នៅក្នុងសង្គមយើងបច្ចុប្បន្នគឺពេញនិយមខ្លាំងមែនទែនជាមួយសេវាកម្មចាក់ Botox ដើម្បីបំបាត់បញ្ហាជ្រីវជ្រួញនៅលើមុខ ចាក់ដើម្បីបង្រួមថ្គាមឬចង្កា និងចាក់បំបាត់បញ្ហាជ្រួញនៅលើថ្ងាសឬកជាដើម។ សេវាកម្មចាក់ Botox ជាសេវាកម្មមួយដែលល្អ និងមានការទទួលស្គាល់ទូទាំងពិភពលោក។ ប៉ុន្តែត្រូវចាំថាមិនថាថ្នាំឬសេវាកម្មអ្វីក៏ដោយ គឺសុទ្ធតែមានគុណសម្បត្តិនិងគុណវិបត្តិរបស់វាដូចគ្នា ប្រសិនជាយើងប្រើប្រាស់មិនត្រូវជាមួយកាលៈទេសៈ។ ដូច្នេះដើម្បីដឹងកាន់តែលម្អិតពីសេវាកម្មចាក់ Botox តោះអានអត្ថបទខាងក្រោម។
ជាការពិតណាស់យោងតាមការបញ្ជាក់ពី clevelandclinic បានឱ្យដឹងថា Botox គឺជាថ្នាំដែលបង្កើតឡើងចេញពីបាក់តេរីម្យ៉ាងឈ្មោះ Clostridium botulinum ។ នៅក្នុង Botox មានផ្ទុកជាមួយនឹងសារធាតុ neurotoxins ដែលគេយកវាទៅប្រើក្នុងគោលបំណង ជួយបំបាត់ស្នាមជ្រីវជ្រួញ និងបំបាត់បញ្ហាប្រកាំងក្បាលផងដែរ។ ទីតាំងដែលគេពេញនិយមចាក់ Botox ភាគច្រើនគឺនៅត្រង់ ថ្ងាស ចិញ្ចើម ភ្នែក ច្រមុះ បបូរមាត់ ថ្គាម ចង្កា និងក។ មួយវិញទៀតការទទួលសេវាកម្មចាក់ Botox មួយដង វាអាចមានប្រសិទ្ធភាពបានរយៈពេលចាប់ពី ៣ ទៅ ៦ខែទៅតាមប្រភេទថ្នាំ។
បើតាមការបញ្ជាក់បន្ថែមពី medicalnewstoday បានឱ្យដឹងសេវាកម្មចាក់ Botox ផ្តល់ផលប៉ះពាល់កម្រិតស្រាលដូចជាបន្ទាប់ពីចាក់រួចធ្វើឱ្យ ហើមមុខរបួស ស្ងួតភ្នែក គ្រុន ក្អក ក្អួតចង្អោរ ឈឺសាច់ដុំ ឈឺក្បាល បែកញើសច្រើននៅត្រង់ចំណុចក្លៀក និងខ្សោយសាច់ដុំជាដើម។ ចំណែកឯផលប៉ះពាល់ធ្ងន់ធ្ងរជាមួយនឹងការចាក់ Botox មានដូចជា អាចធ្វើឱ្យអ្នកព្រិលភ្នែក ខ្សោយសាច់ដុំនៅតំបន់ដែលបានចាក់ នោមទាស់ និងពិបាកដកដង្ហើម។
បន្ទាប់ពីចាក់ Botox រួចអ្នកត្រូវតមដូចជា៖
១. មិនត្រូវជូត ឬយកដៃទៅប៉ះនៅតំបន់ដែលចាក់ Botox រយៈពេល១២ម៉ោង
២. ត្រូវអង្គុយនៅស្ងៀម ឬឈរឱ្យបានរយៈពេល ៤ម៉ោង(ក្នុងរយៈពេល៤ម៉ោងនេះហាមដេកជាដាច់ខាត)
៣. ចៀសវាងកុំហាត់ប្រាណឱ្យបានរយៈពេល២៤ម៉ោងបន្ទាប់ពីចាក Botox រួច។
ចំណុចពិសេស បើទោះជា Botox ជាសេកម្មដ៏ល្អនិងមានសុវត្ថិភាព ប៉ុន្តែចំពោះ អ្នក កំពុងមានផ្ទៃពោះ បំប៉ៅដោះកូន អ្នកមានជំងឺសរសៃប្រសាទ និងជំងឺខ្សោយសាច់ដុំមុខ គឺអ្នកហាមចាក់ Botox ជាដាច់ខាតពីព្រោះវាអាចផ្តល់ផលប៉ះពាល់ទៅដល់សុខភាពរបស់អ្នក។
គូសបញ្ជាក់ផងដែរថា បន្ទាប់ពីអានអត្ថបទនេះរួច និងស្គាល់ច្បាស់ពីសេវាកម្មចាក់ Botox កាន់តែច្បាស់តើអ្នកយល់យ៉ាងណាចំពោះសេវាកម្មនេះ? ហើយតើអ្នកចង់ចាក់ Botox ដែរឬទេ? អាចខមិននៅខាងក្រោមអត្ថបទបាន៕
អត្ថបទដោយ៖ មឿន គន្ធា