មនុស្សភាគច្រើនចេះតែភ្លេចនេះ ភ្លេចនោះ កត្តារវល់ការងារច្រើន ហូបអាហារផ្អែមៗ និងការផឹកស្រាជាដើម នាំឱ្យកាត់បន្ថយកោសិកាបាត់អង្គចងចាំនិងស្បែកឆាប់ចាស់ទៀត។ នេះជាដំណាក់កាលភ្លេចដំបូង បើបន្តទុកយូរនោះ នាំឱ្យជំងឺវង្វែងតែម្តង។ មានភេសជ្ជៈអស្ចារ្យ ១ប៉ូវខួរក្បាល ថែសម្រស់ គឺភេសជ្ជៈ Matcha ឬម៉ាឆា។
ភេសជ្ជៈ Matcha ជាម្សៅតែបៃតងកិនល្អិតចេញពីស្លឹកតែជប៉ុនដែលមានសារធាតុ chlorophyll និង L-theanine ។ វាមិនដូចជាតែបៃតងធម្មតានោះទេ ពេលផឹកម៉ាឆាមានរសជាតិផ្អែមស្រាល និងជូររាងចត់បន្តិច ហើយសម្បូរទៅដោយសារធាតុ polyphenols ដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពខួរក្បាលនិងស្បែកជាពិសេស។
ភេសជ្ជៈ Matcha មានផ្ទុកជាតិកាហ្វេអ៊ីន និងអាស៊ីតអាមីណូ theanine ដែលជួយបង្កើនការចងចាំ ដាស់ស្មារតីផ្តោតអារម្មណ៍បានល្អក្នុងការងារ។ ចំពោះសមាសធាតុ theanine នៅក្នុងភេសជ្ជៈម៉ាឆាមានឥទ្ធិពលដល់ការពារប្រព័ន្ធប្រសាទខួរក្បាល ជួយគ្រប់គ្រងភាពតានតឹង និងការថប់បារម្ភកុំឱ្យប៉ះពាល់ដល់ស្បែករបស់អ្នកឆាប់ចាស់។ ភេសជ្ជៈនេរួមបញ្ចូលគ្នាអាស៊ីតអាមីណូ និងសារធាតុ arginine ជាសារធាតុបញ្ជូនសរសៃប្រសាទមួយចំនួននៅក្នុងខួរក្បាលដូចជា serotonin, gamma-aminobutyric acid (GABA) បង្កើតអារម្មណ៍ឱ្យសម្រាកដោយចិត្តស្ងប់។
ភេសជ្ជៈ Matcha មានផ្ទុកសារធាតុ catechins (សមាសធាតុរុក្ខជាតិ) ដូចជា epigallocatechin gallate (EGCG) និង epigallocatechin (EGC) រួមជាមួយនឹងវីតាមីន C និង flavonoids ដែលប្រឆាំងរ៉ាឌីកាល់សេរីក្នុងរាងកាយការពារភាពចាស់ជាងវ័យ និងខួរក្បាលកុំភ្លេចច្រើនយ៉ាងមានប្រសិទ្ធភាព៕ អត្ថបទដោយ៖ ទ្រ សុភាព