នាពេលបច្ចុប្បន្ននេះ បញ្ហាឫសដូងបាត កំពុងតែកើតមានច្រើនខ្លាំងណាស់ ចំពោះមនុស្សនៅជុំវិញពិភពលោក មិនថារស់នៅក្នុងប្រទេសណានោះឡើយ។ ជំងឺឫសដូងបាត (ជួនកាលគេហៅថាដុំពក) គឺជាសរសៃវ៉ែនដែលហើមនៅក្នុងរន្ធគូថ ដែលអាចបណ្តាលឱ្យមានការឈឺចាប់ រមាស់ និង ហូរឈាមតាមរន្ធគូទ ជំងឺឫសដូងបាតនេះផ្ទាល់គឺបែងចែកជា២គឺ ខាងក្នុងនិងខាងក្រៅ។
ដូច្នេះហើយ ដើម្បីជាចំណេះដឹងបន្ថែមទាក់ទិនទៅនឹងជំងឺឫសដូងបាត ថ្ងៃនេះផងដែរ ក្រុមការងារចាបបៃតង នាំអារម្មណ៍បងប្អូនមកស្វែងយល់បន្ថែមពីលក្ខណៈនៃជំងឺនេះទាំង២ប្រភេទ អំពីវិធីព្យាបាល ការពារក៏ដូចជាមូលហេតុអ្វីដែលនាំឱ្យកើតជំងឺនេះមកបែបនេះ?
យោងតាមការចែករំលែកតាមរយៈគេហទំព័រ clevelandclinic បានរៀបរាប់ថា ជំងឺឫសដូងបាតទាំងពីរប្រភេទនេះមានដូចជា៖
១.ឫសដូងបាតខាងក្នុង៖ ចំពោះឫសដូងបាតខាងក្នុង គឺកើតឡើងដោយសារតែសរសៃវ៉ែនហើមបង្កើតនៅខាងក្នុងរន្ធគូថ ដែលភ្ជាប់ជាមួយពោះវៀនធំទៅនឹងរន្ធគូថ។ ជំងឺឫសដូងបាតខាងក្នុងអាចបង្កជាអាការហូរឈាម ប៉ុន្តែជាធម្មតាវាមិនឈឺចាប់ទេឬក៏ធ្ងន់ធ្ងរនោះទេ។
២.ឫសដូងបាតខាងក្រៅ៖ ជំងឺប្រភេទទី២នេះ កើតឡើងដោយសារសរសៃវ៉ែនហើមបង្កើតនៅក្រោមស្បែកជុំវិញរន្ធគូថ បណ្ដាលឱ្យមានអាការ រមាស់ ហូរឈាម បណ្តាលឱ្យមានការឈឺចាប់ និងហើម។
រោគសញ្ញាជំងឺឫសដូងបាតមានដូចជា៖ រមាស់រន្ធគូថ ដុំរឹង ឬទន់នៅជិតរន្ធគូថដែលមានអារម្មណ៍ឈឺ ឬឈឺចាប់ ឬឈឺក្នុងរន្ធគូថ ជាពិសេសនៅពេលអ្នកអង្គុយ ការហូរឈាមតាមរន្ធគូថ មួយវិញទៀតការកើតជំងឺនេះអាចមកពីការកើត ជំងឺរលាកពោះវៀនធំ មហារីកពោះវៀនធំផងដែរ។
វិធីបង្ការ៖ ព្យាយាមញុំាទឹកឱ្យបានច្រើន ញុំាបន្លែផ្លឈើដែលមានជាតិសរសៃខ្ពស់ កុំអង្គុយក្នុងរយៈពេលយូរត្រូវឧស្សាហ៍ធ្វើចលនាដើរចុះឡើង ឈឺពោះប្រញាប់ទៅបង្គន់កុំទ្រាំទុកយូរពេក។
ការព្យាបាលជំងឺឫសដូងបាត៖ ព្យាបាលដោយវះកាត់មានដូចជាការវះកាត់យកឫសដូងបាតធំខាងក្រៅចេញ ឬរីកខាងក្នុងចេញ។ មួយទៀតការ stapling ឫសដូងបាត គឺគេប្រើឧបករណ៍ stapling យកឫសដូងបាតខាងក្នុង ឬទាញឫសដូងបាតខាងក្នុងដែលលេចចេញមកខាងក្នុងរន្ធ។ ម្យ៉ាងវិញទៀតអាចព្យាបាលដោយSclerotherapyគឺការប្រើសារធាតុគីមីចាក់ចូលទៅក្នុងសរសៃវ៉ែនហើម ដើម្បីទៅបំផ្លាញជាលិកា ឫសដូងបាត និងការព្យាបាលនៅផ្ទះប្រសិនបើមិនសូវធ្ងន់ធ្ងរដូចជាត្រាំក្នុងទឹកក្ដៅឧណ្ហៗ រយៈពេល ១០ ទៅ ២០ នាទីក្នុងមួយថ្ងៃ និងប្រើថ្នាំបញ្ចុះលាមក...ជាដើម។
ជាចុងក្រោយប្រសិនបើបងប្អូនទាំងអស់គ្នាកើតជំងឺឫសដូងបាតប្រភេទណាក៏ដោយ ហើយមានអាការឈាមហូរតាមរន្ធគូទមិនឈប់មានការឈឺចាប់ខ្លាំង គ្រុនក្ដៅឈឺពោះខ្លាំង ក្អួតចង្អោរ...ជាដើម សូមកុំនៅព្យាបាលនៅផ្ទះអី ប្រញាប់ទៅជួបគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ ចៀសវាងមានផលប៉ះពាល់ដល់អាយុជីវិតនៅថ្ងៃមុខ៕
អត្ថបទដោយ៖ ប៉ែត ធីតា