មានបងប្អូនមិនតិចទេ តែរអ៊ូថាយប់ឡើង “ឈឺនោមញឹកនោះញឹក”ដាច់ដំណេកអស់។ ដោយសារតែបត់ជើងតូចញឹកញាប់ ធ្វើឱ្យបងប្អូនមួយចំនួនមិនហ៊ានសូម្បីផឹកទឹក អ្នកខ្លះទៀតបត់ជើងញឹកញាប់រហូតរំខានដំណេក កំពុងគេងលក់ស្រួលសុខៗ ត្រូវក្រោកទាំងយប់ក៏មាន។ ផ្អែកតាមការចែករំលែកពីClevelandclinic ការនោមញឹកញាប់គឺជាផលរំខានដ៏សាមញ្ញ នៅពេលដែលយើងកាន់តែចាស់ឬអាយុកាន់តែច្រើន រាងកាយនឹងផលិតអ័រម៉ូនតិច ត្រូវការរក្សាសារធាតុរាវ ធ្វើឱ្យប្លោកនោមបំពេញកាន់តែលឿន ហើយមិនអាចទប់ទឹកនោមមិនបានច្រើនត្រូវបញ្ចេញមកក្រៅ។
យោងតាមប្រភពដដែល ដើម្បីកែបញ្ហាបត់ជើងតូចច្រើននៅពេលយប់អ្នកអាចអនុវត្តវិធីខាងក្រោមជាប្រចាថ្ងៃបាន៖
១ តាមដានចំនួននៃការនោមរបស់អ្នក៖ តាមដានការផឹកទឹករបស់អ្នក ១ថ្ងៃផឹកប៉ុន្មានលីត្រ?បត់ជើងតូចប៉ុន្មានដង? តើផឹកពេលថ្ងៃច្រើន ឬផឹកយប់ច្រើន?វេជ្ជបណ្ឌិត Slopnick និយាយថា "ប្រសិនបើអ្នកនោមច្រើនជាង១០ដងក្នុងរយៈពេល ២៤ម៉ោង នោះប្រហែលជាច្រើនពេកហើយ"។ ហេតុនេះអ្នកអាចមើលឡើងវិញថាអ្នកផឹកទឹកច្រើនពេកឬអត់?បើច្រើនពេកអាចសាកល្បងបន្ថយមកវិញ។ ប្រសិនបើផឹកទឹកតិចៗទេ ប៉ុន្តែនោមច្រើនខុសធម្មតាអាចមកពីអ្នកមានបញ្ហាសុខភាព គួរឆាប់ទៅជួបគ្រូពេទ្យ។
២ គ្រប់គ្រងសារធាតុរាវមុនចូលគេង៖ ក្រៅពីទឹក ការទទួលទានស្រា ឬភេសជ្ជៈមានជាតិកាហ្វេអ៊ីនច្រើន ដូចជាកាហ្វេ តែ ភេសជ្ជៈកំប៉ុង សុទ្ធតែអាចជំរុញប្លោកនោមធ្វើឱ្យបត់ជើងតូចច្រើនពិសេសពេលយប់។ ហេតុនេះអ្នកគួរតែកុំទទួលទានភេសជ្ជៈទាំងនេះមុនចូលគេង ឬពេលល្ងាច ព្រមទាំងកាត់បន្ថយការទទួលទានទឹកមុនគេង២ម៉ោង អាចទទួលទានបានប៉ុន្តែកុំទទួលទានច្រើនពេកនៅពេលល្ងាចឬមុនគេង។
៣ ធ្វើលំហាត់ប្រាណ៖ ពេលថ្ងៃដើរឬអង្គុយច្រើន ជាហេតុនាំឱ្យសារធាតុរាងប្រមូលផ្ដុំនៅចុងជើង ឬកជើង ហើយក៏អាចធ្វើឱ្យមានបញ្ហាហើមជើងផងដែរ។ នៅពេលអ្នកគេងយប់ សារធាតុរាវទាំងនោះវាឡើងមកផ្នែកខាងលើវិញបញ្ចូលដល់ក្រលៀនឱ្យដំណើរការ ធ្វើឱ្យអ្នកនោមញឹកញាប់។ វិធីល្អបំផុតអ្នកអាចពាក់ស្រោមជើង ហើយធ្វើលំហាត់ប្រាណនៅពេលល្ងាច ដើម្បីបញ្ចេញជាតិទឹកមកក្រៅ ជួយសម្រាលការនោមញឹកពេលយប់។
៤ លើកជើង៖ មនុស្សម្នាក់ៗត្រូវចំណាយពេលអង្គុយមិនតិចម៉ោងទេនៅពេលថ្ងៃ។ ចំណុចនេះអាចទាក់ទងគ្នានិងចំណុចទី៣ដែរ។ ហេតុនេះពេលអ្នកអង្គុយថ្ងៃអ្នកគួរតែព្យាយាមធ្វើចលនាជើង អាចលើកវាចុះឡើង ឬកល់ជើងឱ្យខ្ពស់បន្តិច នោះវានឹងធ្វើឱ្យអ្នកបត់ជើងតូចពេលថ្ងៃច្រើនជាងបត់ជើងតូចច្រើនរំខានដំណេកពេលយប់។
ជាមួយគ្នានេះ តាមការលើកឡើងរបស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានឱ្យដឹងថា ប្រសិនបើក្នុង១ថ្ងៃនោមពី៤ទៅ៨ដង នោះចាត់ទុកថាសុខភាពល្អធម្មតា ប៉ុន្តែបើនោមលើសពី៨ដងឡើងក្នុង១ថ្ងៃ អាចមកពីកត្តា២ទៅ១ការផឹកទឹកច្រើន និងទី២អាចមកពីយើងមានបញ្ហាសុខភាព។ បញ្ហាទាំងនោះអាចជារោគសញ្ញានៃជំងឺទឹកនោមផ្អែម បញ្ហាក្រពេញប្រូស្តាតសម្រាប់មនុស្សប្រុស បណ្ដាលមកពីការរលាកប្លោកនោម អាចមកពីការញ៉ាំថ្នាំ អាចមកពីជំងឺបញ្ហាប្រព័ន្ធប្រសាទដែលមិនអាចគ្រប់គ្រងបានធ្វើឱ្យនោមញឹកញាប់។
ហេតុនេះចូរសង្កេតមើលខ្លួនឯង បើផឹកទឹកច្រើនពេក អាចកាត់បន្ថយមកវិញ ប្រសិនបើផឹកទឹកតិចឬបន្ថយមកវិញហើយនៅតែនោមច្រើនទៀត សូមលើកទឹកចិត្តឱ្យអ្នកទៅពិនិត្យសុខភាពជាគ្រូពេទ្យជំនាញ៕
អត្ថបទដោយ៖ Senghong