ជឿថាទាំងបុរសនិងស្រ្តី នៅដំណាក់កាលស្បែកមុខកើតមុនខ្លាំង គឺមានអារម្មណ៍ថាសម្ពាធមិនជឿជាក់ ហើយតែងតែរិះរកគ្រប់មធ្យោបាយដើម្បីកម្ចាត់មុននោះចេញពីមុខ។ រហូតដល់អ្នកខ្លះ បានសម្រុកប្រើផលិតផល skincare ទាំងថ្នាំលាប ទាំងឡេ ទាំងសេរ៉ូម ម្សៅ គ្រប់ម៉ូតគ្រប់ម៉ាកឱ្យតែលឺគេថាលាបទៅបាត់ សុខចិត្តទិញមកប្រើទាំងអស់។ ផ្ទុយទៅវិញអ្នកជំនាញប្រាប់ថា ការសម្រុកប្រើផលិតផលអំឡុងពេលមុខកំពុងកើតមុនបែបនេះ មិនល្អនោះទេគឺកាន់តែធ្វើឱ្យស្បែកមុខដុនដាប រលាក ប្រតិកម្ម និងកើតមុខកាន់តែខ្លាំង។
ជាការពិតណាស់ បើតាមការណែនាំពីអ្នកជំនាញផ្នែកសម្រស់គឺ អ្នកស្រី វឌ្ឍនា ម្ចាស់ផេក Cuple&FamilyNana(លក់ផលិតផលថែរក្សាសម្រស់ជប៉ុន&កូរ៉េ) បានបញ្ជាក់ថា មុននៅលើស្បែកមុខរបស់មនុស្សគ្រប់គ្នាគឺគេចែកចេញជា៧ប្រភេទ ហើយក្នុងចំណោមមុនទាំង៧ប្រភេទនោះគេបានបែបចែកជា២ក្រុមធំៗ៖
១. ក្រុមមិនរលាក(non-inflame)៖ មុនដែលស្ថិតនៅក្នុងក្រុមរលាកមានដូចជា មុនក្បាលខ្មៅ មុនក្បាលសរ មុនសាច់តូចៗ ដែលមុនប្រភេទនេះភាគច្រើនកើតឡើងដោយសារការស្ទះនៃក្រពេញសេប៊ុម និងកោសិកាចាស់ៗនៅក្នុងស្រទាប់ស្បែក។ កត្តាដែលបង្កឱ្យកើតមុនទាំងនេះគឺមកពីការប្រែប្រួលអរម៉ូន កត្តាអាកាសធាតុ ការសម្អាតមុខមិនបានស្អាត និងកត្តាញ៉ាំអាហារខុសជាដើម។
២. ក្រុមរលាក(inflame)៖ មានដូចជា មុនខ្ទុះធំៗ មុនមានទំហំធំ មុនដែលរលាកជ្រៅនៅក្នុងស្បែក រលាករយៈពេលយូរមិនព្យាបាល។ កត្តាបង្កឱ្យកើតមុនទាំងនេះគឺមកពីការប្រើប្រាស់ផលិតផលដែលមានសារធាតុថ្នាំលើសកម្រិត ដែលបណ្តាលឱ្យរលាកសរសៃអាទែ រលាកកោសិកាស្បែក និងសារធាតុ Bleach ដែលជាសារធាតុហាមឃាត់ក្នុងគ្រឿងសម្អាង ធ្វើឱ្យខូចរបាំងការពារស្បែកធម្មជាតិ សឹកស្បែក និងរលាកកម្រិតធ្ងន់ធ្ងរ។
យ៉ាងណាមិញ អ្នកស្រី វឌ្ឍនា បានបន្ថែមថា ប្រសិនជាមុននៅលើស្បែកមុខអ្នកស្ថិតនៅក្នុងប្រភេទជា មុនខ្ទុះ មុនធំ មុនរលាក នោះនៅពេលដែលស្បែកមុខរបស់អ្នកកំពុងកើតមុនខ្លាំង អ្នកមិនគួរសម្រុកប្រើប្រាស់ផលិតផល ឬប្រើផលិតផលដូរម៉ូតតាមចិត្តនោះទេ។ ពីព្រោះស្បែកដែលកំពុងរលាកខ្លាំង គឺជាស្បែកទន់ខ្សោយ និងត្រូវការសម្រាក មិនទទួលយកផលិតផលដែលប្រឆាំងឬផលិតផលក្រាស់ៗនោះទេ។ ក្នុងអំឡុងពេលនេះអ្វីដែលអ្នកអាចធ្វើបានគឺ សម្អាតមុខ១ថ្ងៃ២ដងជាមួយហ្វូមដែលមានកម្រិត pH ទាបបំផុត ប្រើឡេផ្តល់សំណើមដល់ស្បែក និងឡេការពារកម្តៅថ្ងៃដែលមិនមានផ្ទុកសារធាតុអាល់កុល និងទឹកអប់ឡើយ។ ចំណែកបរិវេណដែលកើតមុន អ្នកអាចជ្រើសប្រើថ្នាំ sulfur-Benzoyl, peroxide-Tea, Tree oil លាបនៅលើមុនរាល់យប់។ ដោយឡែក ចំពោះមុនមិនរលាកដូចជា មុនក្បាលខ្មៅ មុនក្បាលសរ មុនសាច់តូចៗ វានឹងបាត់ទៅវិញខ្លួនឯង នៅពេលដែលអរម៉ូនវិញមកប្រក្រតីឬនៅពេលដែលអ្នកញ៉ាំរបបអាហារបានត្រឹមត្រូវ។ មួយវិញទៀត អំឡុងពេលកើតមុនមិនរលាកនេះ អ្នកគ្រាន់តែលាងសំអាតមុខឱ្យស្អាត លាបគ្រីមការពារកម្តៅថ្ងៃ លាបផលិតផលផ្តល់សំណើមធម្មតា និងបន្ថែមថ្នាំលាបសម្លាប់មេរោគដូចជា benzoyl Peroxide ពីរបីថ្ងៃរាបទៅវិញហើយ។
ម្យ៉ាងវិញទៀត អំឡុងពេលដែលស្បែកមុខរបស់អ្នកកើតមុនខ្លាំង អ្វីដែលអ្នកត្រូវយកចិត្តទុកដាក់សំខាន់មួយទៀតនោះគឺរបបអាហារប្រចាំថ្ងៃ ចៀសវាងកុំញ៉ាំស៊ុត ទឹកដោះគោស្រស់ អាហារមានជាតិផ្អែមខ្លាំង អាហារផ្ទុកជាតិខ្លាញ់ច្រើន និងគ្រឿងស្រវឹង ពីព្រោះអាហារទាំងនេះ ផ្ទុកទៅសារធាតុដែលជម្រុញឱ្យក្រពេញខ្លាញ់ផលិតខ្លាញ់កាន់តែច្រើន និងបង្កឱ្យកើតមុនកាន់តែច្រើននៅលើមុខផងដែរ។ អាហារដែលអ្នកត្រូវញ៉ាំគឺ ផ្លែឈើ វីតាមីនC បន្លែ ញ៉ាំទឹក២ទៅ៣លីត្រក្នុង១ថ្ងៃ សម្អាតមុខ២ដងក្នុង១ថ្ងៃ និងលាបឡេការពារកម្តៅថ្ងៃកុំខានឱ្យសោះ៕
អត្ថបទដោយ៖ មឿន គន្ធា