តាមការសិក្សាថ្មីៗនេះ ខាងអ្នកវិទ្យាសាស្ត្របានរកឃើញថា បុរសខ្សោយចំណង់ផ្លូវភេទ ទំនងជាទទួលរងនូវការស្លាប់មុនអាយុលឿនជាងពេលធម្មតា។ តាមពិតទៅ! ការរួមភេទមានអត្ថប្រយោជន៍ចំពោះសុខភាព បង្កើនក្តីស្រឡាញ់ និងអស់ស្រ្តេសបង្កើតក្តីសុខ។ ផ្ទុយទៅវិញ អ្នកស្រាវជ្រាវបានរកឃើញថា បុរសខ្សោយចំណង់ផ្លូវភេទ ច្រើនតែមានរោគសញ្ញាចំពោះបញ្ហាសុខភាពដែលអាចបង្កើនហានិភ័យជំងឺរ៉ាំរ៉ៃរួមមានបញ្ហាសរសៃឈាមបេះដូង ភាពធាត់ និងទម្លាប់រស់នៅមិនល្អជាដើម។ នេះជាការយោងតាម EVEXIAS Health Solutions។
យោងតាម LONGEVITY បានចុះផ្សាយថា មូលហេតុនាំបុរសភាគច្រើនមានសមត្ថភាពផ្លូវភេទ ឬគ្មានអារម្មណ៍រួមភេទជាមួយដៃគូ ព្រោះតែជំងឺធ្លាក់ទឹកចិត្ត ភាពតានតឹង ស្រ្តេស ការបាត់បង់សាច់ដុំ ការថយចុះកម្លាំង ខ្លាញ់រាងកាយកើនឡើង គេងមិនគ្រប់គ្រាន់ មានជំងឺប្រចាំកាយ និងបរាជ័យលើរឿងអ្វីមួយ។ កត្តាធំទាំងអស់នេះហើយជម្រុញឱ្យបុរសប្រើប្រាស់គ្រឿងស្រវឹង ការជក់បារី ធ្វើឱ្យសុខភាពកាន់តែបញ្ហាធ្ងន់ធ្ងរ។ រួចបញ្ហានេះក៏ឆ្លងដល់បញ្ហាមួយទៀតគឺបញ្ហាងាប់លិង្គ (ED) មិនត្រឹមតែជារោគសញ្ញានាំឱ្យអ័រម៉ូនតេស្តូស្តេរ៉ូនចុះទាបនោះទេ ជាមូលហេតុចម្បងឱ្យបុរសខ្សោយការរួមភេទមួយជាន់បន្ថែមទៀត ព្រោះតែខ្វះលំហូរឈាមទៅលិង្គ។
ការងាប់លិង្គមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលំហូរឈាម ជាកត្តាប្រឈមនឹងជំងឺបេះដូងថែមទៀត។ នៅផ្នែកម្ខាងទៀតក៏មានទំនាក់ទំនងនឹងស្ថានភាពជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមដែលមានជាតិខ្លាញ់លើសកម្រិតក្នុងលំហូរសរសៃឈាមផងដែរ។ បើអ្នកសង្កេតឃើញថាខ្លួនឯងកំពុងមានបញ្ហាខ្សោយចុះនៅចំណង់ផ្លូវភេទ គួរតែសាកល្បង ទទួលទានអាហារដែលជួយប៉ូវផ្លូវភេទដូចជាអយស្ទ័រ ត្រីសាលម៉ុន ស្រាក្រហម ផ្លែចេក ផ្លែម្នាស់ ផ្លែទទឹមជាដើម។ ក្រៅពីនោះគួរកាត់បន្ថយគ្រឿងស្រវឹង គេងឱ្យបានគ្រប់គ្រាន់ កាត់បន្ថយស្ត្រេស ធ្វើលំហាត់ប្រាណ ជាដើម៕ អត្ថបទដោយ៖ ទ្រ សុភាព