មនុស្សភាគច្រើនមិនសូវបានចាប់អារម្មណ៍ពីភាពខុសគ្នារវាងក្រែមលាបស្បែកនិងឡេលាបស្បែកនោះទេ។ តាមពិត ក្រែម និងឡេគឺមានតួនាទីដាច់ស្រឡះពីគ្នា ហើយចំពោះការប្រើប្រាស់វិញ ក៏ប្រើទៅលើប្រភេទស្បែកខុសគ្នាដែរ។ ចង់ដឹងឱ្យកាន់តែច្បាស់ថា ស្បែកប្រភេទណាគួរប្រើក្រែម ស្បែកប្រភេទណាគួរប្រើឡេ តោះចំណាយពេល៣នាទីអានអត្ថបទខាងក្រោម។
យោងតាមការណែនាំពី healthline វេជ្ជបណ្ឌិត Adarsh Vijay Mudgil ជំនាញសើស្បែកនៅ Mudgil Dermatology បានប្រាប់ឱ្យដឹងថាភាពខុសគ្នារវាងក្រែមលាបស្បែកនិងឡេលាបស្បែកគឺនៅត្រង់ ឡេលាបស្បែក មានផ្ទុកជាតិទឹកច្រើន និងប្រេងតិច។ ចំណែកឯក្រែមលាបស្បែកវិញមានផ្ទុកទៅដោយ បរិមាណប្រេងច្រើន និងជាតិទឹកតិច។ ដូច្នេះហើយតួនាទីរបស់ផលិតផលទាំង២នេះគឺសម្រាប់ប្រើទៅលើប្រភេទស្បែក២ប្រភេទខុសពីគ្នា។
· ក្រែមលាបស្បែក
ចំពោះអ្នកដែលមានសភាពស្បែកស្ងួត ស្ងួតមធ្យម ស្ងួតខ្លាំង និងស្បែកពណ៌ស្រអាប់ អ្នកគួរប្រើប្រាស់ក្រែមលាបស្បែកល្អប្រសើរជាងប្រើឡេ។ ពីព្រោះក្រែមលាបស្បែកវាមាននាទីជួយឱ្យស្បែករបស់អ្នកមានសំណើម ជួសជុលស្បែកដែលស្ងួត ឱ្យត្រឡប់មកជារលោងម៉ត់ខៃ។ ចំពោះក្រែមលាបស្បែកអ្នកអាចជ្រើសរើសប្រភេទក្រែមដែលផលិតចេញពី ប៊ឺរ កាកាវ និងប្រទាលកន្ទុយក្រពើជាដើម។
· ឡេលាបស្បែក
ចំពោះអ្នកដែលមានសភាពស្បែកខ្លាញ់ ឆាប់ញើស លើសជាតិខ្លាញ់ក្នុងស្បែក អ្នកគួរជ្រើសប្រើឡេលាបស្បែកល្អប្រសើរជាងប្រើក្រែម។ ពីព្រោះឡេមានមុខងារទៅទប់ទល់ និងកាត់បន្ថយជាតិខ្លាញ់នៅក្នុងស្បែករបស់អ្នក ធ្វើឱ្យរន្ធញើសរួមតូច ហើយធ្វើឱ្យស្បែកមានសភាពទន់រលោងបែបមានសំណើម។ មួយវិញទៀត សម្រាប់អ្នកដែលមានស្បែកលើសជាតិខ្លាញ់អ្នកគួរលាបឡេ Organic ឡេចម្រាញ់ពីធម្មជាតិ សាច់ឡេសុទ្ធ ល្អប្រសើរជាងប្រើឡេលាយឬឡេដែលមានជាតិកាត់។
លើសពីនេះទៀតសម្រាប់អ្នកដែលមានសភាពស្បែកធម្មតាមិនមានបញ្ហាខ្លាញ់ ឬស្ងួត គឺអ្នកអាចជ្រើសប្រើប្រាស់ជាប្រភេទឡេសុទ្ធបាន គឺវាជួយចិញ្ចឹមស្បែករបស់អ្នកឱ្យមានសុខភាពល្អ និងមិនឆាប់ជ្រីវជ្រួញ។
គូសបញ្ជាក់ផងដែរថា បន្ទាប់ពីអានអត្ថបទនេះរួច សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងដឹងកាន់តែច្បាស់ពីក្រែមលាបស្បែក និងឡេលាបស្បែក។ ហើយដើម្បីជ្រើសរើសប្រើកុំឱ្យខុស ជំហានទីមួយអ្នកត្រូវស្គាល់ប្រភេទស្បែករបស់ខ្លួនឯងឱ្យច្បាស់សិន អ្នកត្រូវដឹងថាសភាពស្បែករបស់អ្នកស្ថិតក្នុងលក្ខណៈស្ងួត ប្រេង ឬធម្មតា ទើបងាយស្រួលឱ្យអ្នកជ្រើសផលិតផលមកប្រើប្រាស់៕
អត្ថបទដោយ៖ មឿន គន្ធា