ឈាមរដូវជារៀងរាល់ខែរបស់មនុស្សស្រីពិតជាសំខាន់ណាស់ ជាពិសេសពណ៌ឈាមរដូវ ប្រៀបដូចជា សារមួយបញ្ជាក់នូវទិន្នន័យសុខភាពជាប្រចាំរបស់ស្ត្រីគ្រប់រូបដែលគួរយកចិត្តទុកដាក់បំផុត។ ជាទូទៅក្នុងអំឡុងពេលមករដូវ រាងកាយនឹងបញ្ចេញជាលិកា និងឈាមចេញពីស្បូនតាមទ្វារមាស។ ដោយការហូរឈាមនេះអាចប្រែប្រួលពីក្រហមភ្លឺទៅពណ៌ត្នោត ឬខ្មៅ អាស្រ័យលើអាយុ និងស្ថានភាពសុខភាពរបស់មនុស្សស្រីគ្រប់រូប។
តួយ៉ាង បើផ្អែកទៅតាមប្រភពចេញផ្សាយរបស់គេហទំព័រ medicalnewstoday បានលើកឡើងអំពីស្ថានភាពសុខភាពនៃពណ៌រដូវក្រហមប្រែទៅជាខ្មៅ ប្រសិនបើទុកនៅយូរទៅអាចនឹងជះផលរឹតតែអាក្រក់ដល់ស្ថានភាពសុខភាពស្ត្រី៖
១. ខ្មៅ ៖ ឈាមរដូវពណ៌ខ្មៅ អាចលេចឡើងនៅដើម ឬចុងបញ្ចប់នៃការមករដូវ ដោយជាធម្មតា វាគឺជាសញ្ញានៃឈាមចាស់ ឬឈាមដែលចំណាយពេលយូរ ដើម្បីចាកចេញពីស្បូន ហើយមានពេលធ្វើអុកស៊ីតកម្មដោយអាចនឹងធ្វើឱ្យឈាមប្រែទៅជាពណ៌ត្នោត ឬក្រហមងងឹត និងបន្ទាប់មកក្លាយជាពណ៌ខ្មៅ។ជួនកាលឈាមខ្មៅក៏អាចបង្ហាញពីការស្ទះឈាមនៅខាងក្នុងទ្វារមាសផងដែរ និងលេចចេញជារោគសញ្ញាផ្សេងទៀតរួមមាន ការបញ្ចេញក្លិនមិនល្អ គ្រុនក្តៅ ពិបាកក្នុងការនោម រមាស់ ឬហើមខាងក្នុង ឬជុំវិញទ្វារមាស។ ចំពោះលក្ខខណ្ឌមួយនេះ អាចនឹងជាសញ្ញាណមិនល្អទាក់ទងនឹងស្បូន ហេតុនេះគួរប្រញាប់ទៅជួយពេទ្យជំនាញ ដើម្បីប្រឹក្សាយោបល់ និងព្យាបាលឱ្យបានទាន់ពេលវេលា។
២. ពណ៌ត្នោត ឬក្រហមងងឹត៖ ឈាមពណ៌ត្នោត ឬក្រហមងងឹត គឺជាសញ្ញានៃឈាមចាស់ ហើយវាអាចលេចឡើងនៅដើម ឬចុងបញ្ចប់នៃរដូវដូចទៅនឹងឈាមពណ៌ខ្មៅដែរ។ ប៉ុន្តែឈាមពណ៌ត្នោត ឬក្រហមងងឹតមិនមានរយៈពេលយូរដូចឈាមខ្មៅទេ វាអាចលេចឡើងក្នុងលក្ខខណ្ឌផ្សេងៗរួមមាន
- មានផ្ទៃពោះ៖ ជួនកាលការមានឈាមពណ៌ត្នោត ឬក្រហមងងឹត ប្រៀបដូចស្នាមប្រឡាក់ អាចជាសញ្ញាដំបូងនៃការមានផ្ទៃពោះដែលគ្រូពេទ្យហៅថា ជាការហូរឈាមដោយផ្សាំ។ ទន្ទឹមនឹងនេះផងដែរ ការបញ្ចេញទឹករំអិល ឬឈាមពណ៌ត្នោត ឬក្រហមចាស់ អំឡុងពេលមានផ្ទៃពោះ អាចបង្ហាញពីការរលូតកូន ឬការមានផ្ទៃពោះក្រៅស្បូន ដែលជាពេលដែលស៊ុតបង្កកំណើតនៅក្នុងបំពង់ fallopian ជំនួសឱ្យស្បូន។ វាជារឿងចាំបាច់បំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ ត្រូវតែយកចិត្តទុកដាក់ ពីបញ្ហានៃការហូរឈាមតាមទ្វារមាសអំឡុងពេលមានផ្ទៃពោះ ប្រសិនបើមានបញ្ហានេះត្រូវទៅជួបគ្រូពេទ្យ ឬគ្រូពេទ្យសម្ភពជាបន្ទាន់។
- សម្រាលកូនរួច៖ ទឹករំអិលទ្វារមាសពណ៌ក្រហម ឬត្នោតដែលកើតឡើងក្រោយពេលសម្រាលត្រូវបានគេហៅថា lochia ឬការហូរឈាមក្រោយសម្រាល។ Lochia មិនមែនជាមូលហេតុដែលគួរឱ្យការព្រួយបារម្ភទេ ពីព្រោះថា វាជាមធ្យោបាយដែលរាងកាយបណ្តេញឈាម និងជាលិកាដែលលើសចេញពីស្បូន។
រយៈពេលនៃ lochia ប្រែប្រួល ត្រូវឆ្លងកាត់ក្នុងរយៈពេលពីរបីខែដំបូង បន្ទាប់ពីការសម្រាល។ ចំពោះស្ត្រីដែលមានការហូរឈាមខ្លាំងក្រោយសម្រាលកូនគួរទៅជួបគ្រូពេទ្យ។
៣. ឈាមពណ៌ប្រផេះ ៖ ពណ៌ឈាមប្រផេះ ជាធម្មតាជាសញ្ញានៃជំងឺបាក់តេរីទ្វារមាស ជាស្ថានភាពដែលកើតឡើងដោយសារតែអតុល្យភាពរវាងបាក់តេរីមានប្រយោជន៍ និងបញ្ហាសុខភាពនៅក្នុងទ្វារមាស។ រោគសញ្ញាផ្សេងទៀតនៃជំងឺរលាកទ្វារមាស ឬមានបាក់តេរីក្នុងទ្វារមាសរួមមាន៖
- រមាស់ក្នុង និងជុំវិញទ្វារមាស
- ក្លិនទ្វារមាសមានក្លិនមិនល្អ ដែលគេតែងតែនិយាយថា ជាក្លិនឆ្អាប
- នោមឈឺ
ចំពោះអ្នកដែលមានរោគសញ្ញាទាំងអស់ គួរតែទៅជួបគ្រូពេទ្យរោគស្ត្រីជាបន្ទាប់ ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលាចៀសវាងការកើតនូវបញ្ហាជំងឺស្បូនផ្សេងៗ៕
អត្ថបទដោយ៖ ប៉ាវ ភក្តី