាងក្នុង។ ហើយចំពោះករណីខ្លះទៀត អាចរលាកទាំង២ផ្នែក មានន័យថា នៅពេលដែលក្រុមគ្រូពេទ្យជំនាញធ្វើការបើកមាត់ស្បូនទៅអាចពិនិត្យមើលឃើញ មានការរលាកទាំងផ្នែកខាងក្នុង និងរលាកទាំងផ្នែកខាងក្រៅនៅលើតំបន់មាត់ស្បូន។
វេជ្ជបណ្ឌិត រួម វ៉ារី បានបន្តឱ្យដឹងទៀតថា មូលហេតុដែលធ្វើឱ្យមានបញ្ហារលាកមាត់ស្បូននេះ គឺអាចបណ្ដាលមកពីកត្តាច្រើន ដោយកត្តាចម្បងដំបូងនោះគឺ ទាក់ទងទៅនឹងការបង្ករោគ។ ការបង្ករោគដែលគ្រូពេទ្យច្រើនតែជួបប្រទះ គឺពាក់ព័ន្ធទៅនឹងជំងឹតាមប្រព័ន្ធកាមរោគ STI (Sexually transmitted infections) អាចមានដូចជា ជំងឺប្រមេះទឹកបាយ ប្រមេះទឹកថ្លា ជំងឺពពួកអ៊ែប៉េស មួយវិញទៀតអាចពាក់ព័ន្ធនឹងប្រភេទបរាសិតផងដែរ ដោយបរាសិតនោះភាគច្រើនត្រូវបានរកឃើញមាននៅក្នុងទឹកមិនស្អាត។
លើសពីនេះទៅទៀត បញ្ហារលាកមាត់ស្បូនក៏អាចកើតចេញពីកត្តាគួបផ្សេងៗទៀតដូចជា បញ្ហាអាលែហ្ស៊ី ដោយស្ត្រីមួយចំនួនគាត់មានបញ្ហាអាលែហ្ស៊ីជាមួយនឹងស្រោមអនាម័យ, ទាក់ទងជាមួយនឹងការប្រើប្រាស់នូវសាប៊ូបំបាត់ក្លិន ឬទឹកអនាម័យ និងមួយចំនួនគេអាចឃើញកើតមានដោយសារបញ្ហាប៉ះទង្គិច មានន័យនៅក្នុងកំឡុងពេលរួមភេទស្ត្រីអាចរងនូវការប៉ះទង្គិចដែលបណ្ដាលឱ្យកើតចេញបញ្ហារលាកមាត់ស្បូន។ ម្យ៉ាងវិញទៀត ចំពោះស្ត្រីដែលមានកូនច្រើន ដោយគាត់សម្រាលកូនតាមបែបធម្មជាតិ ពេលដែលគាត់សម្រាលកូនមកធ្វើឱ្យមានការដាច់រហែកក៏អាចប្រឈមនឹងបញ្ហានេះដូចគ្នា។
ហើយចំណែកឯករណីផ្សេងៗ អាចកើតមកពីបម្រែបម្រួលPH នៅតំបន់ទ្វារមាសរបស់ស្ត្រីនៅពេលដែល PH នោះមានការប្រែប្រួលអាចនឹងអនុញ្ញាតឱ្យមេរោគពីខាងក្រៅងាយជ្រាបចូលដែលធ្វើឱ្យមានការរលាកនៅតំបន់មាត់ស្បូន។ ស្ត្រីប្រើប្រាស់នូវថ្នាំពន្យាកំណើតក្នុងរយៈពេលយូរក៏ត្រូវបានគេសិក្សាស្រាវជ្រាវឃើញថា ថ្នាំដែលប្រើនោះអាចនឹងធ្វើឱ្យភ្នាសនៅនឹងមាត់ស្បូនមានសមត្ថភាពថយចុះជាងមុន និងបង្កជាការរលាក។ ស្ត្រីដែលជិតអស់រដូវ និងលែងមានវដ្តរដូវក៏ត្រូវប្រឈមមុខទៅនឹងបញ្ហារលាកមាត់ស្បូននេះផងដែរ។
យ៉ាងណាមិញ ចំពោះរោគសញ្ញាភាគច្រើនជាបទពិសោធន៍អ្នកជំងឺដែលអ្នកគ្រូពេទ្យជួបផ្ទាល់តែម្តង គឺបងប្អូនស្ត្រីដែលមកពិនិត្យសុខភាពនោះគាត់ច្រើនរអ៊ូរឿង ឈឺចង្កេះ ឈឺលើថ្ងាស អាចនឹងពិបាកក្នុងការនោម នោមញឹក នោមក្រហាយ ឬក៏ពេលខ្លះទៀតទាក់ទងជាមួយនឹងបញ្ហាធ្លាក់ស ធ្លាក់សរមាស់ ឬធំក្លិន...ជាដើម។ រីឯបញ្ហាកាន់តែធំជាងនេះទៀតនោះ គឺការធ្លាក់ឈាមដែលវាសញ្ញាណបញ្ជាក់ថា មានបញ្ហារលាកមាត់ស្បូនខ្លាំង ហើយការធ្លាក់ឈាមនេះ គឺអាចធ្លាក់នៅក្នុងកំឡុងពេលរួមភេទ ឬធ្លាក់ក្រោយពេលមករដូវ។
