អាហារ
មករដូវកុំញុំាល្អ! អាហារ៤ក្រុម ស្ត្រីគួរផ្អាកញុំាសិនអំឡុងពេលមករដូវ ដើម្បីបង្ការនូវបញ្ហាចុក ឆ្អល់ពោះ...
Pheakdey Pao
December 8 2022
277 views

ក្នុងកំឡុងពេលមករដូវ មានមនុស្សស្រីមិនតិចនាក់ទេ កំពុងតែញុំានូវអាហារមួយចំនួនដែលបង្កឱ្យខ្លួនឯងឈឺចុកពោះ ហើម ឬឆ្អល់ពោះ និងថែមទាំងមានបញ្ហាឈាមរដូវដើរមិនបានល្អថែមទៀតផង។ ចំពោះកត្តា នេះ អាចបណ្ដាលមកកត្តាពួកគាត់ពុំទាន់បានយល់ច្បាស់ពីក្រុមអាហារគួរញុំា និងមិនគួរញុំាពេលមករដូវ ម្យ៉ាងវិញទៀត គឺបណ្ដាលមកពីកត្តាពួកគាត់យល់ខុស ដោយផ្អែកទៅតាមជំនឿតៗគ្នា។

យ៉ាងណាមិញ បើផ្អែកទៅតាមប្រភពចេញផ្សាយ bebeautiful បើបង្ហាញនូវក្រុមអាហារមួយចំនួនដែលស្ត្រីគ្រប់រូបគួរតែផ្អាកញុំាបណ្តោះអាសន្នសិនប្រសិនបើមករដូវ៖

១. អាហាររសជាតិជូរ៖ ប្រភេទម្ជូរ ផ្លែឈើ ឬអាហារដែលមានរសជាតិជូរខ្លាំងផ្សេងៗទៀត ស្ត្រីគួរតែកាត់បន្ថយញុំានាពេលមករដូវ ដោយសារតែការញ៉ាំអាហារមានជាតិជូរ អាចបណ្តាលឱ្យលំហូរមកឈាមរដូវដំណើរការមិនល្អ (អាក់រដូវ) ដោយសារកម្រិតជាតិអាស៊ីតកាត់មានក្នុងរសជាតិជូរ។ ម្យ៉ាងវិញទៀត ការញុំាអាហារមានរសជាតិជូរច្រើនក្នុងពេលមករដូវ ក៏អាចធ្វើឱ្យបញ្ហាចុកពោះកាន់តែវិវត្តអាក្រក់ គួបផ្សំនឹងកត្តាហើម ឬឆ្អល់ពោះបន្ថែមផងដែរ។ ក្នុងលក្ខខណ្ឌនេះមិនមែនបម្រាមមិនឱ្យញុំាសោះទេ បងប្អូនស្ត្រីអាចញុំាបានតែក្នុងបរិមាណតិចតួច។

២. គ្រឿងស្រវឹង៖ មានមនុស្សស្ត្រីមួយចំនួនធំកំពុងតែជឿលើការទទួលទានគ្រឿងស្រវឹងជួយបំបាត់អាការឈឺចុកពោះពេលមករដូវ។ ក៏ប៉ុន្តែបើងាកមកមើលពីផលវិបាកក្រោយពេលកាត់បន្ថយពាល់វិញ គឺជាតិអាកុលអាចបណ្តាលឱ្យមករដូវមិនទៀងទាត់ បង្កើនកម្រិតអរម៉ូនអ៊ឹស្ត្រូសែននៅក្នុងខ្លួន ដែលជារោគសញ្ញានៃការមករដូវកាន់តែអាក្រក់ទៅៗ។ ផលវិបាកមួយទៀត គឺជាតិអាកុលមានសារធាតុបញ្ចុះទឹកនោម អាចធ្វើឱ្យស្ត្រីដែលគាត់មករដូវបាត់បង់ជាតិទឹកក្នុងខ្លួនលឿន ដែលអាចនឹងធ្វើដំណើរឈាមរដូវដើរមិនសូវល្អ និងបង្កឱ្យកើតអាការហើម ឬឆ្អល់ពោះថែមទៀត។

