ការរស់ក្នុងភាពរីករាយស្ថិតលើទម្លាប់របស់យើង។ ដូចជាលោកយាយ Kathleen Hennings មានអាយុវែងរហូតដល់ ១០៥ឆ្នាំ ហើយគាត់ធ្លាប់ធ្វើការជាគណនេយ្យកររហូតដល់ចូលនិវត្តន៍។។ ទម្លាប់នាំគាត់មានអាយុវែងនោះគឺគាត់មិនរៀបការ និងផឹកស្រាបៀរទឹកខ្មៅ Guinness ជារៀងរាល់ថ្ងៃកម្រិតតិច នេះជាអាថ៌កំបាំងសម្រាប់ជីវិតដ៏យូរអង្វែង និងភាពសប្បាយរីករាយក្នុងជីវិតរបស់គាត់។ ការមិនរៀបការនេះ ធ្វើឱ្យលោកយាយរីករាយជាមួយជីវិតខ្លួនឯង មិនខ្លាចការឈឺចាប់ ចេះតែសប្បាយចិត្តរហូតនាំឱ្យគាត់មានអាយុវែងរហូតដល់ ១០៥ឆ្នាំ។
នៅក្នុងជីវិតប្រចាំថ្ងៃរបស់លោកយាយអាយុ ១០៥ ឆ្នាំរូបនេះតែងតែហាត់រាំជារៀងរាល់យប់នៅក្នុង Covent Garden។ គាត់តែងទៅលេងល្ខោនអូប៉េរ៉ា និងរាំរបាំបាឡេជាញឹកញាប់វាធ្វើគាត់សប្បាយចិត្ត។ ហើយលោកយាយប្រាប់ថា ការរស់នៅឱ្យបានយូរ យើងគួរមានទម្លាប់ញ៉ាំបន្លែឱ្យបានច្រើន និងធ្វើហាត់ប្រាណជាប្រចាំ។
យោងតាមអ្នកជំនាញបញ្ជាក់ថា ស្រាបៀរខ្មៅ Guinness ពិតជាមានអត្ថប្រយោជន៍មានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើនដែលល្អសម្រាប់សុខភាព។ ភេសជ្ជៈនេះមានកាឡូរីទាបជាងស្រាបៀរដទៃ។ សូមអ្នកពិសារស្រាក្នុងកម្រិតមួយកែវ ឬពីរកែវក្នុងពេលហូបអាហារជុំគ្នាដើម្បីបង្កើតភាពរីករាយជុំគ្រួសារ។ តាមអ្នកឯកទេសអាហារូបត្ថម្ភ Kerry Torrens និយាយថា ស្រា Guinness មានសមាសធាតុរុក្ខជាតិប្រឆាំងអុកស៊ីតកម្មហៅថា polyphenols ជួយជម្រុញពោះវៀនឱ្យមានសុខភាពល្អ៕ អត្ថបទដោយ៖ ទ្រ សុភាព