ដោយឡែកក្នុងករណីកម្រិតស្រាល ស្ត្រីគាត់អាចដឹងបានតាមរយៈការលាងសម្អាតមាត់ស្បូនជារៀងរាល់ ៣ ទៅ៦ខែម្តងដោយនៅពេលដែលក្រុមគ្រូពេទ្យជំនាញបើកមាត់ស្បូនទៅអាចឃើញថា មានការរលាកបន្តិចបន្តួច ឬអាចមានករណីខ្លះ អាចនឹងមានបញ្ហាឈឺចាប់នៅកំឡុងពេលរួមភេទ។
វេជ្ជបណ្ឌិត បានបន្ថែមថា បញ្ហារលាកមាត់ស្បូន ក៏អាចជះឥទ្ធិពលទៅដល់បញ្ហាសុខភាពផ្សេងទៀតផងដែរ ដោយជាទូទៅនៅពេលដែលយើងអត់បានព្យាបាលត្រឹមត្រូវ វាអាចនឹងធ្វើឱ្យមេរោគដែលរលាកនៅមាត់ស្បូនឆ្លងចូលទៅរលាកនឹងស្បូន ប៉ះពាល់ទៅដល់ដៃស្បូន ឬក៏ធ្វើឱ្យប៉ះពាល់ដល់សរីរាង្គដែលស្ថិតនៅតំបន់អាងត្រកៀក ហើយនៅពេលណាដែលអ្នកជំងឺវិវត្តន៍ដល់ដំណាក់កាលនេះ អាចនឹងពិបាកនៅក្នុងការព្យាបាល។ ហើយជាមួយគ្នានេះទៀតសោត វាក៏ជះផលប៉ះពាល់តិចតួចទៅដល់បញ្ហាអត់កូន។
ជាដំណោះស្រាយនៅក្នុងការព្យាបាលទី១ គឺត្រូវរកមូលហេតុដែលបណ្ដាលឱ្យកើតជំងឺរលាកមាត់ស្បូនជាមុនសិន តើរលាកមាត់ស្បូនដោយសារអ្វី? ក្នុងករណីដែលក្រុមគ្រូពេទ្យធ្វើការបើកមាត់ស្បូនលាងសម្អាតជូនអ្នកជំងឺ តែងតែកៀរកាកសំណល់ ឬក៏ភ្នាសយកទៅពិនិត្យមើល តើមានបញ្ហា ឬក៏មានមេរោគអ្វីដែរឬទេ? នៅពេលដែលរកឃើញមេរោគរួចហើយ ទើបក្រុមគ្រូពេទ្យធ្វើការព្យាបាលមេរោគនេះ និងចាប់ផ្តើមណាត់អ្នកជំងឺឱ្យមកលាងសម្អាតមាត់ស្បូន។ អមជាមួយនឹងការព្យាបាលលើសុខភាពស្រី្ត គ្រូពេទ្យក៏ត្រូវតែស្វែងរកមូលហេតុពីដៃគូរបស់គាត់ផងដែរ ថាតើគាត់អាចឆ្លងជំងឺនេះពីដៃគូរបស់គាត់ដែរឬទេ? ក្នុងករណីបើមេរោគនេះត្រូវឆ្លងពីដៃគូរបស់គាត់ គ្រូពេទ្យតម្រូវឱ្យព្យាបាលទាំងដៃគូរបស់គាត់ បើមិនដូច្នេះ មេរោគនេះ នឹងត្រូវឆ្លងទៅឆ្លងមកជាក់ជាមិនខាន។
គូសបញ្ជាក់បន្ថែមផងដែរថា វេជ្ជបណ្ឌិតមិនលើកទឹកចិត្ត ឱ្យធ្វើការព្យាបាលដោយខ្លួនឯងនៅផ្ទះនោះទេ បើទោះបីជាស្ថានភាពជំងឺស្ថិតក្នុងកម្រិតស្រាលក្តី ពីព្រោះភាគច្រើនការព្យាបាលនៅផ្ទះដោយខ្លួនឯងរមែងតែធ្វើខុសដោយមានអ្នកខ្លះគាត់លាងជាមួយទឹកក្តៅ ត្រាំទឹកអំបិល ត្រាំទឹកអំពិល ដែលនេះសុទ្ធតែជាការអនុវត្តន៍តាមបែបការយល់ឃើញខុស និងរឹតតែធ្វើឱ្យស្ថានភាពជំងឺវិវត្តន៍កាន់តែអាក្រក់ជាងមុន។ ដោយហេតុថា ការដែរធ្វើបែបនេះ គឺវាអាចធ្វើឱ្យបាត់ត្រឹមតែមួយរយៈប៉ុណ្ណោះ មិនមែនជាការព្យាបាលទេ និងធ្វើឱ្យកាន់តែរលាកខ្លាំងលើសដើម។ ដូច្នេះហើយ ប្រសិនបើបងប្អូនមានការសង្ស័យលើសុខភាពផ្ទាល់ខ្លួនពាក់ព័ន្ធនឹងបញ្ហារោគស្ត្រីផ្សេងៗ សូមកុំព្យាយាមព្យាបាលដោយខ្លួនឯង មេត្តាទៅមន្ទីរពេទ្យជួបជាមួយនឹងគ្រូពេទ្យជំនាញដើម្បីទទួលបាននូវការព្យាបាលដ៏ត្រឹមត្រូវ និងច្បាស់លាស់៕