ស្រីៗពេលមកខែកុំភ្លេចថែស្បែកតាមជំហាននេះ បើចង់ឱ្យសាច់ចាំ ស្បែករលោងស្អាត
ស្រីៗគួរដឹង៣ជំហានថែស្បែកអំឡុងពេលមករដូវរាល់ខែ បើចង់ឱ្យសាច់ចាំ ស្បែករលោងស្អាត
ជាធម្មតាកើតមកជាមនុស្សស្រីរាងកាយតែងតែប្រែប្រួលរហូត ចាប់តាំងពីក្មេងរហូតដល់ធំ។ ជាពិសេសនៅអំឡុងពេលចាប់ផ្ដើមពេញវ័យ ស្រ្តីក៏ចាប់ផ្ដើមមានវដ្ដរដូវឡើងមកដូចគ្នាជាហេតុធ្វើឱ្យមានការប្រែប្រួលរូបរាងរួមទាំង ក្លាយជាវ័យដែលអាចមានបុត្រ(បង្កកំណើតបាន)។
ជាក់ស្ដែងតើមានស្រ្តីណាខ្លះ ដឹងថាពេលមករដូវយើងត្រូវថែរក្សាស្បែកបែបណាខ្លះ? ដើម្បីជួយឱ្យស្បែកយើងស្អាត សាច់ចាំ ជាពិសេសគឺជួយកាត់បន្ថយការឡើងមុនលើមុខ ឬក៏លើដងខ្លួន។ ព្រោះស្រីៗគ្រប់គ្នាច្បាស់ជាដឹងហើយថាពេលមករដូវ មុនភាគច្រើនក៏នឹងកើតឡើងលើមុខរបស់យើងដូចគ្នា មកពីការប្រែប្រួលរបស់អរម៉ូន ។ មួយវិញទៀតមិនត្រឹមតែឡើងមុនទេ ស្រីៗក៏ជួបប្រទះបញ្ហាលើសនេះជាច្រើនទៀត មានដូចជា អារម្មណ៍មិនល្អ ឈឺចុកចាប់ ចុកចង្កេះ ចុកខ្នងជាដើម។
ឥឡូវចូលមកដល់ប្រធានបទរបស់យើងវិញម្ដង ក្រុមការងារចាបបៃតង នឹងប្រាប់ជំហានថែរក្សាស្បែកអំឡុងពេលមករដូវ ឱ្យមានសុខភាពល្អ សាច់ចាំ ភ្លឺរលោងស្អាត នេះបើយោងតាមរយៈគេហទំព័រ ndtv។
ជំហានទី១៖ របបអាហារសម្រាប់ញុំានៅអំឡុងពេលមករដូវគឺជាពពួក អាស៊ីតខ្លាញ់អូមេហ្គា៣ ពពួកវីតាមីនEជាដើម។ ក្រុមអាហារទាំង២នេះគឺជួយធ្វើឱ្យស្បែករបស់អ្នកមានសុខភាពល្អ តាមរយៈជួយកាត់បន្ថយការរលាករបស់ស្បែក ធ្វើឱ្យស្បែកទន់មានសំណើម ជួយពន្យារភាពចាស់របស់ស្បែក ធ្វើឱ្យឈាមរត់ស្រួល។ ដូច្នេះបើអ្នកចង់ឱ្យស្បែករបស់អ្នកស្អាតសុខភាពល្អអាចញុំាពពួកអាហារទាំង២មុខនេះ ដែលមានដូចជាពពួកត្រី គ្រាប់ធញ្ញជាតិចម្រុះ និងបន្លែផ្លែឈើចម្រុះ។
ជំហានទី២ការរក្សាសំណើមដល់ស្បែក៖ ជាការពិតណាស់ យោងតាមការចែករំលែករបស់ វេជ្ជបណ្ឌិត អ៊ុត ចាន់ថា ឯកទេសសម្ភព និងរោគស្រ្តីប្រចាំនៅ មន្ទីរព្យាបាលស្រ្តី និងកុមារដំរី Domrey Mother & Child Clinic បានបញ្ជាក់ថាអរម៉ូនអឹស្រ្តូសែននៅក្នុងរាងកាយរបស់មនុស្សស្រីប្រែប្រួលខ្លាំងនៅអំឡុងពេលមុនមករដូវ និងពេលមករដូវ ដូច្នេះហើយបណ្តាលឱ្យសភាពស្បែករបស់មនុស្សប្រែទៅជាស្រអាប់ ខ្សោះជាតិ គ្មានសំណើម ស្ងួតខ្លាំង ជារឿងធម្មតា។ ដូច្នេះហើយ ការថែរក្សាស្បែករបស់អ្នកឱ្យមានសំណើមគឺជួយឱ្យស្បែកអ្នកនៅតែភ្លឺថ្លា រលោង មានសំណើមឡើងមកគឺជារឿងដែលអ្នកត្រូវតែធ្វើដើម្បីកាត់បន្ថយស្បែកស្រអាប់ ខ្សោះជាតិទឹកខ្លាំង ឬក៏ស្ងួតខ្លាំងឡើងមក។ ចំពោះការថែរក្សាស្បែកឱ្យមានសំណើមជាដំបូងអ្នកគួរតែពិសារទឹកឱ្យបានគ្រប់គ្រាន់ ញុំាពពួកអាហារសម្បូរជាតិទឹកឱ្យបានគ្រប់គ្រាន់គឺជួយដល់សុខភាពស្បែករបស់អ្នកបំផុត។
ជំហានទី៣លាងសម្អាតមុខ និងខ្លួនរបស់អ្នកឱ្យបានគ្រប់គ្រាន់៖ ការលាងមុខគឺមានសារសំខាន់ខ្លាំងព្រោះអាចជួយការពារមុខរបស់អ្នកពីការកើតមុនឡើងមក ដែលជាផលរំខានធំមួយសម្រាប់មនុស្សស្រីភាគច្រើន គឺមានន័យថាឱ្យតែដល់ថ្ងៃមករដូវឬក៏មុនថ្ងៃមក គឺចាប់ផ្ដើមកើតមុនពេញមុនតែម្ដង។ អាស្រ័យហេតុនេះហើយស្រីៗគួរតែលាងសម្អាតមុខរបស់អ្នកឱ្យមានត្រឹមត្រូវ២ដងក្នុង១ថ្ងៃប្រើទឹកសាបធម្មតាក៏បាន ទឹកក្ដៅឧណ្ហៗក៏បានតែទឹកធម្មតាល្អជាងដើម្បីការពារការកើតមុនទ្វេដង។
ជាចុងក្រោយ៣ជំហានខាងលើ គឺមានអត្ថប្រយោជន៍ច្រើនណាស់ សម្រាប់ជួយថែរក្សាស្បែករបស់បងប្អូនស្រីៗឱ្យនៅតែមានសំណើម ទន់រលោងស្អាត មិនស្ងួត បងប្អូនស្រីៗអាចសាកល្បងបាន៕