៣. សារជាតិកាហ្វេអ៊ីន៖ សារជាតិកាហ្វេអ៊ីន គឺរាប់បញ្ជូលទាំងកាហ្វេ តែ និងភេសជ្ជៈគ្រឿងកំប៉ុងផ្សេងៗ ដោយជាតិកាហ្វេអ៊ីន នៅក្នុងភេសជ្ជៈទាំងនេះ នឹងក្លាយជាសារធាតុរំញោច ដែលនាំឱ្យអរម៉ូនក្នុងខ្លួនឡើងចុះខុសប្រក្រតី គ្មានតុល្យភាព។ មួយវិញទៀត ការញុំាសារជាតិកាហ្វេអំឡុងពេកមករដូវក៏អាច​បង្កើន​សម្ពាធ​ឈាម និងអត្រា​បេះដូង ​នាំ​ឱ្យ​អារម្មណ៍កាន់តែមាន​ភាព​តានតឹង ធ្វើឱ្យអារម្មណ៍កាន់តែឆាប់មួម៉ៅ និងធ្វើឱ្យមានអារម្មណ៍ច្របូកច្របល់លើសដើម។ ជាមួយគ្នានេះ សារជាតិកាហ្វេអ៊ីនក៏មានតួនាទីក្នុងការបញ្ចុះទឹកនោមដូចគ្នា ដូច្នេះអ្នកស្ត្រីដែលញុំាកាហ្វេអំឡុងពេលមករដូវ អាចនឹងត្រូវជួបប្រទះបញ្ហាខះជាតិទឹក្នុងខ្លួន។

​៤. អាហារកែច្នៃ៖ ប្រភេទមី នំប៉័ង អាហារកញ្ចប់ផ្សេងៗ គឺភាគច្រើនមានផ្ទុកទៅដោយសារជាតិអំបិល និងគីមីរក្សាទុកដោយសារធាតុទាំងនេះ អាចរំខានដល់អរម៉ូន បង្កើនភាពមិនស្រួលដល់ដំណើរការមករដូវ និងបង្កឱ្យហើមពោះ។

គួរបន្ថែមផងថា ដើម្បីជួយសម្រួលទៅដល់សុខភាពស្ត្រី និងរក្សាសុខភាពស្បូនឱ្យមានសុខភាពល្អ អ្នកគ្រូពេទ្យ រួម វ៉ារី ឯកទេសទូទៅ និងផ្នែករោគស្ត្រី បានណែនាំនូវរបបអាហារ​ ដោយផ្អែកតាមការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកជំនាញ គឺគេបានលើកឡើងពាក់ព័ន្ឌទៅនឹងការញ៉ាំ តែបៃតង ទឹកដោះគោជូ និងក្រុមអាហារដែលសម្បូរ ប្រូបាយអូទិក (Probiotics)។

ពីព្រោះថា ក្រុមអាហារដែលមានសារជាតិប្រូបាយអូទិកនេះ ល្អបំផុតសម្រាប់សុខភាពប្រដាប់ភេទស្ត្រី ដោយសារវាជួយធ្វើឱ្យកោសិកាដែលគេហៅថា ឡាក់តូបាលីល (Lactobacillus) នៅតំបន់ទ្វារមាសមានលូតលាសបានល្អ និងអាចជួយព្យាបាលនូវមេរោគនៅតំបន់ទ្វារមាសបាន។ ចំពោះរបបអាហារត្រូវតមវិញ ភាគច្រើនគេឱ្យតមនូវប្រភេទអាហារផ្អាប់ និងអាហារហឹរ ដោយអាហារទាំងនេះអាចនឹងធ្វើឱ្យមានក្លិនរមាស់៕

 

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia