ចំណងជើងអត្ថបទប្រហែលជាបង្កើតការសង្ស័យឱ្យបងប្អូនមិត្តអ្នកអានជាមិនខាន ថាតើក្រោយសាច់រឿងជីវិតពិតរបស់ម្ចាស់សាច់រឿងមានលក្ខណៈបែបណាខ្លះ គាត់ឈឺអ្វីហើយធ្វើបែបណាទើបរកឃើញក្តីស្រមៃខ្លួនក្រោយពីធ្វើការឱ្យគេអស់រយៈពេល១៥ឆ្នាំ។ ក្រុមការងារចាបបៃតង បានធ្វើការសម្ភាសផ្ទាល់នូវសាច់រឿងពិតពីប្រវត្តិរបស់អ្នកនាង សេង សំណាង ទាក់ទងនឹងបញ្ហាខាងលើ ទើបដឹងថាដំណើរដើមទងនៃការរកឃើញអាជីវកម្មនីមួយមិនមែនជារឿងងាយស្រួលឡើងសម្រាប់ម្ចាស់អាជីវកម្មផ្ទាល់។
ក្រោយបញ្ចប់ការសម្ភាសបានឱ្យដឹងថា អ្នកនាង សេង សំណាង ធ្លាប់ធ្វើជាបុគ្គលិកឱ្យគេប្រមាណជាង១៥ឆ្នាំរួចមកហើយ មុននឹងឈានជើងចូលក្នុងវិស័យកសិពាណិជ្ជកម្មនេះ។ អ្នកនាងធ្លាប់ធ្វើការជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល អស់រយះពេល ១៤ឆ្នាំ ដែលរ៉ាប់រងនូវតួនាទីផ្នែកសហគមន៍អស់រយៈពេល៦ឆ្នាំ និងបន្ថែមចូលតួនាទីផ្នែកគណនេយ្យ៨ឆ្នាំទៀត។ ជីវិតជាអ្នកធ្វើការមិនទាន់ចប់ត្រឹមនេះទេ បន្ទាប់ពីធ្វើការជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាអស់១៤ឆ្នាំរួចហើយនោះ អ្នកនាងបានបន្តធ្វើការងារផ្នែកផលិតនិងកែច្នៃចំណីអាហារនៅក្រុមហ៊ុនក្នុងមួយកន្លែងនៅប្រទេសកម្ពុជាផងដែរ។
រហូតមកដល់បច្ចុប្បន្ននេះអ្នកនាង សេង សំណាង បានក្លាយខ្លួនជាម្ចាស់រោងចក្រធុនមីក្រូ ដែលផលិតនូវផលិតផលសុខភាពច្នៃចេញពីកសិផលក្នុងស្រុក ដើម្បីលើកស្ទួយផលិតផលនិងវត្ថុធាតុដើមក្នុងស្រុកឱ្យមានទីផ្សារ ដែលមានដូចជា ម្សៅចេក ម្សៅខ្ញី ម្សៅខ្ជាយ ម្សៅរមៀត ម្សៅពន្លៃ ម្សៅរំដេង ដែលសុទ្ធតែជាប្រភេទអាហារបំប៉នសុខភាបបែបធម្មជាតិទាំងអស់។ តាមរយៈកិច្ចសម្ភាសបានឱ្យដឹងថា មុននឹងអ្នកនាងសម្រេចចិត្តចូលប្រឡូកក្នុងវិស័យនេះនិងធ្វើជាម្ចាស់អាជីវកម្មខ្លួនឯងដោយសារតែកត្តាធំមួយ គឺស្ថានភាពសុខភាពខ្លួនឯងតែម្តង។
កាលពីជាង១០ឆ្នាំកន្លងនេះ អ្នកនាងតែងតែមានបញ្ហាសុខភាពទាក់ទងនឹង ផ្នែកក្រពះនិងពោះវៀន។ ដោយសារតែពុំសូវមានការយល់ដឹងពីរបៀបថែទាំសុខភាពផងនោះ អំឡុងពេលប៉ុន្មានឆ្នាំនោះអាចនិយាយបានថា អ្នកនាងចូលពេទ្យជាញឹកញាប់គួរសម។ ពីមួយទៅមួយថ្ងៃ អ្នកនាងក៏ចេះតែទទួលបានអារម្មណ៍ថាព្រួយបារម្មណ៍យ៉ាងខ្លាំងពីបញ្ហាសុខភាពនេះ។ ដោយសារតែក្តីបារម្ភពីសុខភាព ខ្លាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរ បូករួមនឹងមានអ្នកណែនាំឱ្យទាក់ទងទិញផលិតផលធម្មជាតិមកញ៉ាំ អ្នកនាងក័ធ្វើការបញ្ជាទិញផលិតផលកែច្នៃទាំងនោះនិងពីប្រទេសជិតខាង(ថៃ)។
លុះដល់ពេលប្រើទៅបានផលពិតមែន លែងសូវឈឺក្រពះ លែងសូវមានបញ្ហាចូលពេទ្យដូចមុនទៀត ក៏ចាប់ផ្តើមមានគំនិតថា ផលិតផលធម្មជាតិចឹងនៅក្នុងស្រុកយើងក៏មានសម្បូរបែបដែរហេតុអីយើងមិព្យាយាមសិក្សាហើយផលិតខ្លួនឯង ចាំបាច់ទិញពីក្រៅប្រទេសធ្វើអ្វី ខណៈពេលនោះខ្លួនអ្នកនាងផ្ទាល់ក៏មានដីចំការដំណាំប្រភេទនេះដែរ។ គិតឃើញបែបនេះហើយទើបជំរុញឱ្យអ្នកនាងសម្រេចចិត្តធ្វើអាជីពមួយនេះ ដោយខិតខំសិក្សាស្រាវជ្រាវលើវិស័យកសិកម្ម និងឧស្សាហកម្ម ហើយបើកសិប្បកម្មផលិតនូវផលិតផលសុខភាពសម្រាប់ប្រជាជនខ្មែរនៅក្នុងស្រុកតែម្តងទៅ ។ សព្វថ្ងៃសិប្បកម្មរបស់អ្នកនាង ក៏បានផលិតបានផលិតផលចំនួន១០មុខរួចមកហើយមានដូចជាៈ
១. ម្សៅចេកសុខភាព
២. ម្សៅចេកសុខភាព សម្រាប់អ្នកជំងឺទឹកនោមផ្អែម
៣. ម្សៅខ្ញីសុខភាព
៤. ម្សៅរមៀតសុខភាព
៥. ម្សៅពន្លៃសុខភាព
៦. ម្សៅរំដេងសុខភាព
៧. ម្សៅខ្ជាយសុខភាព
៨. ស្ក្រាប់ខាត់ស្បែក
៩. ឈុតថ្នាំឆ្ពង់សុខភាព
១០. ចេកឆាបអំបិលម្ទេស
អ្វីដែលកាន់តែគួរឱ្យសរសើរនោះគឺ អ្នកនាងបាននិយាយថានេះគឺជាអាជីពដែលអ្នកនាងធ្វើដោយក្តីស្រលាញ់។ នៅក្នុងមួយខែៗផលិតផលគ្រប់មុខលក់ចេញបានយ៉ាងតិចណាស់ ក៏បាន៣០០កំប៉ុងដែរ ចំណែកឯម្សៅចេកសុខភាពវិញគឺជាផលិតផលដែលលក់ដាច់បំផុត លក់បានដល់ទៅ១០០០កញ្ចប់ក្នុង១ខែ។ សូមរម្លឹកផងដែរថា រាល់ផលិតផលទាំងអស់សុទ្ធតែផ្តល់គុណប្រយោជន៏យ៉ាងមហាសាលទៅដល់អ្នកប្រើប្រាស់។ ជាក់ស្តែង ម្សៅចេកសុខភាពតែមួយមុខ មានផ្ទុកទៅដោយវីតាមីន មានផ្ទុកសារធាតុរ៉ែ និងសាធាតុសរីរាង ល្អសម្រាប់អ្នកម្តាយ កំពុងពរពោះ ទារកអាយុចាប់ពី៦ខែឡើងទៅ រហូតដល់ពេញវ័យ និងមនុស្សចាស់ ហើយវាក៏ជាអាហារដែលមានផ្ទុកនូវសារធាតុចិញ្ចឹម កាល់ឡូរី ប៉ូតាស្យូម ជាតិកាកសរសៃ វីតាមីនA វីតាមីនB វីតាមីនC ជាតិដែក វីតាមីនB-6 និង ម៉ាញ៉េស្យូមល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ដោះស្រាយបញ្ហាអាសុីតក្នុងក្រពះ ចុកឆ្អល់ ក្តៅក្នុងពោះ ភើញាប់ និងអត្ថប្រយោជន៍សុខភាពជាច្រើនផ្សេងទៀត៕
អត្ថបទដោយ៖ កញ្ញា លីហួយ