នាយកដ្ឋានឧតុនិយមថៃ(TMD) បានចេញសេចក្តីជូនដំណឹងឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នឱ្យមែនទែន នៅថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ នឹងមានភ្លៀងធ្លាក់កម្រិតខ្លាំង ៣ថ្ងៃជាប់គ្នា បូកផ្សំជាមួយខ្យល់កន្រ្តាក់ ផ្គររន្ទះ ហានិភ័យអាចកើតមានទឹកជំនន់ភ្លាមៗ។ នេះប់យោងតាមការចុះផ្សាយរបស់ thethaiger ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។
TMD បានរាយការណ៍ថា ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី០៧នេះ ដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី០៨ ព្យាករណ៍ថា ៤០% នៃតំបន់ភាគខាងជើងនឹងមានផ្គររន្ទះ ខ្យល់កន្រ្តាក់ សីតុណ្ហភាពនឹងឡើងដល់អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ និងអតិបរមាពី ៣៤ ទៅ ៣៧ អង្សាសេ។ ដោយមានខ្យល់បក់ពីនិរតីក្នុងល្បឿនលឿនពី ១០ ទៅ ២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ខ្យល់មូសុងនិរតីកម្រិតមធ្យមនៅតែបន្តបោកបក់លើសមុទ្រ Andaman ប្រទេស ថៃ និងឈូងសមុទ្រ ថៃ ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់កម្រិតខ្លាំង។ ជាពិសេសនៅតំបន់សមុទ្រ កម្ពស់ទឹករលកមានពី១ទៅ២ម៉ែត្រ ហើយនៅតំបន់ដែលមានភ្លៀងធ្លាក់ រលកអាចមានលើសពី២ម៉ែត្រ។
ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី១០ ខែកក្កដា ភ្លៀងកម្រិតខ្លាំង ខ្យល់កន្រ្តាក់នឹងគ្របដណ្តប់តំបន់ភាគខាងជើង ភាគឦសាន និងតំបន់កណ្តាល រួមទាំងទីក្រុងបាងកក និងខេត្ត Nonthaburi ភាគខាងកើត និងភាគខាងត្បូង។ សេចក្តីជូនដំណឹងនេះ បានដាស់តឿនប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ពីភ្លៀងធ្លាក់ខ្លាំងដែលអាចបង្កឲ្យមានជំនន់ទឹកភ្លៀង និងទឹកហូរកាត់ព្រៃឈើ។ តំបន់ជនបទនៅជិតជម្រាលភ្នំ តំបន់នៅជិតផ្លូវទឹក បង្កើនការប្រុងប្រយ័ត្នឱ្យខ្លាំង៕
អត្ថបទដោយ៖ គន្ធា