ប្រព័ន្ធការពាររាងកាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំង ជាមួយបាក់តេរី និងវីរុស ប៉ុន្តែប្រព័ន្ធការពាររាងកាយរបស់មនុស្សយើងម្នាក់ៗ មិនដូចគ្នានោះទេ ។ ដើម្បីជួយឲ្យរាងកាយមានប្រព័ន្ធការពាររឹងមាំ លោកអ្នកត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ឲ្យបានទៀងទាត់ កាត់បន្ថយអារម្មណ៍ស្រ្តេស និងមានរបបអាហារដ៏ត្រឹមត្រូវ ។ យោងតាមគេហទំព័រ www.everydayhealth.com មានអាហារចំនួន៧ក្រុមដែលអាចជួយរាងកាយប្រយុទ្ធប្រឆាំងជាមួយវីរុស និងបាក់តេរីបានល្អ ៖
១. គ្រឿងសមុទ្រ៖ រួមមានត្រី Salmon ត្រី Sardines ត្រី herring និងត្រី mackerel ដែលសម្បូរដោយ Omega-3 ក្នុងនោះក៏មាន DHA ដែលជាសារធាតុដ៏សំខាន់មួយប្រភេទក្នុងការជួយឲ្យរាងកាយអាចប្រយុទ្ធប្រឆាំងនឹងវីរុសបានយ៉ាងល្អ ។
២. អាហារមានជាតិស័ង្កសី៖ អ្នកជំនាញខាងចំណីអាហារបានលើកឡើងថា ស័ង្កសីជាសារធាតុរ៉ែ ដែលមាននៅក្នុងសាច់មាន់ ទា សាច់គោ សាច់ចៀម និងគ្រឿងសមុទ្រ អាចជួយរាងកាយធ្វើការប្រយុទ្ធប្រឆាំងនឹងការឆ្លងរោគ បង្កដោយវីរុសបានយ៉ាងមានប្រសិទ្ធភាព ។
៣. អាហារមានជាតិវីតាមីន និងរ៉ែ៖ វីតាមីនជាច្រើនប្រភេទ និងសារធាតុរ៉ែមួយចំនួន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធការពាររាងកាយ ។ យោងតាមការសិក្សាស្រាវជ្រាវបានរកឃើញថា ម៉ាញេស្យូមជាសារធាតុម៉្យាងដែលបានជួយឲ្យរាងកាយប្រយុទ្ធប្រឆាំងជាមួយវីរុសបានយ៉ាងមានប្រសិទ្ធភាព។
៤. ក្រូច និងបន្លែស្លឹកពណ៌ខៀវ៖ រួមមាន ក្រូចឆ្មារ strawberries ,ប៉េងប៉ោះ blueberries និងផ្កាខាត់ណា -ល- មានផ្ទុកវីតាមីន C និងសារធាតុប្រឆាំងអ៊ុកស៊ីតកម្ម ដែលជួយឲ្យប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ ។
៥. គ្រាប់ធញ្ញជាតិ៖ មានផ្ទុកសារធាតុប្រឆាំងអ៊ុកស៊ីតកម្ម ម៉ាញេស្យូម និងវីតាមីន E ហើយអ្នកជំនាញបានរកឃើញថា ពួកវាជួយរាងកាយប្រយុទ្ធប្រឆាំងជាមួយបាក់តេរី និងវីរុស។
៦. ខ្ទឹមស និងខ្ទឹមបារាំង៖ មានផ្ទុកសារធាតុមានឈ្មោះថា quercetin និងសារធាតុដែលអាចប្រយុទ្ធប្រឆាំងជាមួយបាក់តេរី និងវីរុស នេះជាការលើកឡើងរបស់អ្នកជំនាញខាងចំណីអាហារ និងការបង្ករោគ ។
៧. យ៉ាអ៊ួ៖ មានផ្ទុកសារធាតុ probiotics ដែលអាចជួយឲ្យរាងកាយបង្កើតប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំក្នុងការប្រយុទ្ធប្រឆាំងជាមួយវីរុស ។
ទោះជាយ៉ាងនេះក្ដី ចំពោះស្ថានភាពបច្ចុប្បន្ន សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ប្រុងប្រយ័ត្ន និងការពារខ្លួនកុំឲ្យឆ្លងវីរុស Covid-19 ដោយគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាលឲ្យមានត្រឹមត្រូវ ៕
អត្ថបទដោយវេជ្ជបណ្ឌិត៖ ហួ ភារ៉ា